• 2020-04-02 03:15:44
  • ព័ត៌មាន

ប៉ូលិស​ថៃ​ចាប់​ជនជាតិ​វៀតណាម​ លក់​ម៉ា​ស់មុខ​ និង​ជែល​លាងដៃ​កេង​យកចំណេញ​ខ្ពស់​

  • 2020-04-02 03:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​សំពង់ ឈីង​ឌួង ប្រធាន​ប៉ូលិស​អន្តោប្រវេសន៍​ថៃ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​មីនា​ថា ជនជាតិ​វៀតណាម​ចំនួន​៦​នាក់​ត្រូវ​ប៉ូលិសអន្តោប្រវេសន៍​ចាប់ខ្លួន​ដោយ​ពី​បទ​ប្រមូល​ទិញ​ស្តុក​ទុក​​ច្រើន​ហួស​តម្រូវការ​ជាក់ស្តែង​នូវ​ជាតិ​អាល់កុល​លាងដៃ​និង​ម៉ា​ស់មុខ​។ នេះ​បើ​យោង​តាម​វេបសាយ​nationthailand​។​

​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​នៅ​ផ្ទះ​មួយ​នៅ​ទីក្រុង​បាងកក ។ តាម​សេចក្តីរាយការណ៍ ប៉ូលិស​បាន​រកឃើញ​ម៉ា​ស់មុខ​ចំនួន​១៤២.៥០០ ម៉ាស និង​ជែល​លាងដៃ​ចំនួន ១២.០០០​ដប អាល់កុល​ចំនួន​១៣​ធុង​, ​ម៉ាស៊ីន​ផលិតជែល​ចំនួន​៣​គ្រឿង កាំភ្លើងខ្លី​២​ដើម និង​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន និង ថ្នាំ​MDMA មួយចំនួន​តូច​។​ ​លោក​សំពង់ ឈីង​ឌួង បាន​និយាយថា​” យើង​បាន​រៀបចំ​ក្លែង​ធ្វើជា​ទិញ​ម៉ា​ស់មុខ​មួយ​ប្រអប់​ពី​ជនសង្ស័យ​ទាំងនោះ​ក្នុងតម្លៃ​៣២.៥០០ បាត ឬ ១៥​បាត​ក្នុង​ម៉ាស​មួយ​ហើយ​បាន​ចាប់ខ្លួន​ពួកគេ​នៅ​​សង្កាត់​ផា​តា​ណា​កាន់​។​ ​លោក​បាន​និយាយថា ” យើង​បាន​ស៊ើបអង្កេត​លើ​ទីតាំង​របស់​ពួកគេ​នៅ​ផ្ទះ​មួយ​នៅ​សង្កាត់​នេះ ។ ផ្ទះ​នោះ បាន​ប្រែក្លាយ​ជា​ការិយាល័យ​ភ្នាក់ងារ​ទេសចរណ៍​ដែល​មានឈ្មោះ​ថា​An An Bangkok Travel Co Ltd ។​ ​ស្ត្រី​ម្នាក់​ក្នុងចំណោម​ពួកគេ​នេះ ដែល​ជា​ម្ចាស់​ការិយាល័យ​ភ្នាក់ងារ​ទេសចរណ៍​នេះ​បាន​ប្រាប់​ប៉ូលិស​ថា គាត់​បាន​បើក​ដំណើរការ ” ការិយាល័យ​ភ្នាក់ងារ​ទេសចរណ៍​” នេះ​អស់​ពេល​ប្រហែល​៨​ខែ​មក​ហើយ ​ប៉ុន្តែ វា​មិន​ដំណើរការ​ល្អ ដោយសារ​មិន​សូវ​មាន​ទេសច​រហើយ គាត់​ក៏បាន​ទាក់ទង​មិត្ត​របស់គាត់​នៅ​វៀតណាម​ឱ្យ​នាំចូល​ម៉ាស​មុខ​និង​ជែល​លាងដៃ ដើម្បី​លក់​នៅ​ប្រទេស​ថៃ​។​

​ជនសង្ស័យ​ទាំង ៦​នាក់​នេះ ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ជាច្រើន​ករណី ដោយ​រួមទាំង​ការ​ស្តុក​ទុក​ទំនិញ ការលក់​ផលិតផល​ដោយ​តម្លៃ​ខ្ពស់​ពេក​មាន​គ្រឿងញៀន មាន​អាវុធ​ប្រើប្រាស់​ដោយ​គ្មាន​​លិខិតបញ្ជាក់​អនុញ្ញាត​និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ គ្មាន​ការអនុញ្ញាត​៕​

ប្រភព ៖ rasmeinews

មតិយោបល់