• 2020-04-10 05:42:02
  • ព័ត៌មាន

យល់ពីតម្រូវការក្នុងអំឡុងកូវីដ «ធីតាឯកសង្ក្រាន្ត» បន្តបរិច្ចាគម៉ាស ១៧៥០០ដល់ក្រសួងសុខាភិបាល

  • 2020-04-10 05:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​មិញ​នេះ ក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធេនម៉ិន ឯ.ក (FUN Entertainment) បាន​ដឹក​នាំ​ក្រុម​ការងារ និង​បេក្ខនារី​ដែល​ជា​ម្ចាស់​ជយ​លាភី​ធីតា​ឯក ​ទៅ​ចូល​រួម​កម្មវិធី​សប្បុរសធម៌​ជាថ្មី ដែល​បាន​បរិច្ចាគ​ម៉ាស​ពាក់​ការពារ​មេរោគ ដល់​ក្រសួង​សុខាភិបាល​ ចំនួន ១៧៥០០ ស្មើ​នឹង​ ៧កេស នៅ​ទីតាំង​ទី​ស្តី​ការ​ក្រសួង​សុខាភិបាល​ដោយ​ផ្ទាល់​។

នេះ​ជា​លើក​ទី២ ហើយ​ដែល​ក្រុមហ៊ុន​ខាង​លើ​បាន​ធ្វើ​ការ​បរិច្ចាគ​ម៉ាស ដើម្បី​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាល​ត្បាត​នៃ​មេរោគ​កូវីដ១៩ ។

«យើង​មាន​ជំនឿ​ចិត្ត​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ចំណាត់​ការ​ផ្សេងៗ ឆ្លើយ​តបនឹង​បញ្ហា​មេរោគ​កូវីដ១៩ ។ ហើយ​ការ​បរិច្ចាគ​នេះ គឺ​ជា​ការ​ចូលរួម​សម្រាល​ទុក្ខធុរៈ ឆ្លើយ​តប​នឹង​តម្រូវ​ការ​បច្ចុប្បន្ន ក៏​ដូច​ជា​​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​គ្រូពេទ្យ​ជួរ​មុខ​ដែល​កំពុង​ព្យាយាម​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា​»។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី ​ អ្នក​នាង សំណាង ពុទ្ធានី អ្នក​នាំ​ពាក្យ និង​ជា​តំណាង​ក្រុមហ៊ុន ហ្វឺស យូណាយ ណេត​វើក អេន​ធើ​ធេន​ម៉ិន ឯ.ក (FUN Entertainment) ។

« ដោយ​​អត្រា​ឆ្លង​កើនឡើង​បន្ត​បន្ទាប់​នៅ​កម្ពុជា​ទោះ​មិន​មាន​សន្ទុះ​ខ្លាំង ដូច​នៅ​បណ្តា​ប្រទេស​ផ្សេង​ៗ តែ​យើង​មិនអាច​ធ្វេស​ប្រហែស​ឡើយ ។ ក្នុង​ដំណាក់​កាល​នេះ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​កូវីដ១៩ ក៏ដូចជា​រក្សា​សុវត្ថិភាព​ខ្លួនឯង និង​គ្រួសារ បង​ប្អូន​ចាំ​បាច់​ត្រូវ​ធ្វើ​ឲ្យ​បាន តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល ក៏​ដូចជា​អង្គការ​សុខ​ភាព​ពិភពលោក ដូចជា ត្រូវ​ការ​​​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹម​ត្រូវ រក្សា​គម្លាត​សង្គម រក្សា​អនាម័យ​ខ្ពស់ ដោយ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ និង​ថែរក្សា​សុខភាព​ឲ្យ​រឹងមាំ»។ អ្នក​នាង​បញ្ជាក់​បន្ថែម​។​​

គួរ​បញ្ជាក់​ដែរ​ថា ការប្រកួត​ជ្រើសរើស​ "ធីតា​ឯកសង្ក្រាន្ត" ប្រចាំ​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​នេះ បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី ១៩ កុម្ភៈ និង​បាន​បញ្ចប់​រួចរាល់​ហើយ​កាល​ពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ ដោយ​បាន​រក​ឃើញ​ធីតា​ឯក​ចុង​ក្រោយ ចំនួន ៧រូប។

ធីតាឯក ជយ​លាភី​ចំនួន ៧រូប​នេះ​ត្រូវ​គ្រង​តំណែង​ជា​តួអង្គ​ទេពធីតា​ទាំង ៧​អង្គ របស់​កបិល​មហា​ព្រហ្ម សម្រាប់​ចាក់​ផ្សាយ​ក្នុង​ទូរទស្សន៍​ជាតិ​កម្ពុជា ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ខាង​មុខ​នេះ។

សូម​រង់​ចាំ​មើល​ទាំ​អស់​គ្នា ​ពី​វីដេអូ​ដំណើរ​ការ​នៃ​ការ​ប្រកួត​ «ធីតាឯកសង្ក្រាន្តប្រចាំឆ្នាំ ២០២០» តាម​រយៈ​ហ្វេសប៊ុក​ផេក​របស់ Fun Entertainment នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២០៕​​

អត្ថបទទាក់ទង៖

អត្ថបទ៖ លីដា

មតិយោបល់