• 2020-03-28 01:30:00
  • ព័ត៌មាន

ចូលរួមទប់ស្កាត់កូវីដ១៩ «ធីតាឯកសង្ក្រាន» បានផ្តល់ម៉ាសជិត ២ម៉ឺនជូនពេទ្យរុស្សី និង​ចាក់អង្រែក្រោម

  • 2020-03-28 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​២៧ មីនា ២០២០ ក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធេនម៉ិន ឯ.ក (FUN Entertainment) បាន​ដឹក​នាំ​ បេក្ខនារី «ធីតា​ឯក​សង្ក្រាន» ដែល​បាន​ឆ្លង​កាត់​វគ្គ​ជម្រុះ​សម្ភាសន៍​ផ្ទាល់​មាត់​ចូល​រួម​នូវ​សកម្មភាព​សប្បុរសធម៌ ដោយបានឧបត្ថម្ភម៉ាស និងសំភារៈពេទ្យមួយចំនួន ជូនដល់មន្ទីរពេទ្យ​មិត្តភាព​ខែ្មរ-សូវៀត និង មណ្ឌលសុខភាពបង្អែក ចាក់​អង្រែ​ក្រោម។​

អំណោយ​សប្បុរសធម៌​រួម​មានម៉ាស ១៧,៥០០ម៉ាស និង​ឈុត​ការពារ មេរោគ​សម្រាប់​ពេទ្យ ១១០កំផ្លេ និង​ វែនតា​ពាក់​ការពារមេរោគ ១៨០វែនតា សម្រាប់​ទី​តាំង​មន្ទីរ​ពេទ្យ​ទាំង​ពីរ​ខាង​លើ។

ជាក់​ស្តែង​ មេរោគ​កូរ៉ូណា ឬ កូវីដ១៩ កំពុង​រីក​រាល​ដាល​យ៉ាង​ខ្លាំង​ជុំវិញ​ពិភពលោក​ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ តួ​យ៉ាង​ មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា- សូវៀត ឬ ពេទ្យ​រុស្សី ត្រូវ​បាន​កំណត់​ជា​ មន្ទីរពេទ្យ​គោល​ក្នុង​ការ​ទទួល​ពិនិត្យ​ធ្វើ​រោគវិនិច្ឆ័យ​មេរោគ​នេះ ឯ​មណ្ឌល​សុខភាព​បង្អែក ចាក់​អង្រែ​ក្រោម គឺ​ជា​ទីតាំង​មួយ​សម្រាប់​ដាក់​អ្នក​ជំងឺ​ដាច់​ដោយ​ឡែក​នា​ពេល​បច្ចុប្បន្ន​នេះ។

« យើង​ចង់​ចូលរួម​លើកទឹកចិត្ត​ដល់​គ្រូ​ពេទ្យ​ជួរ​មុខ ដែល​កំពុង​ដុត​ដៃ​ដុត​ជើង ​មើល​ថែ​អ្នក​ជំងឺ​ដោយ​ផ្ទាល់​ និង​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ​កូវីដ​១៩ ។ យើង​សង្ឃឹម​ថា​ការ​ផ្តល់​ជូន​នេះ​ នឹង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ប្រើ​ប្រាស់​ភ្លាមៗ​ រួម​ទាំង​អាច​ជួយ​សម្រាល​ដល់​កិច្ច​ការងារ​របស់​ពួក​គាត់​ក្នុង​គ្រា​នេះ» ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ អ្នក​នាង សំណាង ពុទ្ធានី អ្នក​នាំ​ពាក្យ និង​ជា​តំណាង​ក្រុមហ៊ុន ហ្វឺស យូណាយ ណេត​វើក អេន​ធើ​ធេន​ម៉ិន ឯ.ក (FUN Entertainment) ។

ជាមួយ​គ្នា​នោះ អ្នក​នាំ​ពាក្យ របស់​ក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេន​ធើ​ធេនម៉ិន ឯ.ក (FUN Entertainment)​ អ្នក​នាង សំណាង ពុទ្ធានី បាន​អំពាវ​នាវ ដល់​ជន​រួម​ជាតិ ទូទាំង​ប្រទេស​ទាំងអស់ សូម​ចូល​រួម​ទាំងអស់​គ្នា​ក្នុង​ការ​បង្ការ និង​ទប់​ស្កាត់​នូវ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ COVID-19 ដោយ​រក្សា​នូវ​អនាម័យ លាង​សំអាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ជា​ពិសេស​សូម​រក្សា​គម្លាត​ពី​គ្នា​យ៉ាង​តិច​ពី ១,៥ម៉ែត្រ ទៅ ២ម៉ែត្រ ក្នុង​កំឡុង​ពេល​ធ្វើ​ការ​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ ៕

អត្ថបទ៖ លីដា

មតិយោបល់