• 2020-05-16 02:05:59
  • ព័ត៌មាន

មិនគួរឲ្យជឿ! ការសិក្សាបង្ហាញថា សត្វឆ្មាអាចចម្លងវីរុសកូវីដ១៩ ដល់គ្នាទៅវិញទៅមក

  • 2020-05-16 02:05:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​ថ្មី​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ បាន​​ឲ្យ​ដឹង​ថា សត្វ​ឆ្មា​អាច​នឹង​ចម្លង​មេរោគ​កូវីដ១៩​ ទៅ​កាន់​សត្វ​ឆ្មា​ផ្សេង​ទៀត ប៉ុន្តែ​ដោយ​មិន​មាន​ចេញ​រោគ​សញ្ញា​ណា​មួយ​នោះ​ទេ។

ការសិក្សាថ្មីនេះដឹកនាំដោយអ្នកជំនាញមេរោគអន្តរជាតិ Yoshihiro Kawaoka នៃសាកលវិទ្យាល័យតូក្យូ និងអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Wisconsin ឲ្យ​ដឹង​ថា​ពួកគេ បាន​សាកល្បង​ចាក់​បញ្ចូល​មេរោគ​ទៅ​ក្នុង​ខ្លួន​សត្វ​ឆ្មា ៣​ក្បាល ហើយ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ឆ្មា​ទាំង​នោះ ក៏​ចាប់​ផ្ដើម​ចម្លង​ទៅ​ឆ្មា​ផ្សេង​ទៀត។ នៅ​ពេល​ដែល​សត្វ​ឆ្មា​ទាំង​បី​ក្បាល​នេះ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ជាមួយ​ឆ្មា​ដទៃ​ទៀត​ដែល​មាន​សុខភាព​ល្អ ពួកវា​ក៏​ស្រាប់​តែ​ឆ្លង​មេរោគ​ដែរ។ ប៉ុន្តែ​ក្នុង​ចំណោម​ឆ្មា​ដែល​ត្រូវ​បាន​សាកល្បង​ទាំង​អស់ មិន​មាន​ឆ្មា​ណា​មួយ​ចេញ​រោគ​សញ្ញា​ដូច​ជា​ឡើង​កម្ដៅ​ខ្លួន​ខុស​ប្រក្រតី ឬ​ស្រក​ទំងន់​នោះ​ទេ។

ជាមួយគ្នា​ដែរ អ្នក​ជំនាញ​បាន​បន្ថែម​ថា​ត្រូវ​ធ្វើ​ការ​សិក្សា​បន្ថែម​ទៀត​ថា​តើសត្វ​ឆ្មា​អាច​ចម្លង​មេរោគ​មក​កាន់​មនុស្ស​ដែរ​ឬទេ។ យ៉ាងណាមិញ មកទល់​ពេល​នេះ មិន​ទាន់​មាន​ភស្ដុតាង ឬ​ការ​សិក្សា​ណា​មួយ​បង្ហាញ​ថា​សត្វ​ឆ្មា​អាចចម្លង​មេរោគ​មក​មនុស្ស​ទេ។ ពួកអ្នកវិទ្យាសាស្ត្រ បាន​សរសេរ​នៅ​ក្នុង​ទិនានុប្បវត្តិ​មួយ​ថា "ដោយមានតម្រូវការ​ចាំ​បាច់​ក្នុង​ការ​បញ្ឈប់ជំងឺរាតត្បាត កូវីដ១៩ តាមរយៈយន្ដការផ្សេងៗគ្នា ការយល់ដឹងកាន់តែច្បាស់អំពីតួនាទីរបស់សត្វឆ្មាអាចដើរតួក្នុងការ​ចម្លង​វីរុស SARS-CoV-2 ដល់មនុស្សឬ​អត់ គឺពិតជាមាន​សារសំខាន់​ណាស់។”

គួរ​បញ្ជាក់​ថា កន្លង​មក​សត្វ​ឆ្មា​ចំនួន​ពីរ​ក្បាល​ក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក បាន​ធ្វើ​តេស្ដ​រក​ឃើញ​វិជ្ជមាន​កូវីដ១៩​ដោយ​មាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម ក្រៅ​ពី​នេះ​សត្វ​តោ និង​ខ្លា ៨​ក្បាល​នៅ​សួន​សត្វ Bronx ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ​១៩​ ផង​ដែរ៕

ប្រភព៖ CNN ប្រែសម្រួល ៖ Seven

មតិយោបល់