• 2020-05-27 02:47:09
  • ព័ត៌មាន

នៅផ្ទះអត់ធ្វើអីសោះ ចេះតែមានអារម្មណ៍ល្វើយៗ នេះអាចជាមូលហេតុ និងដំណោះស្រាយ

  • 2020-05-27 02:47:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ​ហើយ​ដែល​មេរោគ​កូវីដ​បាន​ផ្ទុះ​ឡើង ធ្វើ​ឲ្យ​គ្រប់​គ្នា​​ពិបាក​ចេញ​ក្រៅ ​​ជួបជុំ​មិត្តភ័ក្ដិ​, ទៅ​ធ្វើ​ការ, និង​ទៅ​​សាលា​រៀន​។ ស្ថានការណ៍​នេះ​បាន​ផ្លាស់​ប្ដូរ ទម្លាប់​នៃ​ការ​រស់​នៅ​ស្ទើរ​ទាំង​ស្រុង។ ធ្លាប់​គិត​ថា​នៅ​ផ្ទះ​ច្រើន​មិន​ចំណាយ​កម្លាំង មិន​សូវ​ហត់​នឿយ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ មនុស្ស​ភាគ​ច្រើន​មាន​អារម្មណ៍​ថា​ធុញ​ថប់​ អស់​កម្លាំង និង​ល្វើយ​ៗរហូត​ ។

ខាង​ក្រោម​នេះ​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​បែប​នេះ ៖

១. បញ្ហា​ផ្លូវ​ចិត្ត ៖  ការ​សិក្សា​បាន​បង្ហាញ​ថា​ ភាព​នឿយ​ហត់​ បណ្ដាល​មក​ពី​ភាព​តាន​តឹង ថប់​អារម្មណ៍​ អផ្សុក​​ដោយ​សារ​មិន​បាន​ចេញពី​ផ្ទះ។ ម្យ៉ាង​​ការងារ ឬ របរ​រក​ស៊ី​សុទ្ធ​តែ​រង​ការ​ប៉ះ​ពាល់​ដោយ​សារ​កូវីដ ដែល​បណ្តាល​ឲ្យ​អ្នក​មាន​អារម្មណ៍​​ស្មុគស្មាញ គិត​ច្រើន ហើយ​ទៅ​ជា​ស្រេ្តស និង​ដេក​មិន​លក់​ថែម​ទៀត។

២. ចំណាយ​ពេល​នៅ​លើ​គ្រែ​ច្រើន​ពេក (ទម្រន់ ) ៖ ភាគ​ច្រើន​អ្នក​ចំណាយ​ពេល​នៅ​ក្នុង​បន្ទប់គេង​​ច្រើន​ បន្ទាប់​ពី​ភ្ញាក់​ពី​ដំណេក​​មិន​ដឹង​ធ្វើ​អី ។ អ្នក​ខ្លះ​នៅ​ចុច​ទូរសព្ទ​​លើ​គ្រែ​យូរ​រាប់​​ម៉ោង ដែល​បណ្តាល​ឲ្យ​ខ្លួន​ប្រាណ​ស្ពឹក​ស្រពន់ ដោយ​សារ​ដេក​យូរ ឈាម​ក្នុង​ខ្លួន​​រត់​មិន​ស្រួល ឬ គេច្រើន​ហៅ​ថា "ពុល​ដំណេក " ដែល​ចង់តែ​​ដេក ​​រហូត​មិន​ចង់​ក្រោក​ទាល់​តែ​សោះ។

៣. ចំណាយ​ពេល​​ច្រើន​ជាមួយ​អ៉ីន​ធឺណិត ឬ​ មើល​ទូរទស្សន៍ ៖ ការ​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ​ក្នុង​ស្ថានការណ៍​នេះ​ពិត​ជា​សំខាន់​។ ប៉ុន្តែ​នៅ​មុខ​កុំព្យូទ័រ ឬ​កញ្ចក់​ទូរស័ព្ទ​ច្រើន​ពេក​ (ច្រើនជាង ៥ម៉ោង) បណ្ដាល​ឲ្យ​អ្នក​មាន​អារម្មណ៍ចេះ​តែអស់​កម្លាំង​ទៅរហូត ព្រោះ​ភ្នែក​ប្រឹង​សម្លឹង​មើល ឯ​ខួរ​ក្បាលវិញ​ដិត​ដាម​ជាមួយរឿងក្នុងទូរស័ព្ទ ខ្លះធ្វើ​ឲ្យ​​ជក់​ដល់​ថ្នាក់​ភ្លេច​ញុំាបាយ​ទឹក​ក៏​មាន​។

៤. ខួរ​ក្បាល​មិន​សូវ​​ដំណើរ​ការ ៖ ដោយ​សារ​មាន​ពេល​វេលា​ទំនេរ​ច្រើន​ពេក ​មិនបាន​ធ្វើ​អ្វី​ទាំង​អស់​ធ្វើ​ឲ្យ​ខួរក្បាល​ ចាប់​ផ្ដើម​បិទ និង​ចាប់​ផ្ដើម​អស់​កម្លាំង។

៥. កង្វះ​សកម្មភាព៖ នៅ​ពេល​មិន​សូវ​ធ្វើ​ចលនា រាងកាយ​អ្នក​នឹង​ខ្វះ​សមត្ថភាព​ក្នុង​ការ​ទទួល​អុកស៊ីសែន ដែល​ធ្វើ​ឲ្យ​កម្រិត​​ថាមពល​ធ្លាក់​ចុះ។

៦​. ខ្វះ​ជីវជាតិ​ដែក ៖  អ្នក​នឹង​មាន​សភាព​ស្លេក​ស្លាំង ចេះ​តែ​ហត់ ងងុយ​ដេក ល្វើយៗ ឈឺក្បាល  និង​មួម៉ៅ​ច្រើន ។ មូល​ហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​ខ្វះ​ជាតិ​ដែក គឺ​របប​អាហារ​មិន​ត្រឹម​ត្រូវ។

៧. បន្ទប់​ខ្វះ​ខ្យល់​ចេញ​ចូល ឬ​ ពន្លឺ៖ អ្នក​ខ្លះ​យល់​ថា​បន្ទប់​គេង មិន​គួរ​មាន​ពន្លឺ​ចូល​ពេក​ទេ អាច​រំខាន​ដល់​ដំណេក ។ នេះ​គឺ​ជា​ការ​យល់​ខុស​ទាំង​ស្រុង​។ បន្ទប់​គេង​ប្រកប​ដោយ​ផាសុកភាព ទាមទារ​ឲ្យ​មាន​ពន្លឺ និង​ខ្យល់​អាកាស​ចេញ​ចូល​គ្រប់​គ្រាន់។ ជាក់ស្តែង ប្រសិន​បើ​បន្ទប់​អ្នក​ខ្វះ​ខ្យល់​ចេញ​ចូល និង​ពន្លឺ នឹង​ធ្វើ​ឲ្យ​អ្នក​គេង​មិន​ចង់​ងើប​ឡើយ ឬ ភ្ញាក់​ពី​ដំណេក​ទាំង​មិន​ស្រឡះ។

បញ្ហា​ទាំងអស់​នេះ សុទ្ធតែ​អាច​ដោះ​​ស្រាយ​​បាន ដោយ​ការ​​ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ ឬ​ធ្វើ​ខ្លួន​ឲ្យ​រវល់​។ ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ អាច​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​មាន​សុខភាព​ល្អ និង​ពោរពេញ​ដោយ​ថាមពល​ឡើងវិញ​ ដូចជា​ ៖

១. គេង​ឲ្យ​គ្រប់​គ្រាន់ (ចូល​គេង​ទៀង​ម៉ោង) ៖ ទម្លាប់​គេង និង​ក្រោក​ពី​គេង​​ឲ្យ​ទៀង​ទាត់ ទោះ​មិន​ចេញ​ទៅ​ណា​ក៏​ដោយ​។ ខួរ​ក្បាល​អ្នក​ប្រៀប​បាន​នឹង​កម្មវិធី​មួយ​អីចឹង​ដែរ បើ​អ្នក​ចូលគេង​ទៀង​ម៉ោង​រាល់​យប់ វា​នឹង​ចាប់​យក​ទម្លាប់​នោះ​យ៉ាង​ល្អ។

២. ផ្លាស់​ប្ដូរ​ចលនា​ពេល​ធ្វើ​ការ ៖ បើ​អ្នក​ធ្វើ​ការ​នៅ​មុខ​កុំព្យូទ័រ​ច្រើន អ្នក​អាច​សាក​ល្បង​ឈរ​ធ្វើ​ការ វា​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​ប្រាណ​មាន​សកម្មភាព និង​ចរន្តឈាម​ដើរ​ស្រួល។

៣. ញ៉ាំ​អាហារ​សុខភាព ៖  ដោយ​សារ​នៅ​ផ្ទះ​មិន​សូវ​ត្រូវ​ពន្លឺ​ថ្ងៃ និង​ប្រើ​ថាមពល​ច្រើន​ដូច​នេះ អ្នក​គួរ​ញ៉ាំ​អាហារ​ដែល​សម្បូរ​វីតាមីន C និង​ប្រូតេអ៉ីន​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ទ្រទ្រង់​រាងកាយ​ឲ្យ​មាន​សុខភាព​ល្អ និង​បង្កើន​កម្លាំង​ក្នុង​ខ្លួន​។

៤. តុបតែងខ្លួនឲ្យស្រស់​ស្អាត ៖ អ្នក​ខ្លះអត់ត្រូវ​ចេញពីផ្ទះ មិនខ្វល់រឿងតែងខ្លួនឡើយ ដូចជាខ្ជិលលាបឡេ ផាត់ម្ស៉ៅ ឬ សិតសក់ជាដើម។ ជាក់ស្តែង​សម្រស់​ពាក់ព័ន្ធនឹង​ផ្លូវចិត្តរបស់អ្នក ប្រសិនបើ​អ្នកចង់​ឲ្យមានអារម្មណ៍ស្រស់ស្រាយ គួរ​តុបតែងខ្លួនជាប្រចាំ ឬស្លៀកពាក់ឲ្យស្រស់ស្អាតតាម​របៀប​នៅ​ផ្ទះ​ថត​រូប​​ទុក​មើល​លេង​ក៏​បាន។​

៥. រៀន​ធ្វើ​នំ ឬ​ធ្វើ​ម្ហូប ៖ បាន​ទាំង​ចំណេះ​ដឹង និង​កម្សាន្ត​អារម្មណ៍​ផង​ដែរ រៀន​ធ្វើ​នំ ឬ​ធ្វើ​ម្ហូប​ធ្វើ​ឲ្យ​អ្នក​មាន​ចលនា ទាំង​រាង​កាយ និង​ខួរក្បាល។

៦. បង្កើត​ល្បែង​កម្សាន្ត ៖ រីករាយ​ជា​មួយ​ក្មេង​តូច​ៗ ក្នុង​គ្រួសារ​ដោយ​បង្កើត​ល្បែង​ដូចជា៖ រត់​ប្រណាំង, លោត​អន្ទាក់, ដោះ​ប្រស្នា លេង​បិទពួន ឬ បង្រៀន​ក្មេង​ធ្វើ​កិច្ចការ​សា​លា​ជាដើម។ មួយ​វិញ​ទៀត អ្នក​អាច​បង្កើត​សកម្មភាព​ផ្សេងៗ​ជា​មួយ​សត្វ​ចិញ្ចឹម​របស់​អ្នក។

៧. ធ្វើ​ការងារ​ផ្ទះ (ចាត់ទុកដូចការហាត់ប្រាណ) ៖ ការងារផ្ទះ ដូចជា​ បោសផ្ទះ ជូតផ្ទះ រៀបចំអីវ៉ាន់ ទុកដាក់ឲ្យមានរបៀប ប្រៀបបាននឹង​លំហាត់​ប្រាណដ៏ល្អសម្រាប់រាងកាយអ្នក ព្រោះអ្នក​អាច​ធ្វើ​ចលនា​អោន​ងើប​បាន​ទាំងដៃ និង​ជើងព្រមគ្នា ពិសេស​ចំណេញបានស្អាតផ្ទះទៀត។

៨. ហាត់​កីឡា ឬ រាំ​លេង​ពេល​នៅផ្ទះ ៖ អ្នក​គួរ​រៀប​ចំ​ម៉ោង​ពេល​ហាត់​កីឡា យ៉ាង​ហោច​ណាស់​ឲ្យបាន ៣០នាទី ទៅ​១ម៉ោងជារៀងរាល់ថ្ងៃ នៅ​ពេល​ព្រឹក និង​ ពេល​ល្ងាច។ បើ​មិន​ដឹង​ត្រូវ​ហាត់​អី​ល្អ ឲ្យ​បែក​ញើស អ្នក​អាច​រៀន​រាំ​តាម​ចង្វាក់​ភ្លេង​​ដែល​អ្នក​ចូល​ចិត្ត​ក៏​បាន។ ធ្វើ​បែប​នេះ​បាន​តែ​ ២សប្តាហ៍​ប៉ុណ្ណោះ​អ្នក​នឹង​ឃើញ​លទ្ធផល​ប្លែក ដែល​ផ្តល់​ភាព​វិជ្ជមាន​ចំពោះ​សុខភាព។ ពេល​ហាត់​ប្រាណ កុំ​ភ្លេច​ញុំា​ទឹក​ឲ្យ​បាន​ច្រើន​ផង ទើប​រាង​កាយ​បញ្ចេញ​ញើស​បាន​ល្អ៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ Metro | Businessinsider | Independent | Quora | instyle | theconversation ណារីតា

មតិយោបល់