• 2020-04-23 01:44:19
  • ព័ត៌មាន

គ្រូពេទ្យរកឃើញសញ្ញាគួរឲ្យខ្លាចថ្មី ២ លើអ្នកជំងឺកូវីដ១៩ និងប្រកាសរកវិធីព្យាបាល

  • 2020-04-23 01:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈពេលដែល​វីរុស​ឆ្លង​កូវីដ១៩ បានរាលដាលពាសពេញទីក្រុងញូវយ៉កនៅចុងខែមីនា គ្រូពេទ្យនៅមន្ទីរពេទ្យ Mount Sinai បានកត់សម្គាល់ឃើញមាន​អាការ​ចម្លែក​កើតឡើងចំពោះឈាមរបស់អ្នកជំងឺ។

ពេទ្យ​ជំនាញ​ជា​ច្រើន​នាក់ បាន​រក​ឃើញ​ថា​អ្នក​ជំងឺ​កូវីដ​១៩ អាច​ប្រឈម​មុខ​នឹង​ឈាម​ឡើង​ខាប់ និង​ស្ទះ​ឈាម​នៅ​សរីរាង្គ​ផ្សេង​ៗ​គ្នា​ក្នុង​ខ្លួន​ប្រាណ​របស់​ពួកគេ។ នេះ​ជាការ​រក​ឃើញដ៏គួរឱ្យភ្ញាក់ផ្អើលដែលវីរុសបំផ្លាញរាងកាយ​មនុស្ស ព្រោះគ្រូពេទ្យនៅទីនោះនិងកន្លែងផ្សេងទៀត​កំពុងចាប់ផ្តើម​កត់​សម្គាល់​ពី​អាការ​នេះ។ យោង​តាម​វេជ្ជបណ្ឌិត J Mocco ឯកទេស​ខាង​សរសៃ​ប្រសាទ​ឲ្យ​ដឹង​ថា "វា​ពិត​ជា​គួរ​ឲ្យ​សម្គាល់​ណាស់ ដែល​វីរុស​នេះ​អាច​បណ្ដាល​ឲ្យ​ផ្នែក​ជា​ច្រើន​នៃ​រាងកាយ​ស្ទះ​សរសៃ​ឈាម។” លើស​ពី​នេះ​ទៀត​លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា កូវីដ១៩​មិន​ត្រឹម​តែ​ជា​ជំងឺ​ពាក់​ព័ន្ធ​ផ្លូវ​ដង្ហើម​ប៉ុណ្ណោះ​ទេ ព្រោះ​ក្នុង​ករណី​ខ្លះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ទាំង​វ័យ​ក្មេង​ផង​ដែរ។

ចំណែក​ឯ​លោក​វេជ្ជបណ្ឌិត David Reich ប្រធាន​មន្ទីរពេទ្យ​ខាង​លើ បាន​ប្រកាស​រក​វិធី​ព្យាបាល​ថ្មី​នៃ​អាការ​ទាំង​ពីរ​នេះ។ លោក David បន្ថែម​ថា "ប្រសិន​បើ​យើង​អាច​ការពារ​មិន​ឲ្យ​មាន​ការ​ស្ទះ​ឈាម នោះ​ជំងឺ​កូវីដ​១៩ នឹង​មិន​សូវ​មាន​សភាព​ធ្ងន់ធ្ងរ​នោះ​ទេ។”

គួរ​បញ្ជាក់​ថា រយៈ​ពេល ៣​សប្ដាហ៍​ចាប់​ពី​ពាក់​ខែ​មីនា​មក មន្ទីរពេទ្យ​ Mount Sinai បាន​រក​ឃើញ​អ្នក​ជំងឺ ៣២​នាក់​ហើយ​ដែល​មាន​ការ​ស្ទះ​ឈាម​ខ្លាំង​នៅ​ខួរ​ក្បាល ដែល​បណ្ដាល​ឲ្យ​អាការ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត៕

ប្រភព៖ Reuters ប្រែសម្រួល ៖ Seven

មតិយោបល់