• 2020-05-28 13:42:59
  • ព័ត៌មាន

រំលឹក​រឿង​មាន់​ចម្លែកបំផុត​ក្នុងប្រវត្តិសាស្ត្រ​ ​រស់​ដោយ​គ្មាន​ក្បាល ១៨ខែ

  • 2020-05-28 13:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បញ្ជា​ទាំង​អស់​លើ​រាងកាយ​គឺ​កើត​ចេញ​ពី​ខួរ​ក្បាល ពេល​ណា​ដែល​ក្បាល​ដាច់​ចេញ​ពី​ដង​ខ្លួន គឺ​គ្មាន​ការ​បញ្ជា​ឡើយ ហើយ​សត្វ​មួយ​ចំនួន​អាច​មាន​ដង្ហើម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ ប៉ុន្តែ​មាន​ហេតុការណ៍​ដ៏​កម្រ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​កាល​ពី ៧៥ឆ្នាំ​មុន ដោយ​កសិករ​ម្នាក់​នៅ​រដ្ឋ Colorado សហរដ្ឋអាមេរិក បាន​អា ក ​មាន់​មួយ​ក្បាល ប៉ុន្តែ​វា​បែរ​ជា​មិន​ងាប់ និង​មាន​ជីវិត​រស់នៅ​រហូត​ដល់ ១៨​ខែ។ មាន់​ដ៏​ចម្លែក​នេះ បាន​ល្បី​ល្បាញ​យ៉ាង​ខ្លាំង​ចារ​ទុក​ក្នុង​កំណត់ត្រា និង​នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​ស្រាយ​មិន​រួច​នៅ​ឡើយ។

មាន់​ឈ្មោះ Mike

នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា​ឆ្នាំ១៩៤៥ លោក Lloyd Olsen និង​ប្រពន្ធ​ឈ្មោះ Clara បាន​សម្លាប់​មាន់​ជា​ច្រើន​ក្បាល​ក្នុង​កសិដ្ឋាន​នៃ​រដ្ឋ Colorado។ ក្រោយ​កាត់​ក្បាល​រួច ប្រពន្ធ​កសិករ​បាន​ប្រមូល​មាន់​ទាំង​អស់​នោះ ប៉ុន្តែ​មាន​មាន់​មួយ​ក្បាល​ក្នុង​ចំណោម ៤០ ទៅ ៥០​ក្បាល​បាន​រស់​រាន​មាន​ជីវិត និង​ក្រោក​ដើរ​ជា​ធម្មតា។

បន្ទាប់​មក​ពួក​គេ​បាន​ដាក់​វា​នៅ​ក្នុង​ប្រអប់​ផ្លែ​ប៉ោម​រយៈ​ពេល​ពេញ​មួយ​យប់ ហើយ​នៅ​ពេល​ក្រោក​ឡើង​នា​ថ្ងៃ​បន្ទាប់ លោក Lloyd Olsen មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​មាន់​ចម្លែក​នោះ​នៅ​មាន​ជីវិត។ កសិករ​រូប​នេះ បាន​ប្រមូល​មាន់​កាត់​ក្បាល​រួច​យក​ទៅ​លក់​នៅ​ទីផ្សារ ដោយ​នាំ​ទាំង​មាន់​ចម្លែក​ទៅ​ផង។ ម្ចាស់​មាន់​ចម្លែក​បាន​ភ្នាល់​ជាមួយ​គេ​​ថា លោក​មាន​មាន់​រស់​តែ​អត់​​ក្បាល ហើយ​ឈ្នះ​បាន​ស្រាបៀ និង​របស់​ផ្សេង​​ៗ​ជា​ច្រើន។

មាន់​នោះ​បាន​រស់​នៅ​ជា​ធម្មតា ហើយ​លោក​ Olsen បាន​បញ្ច្រក​អាហារ​រាវ និង​ទឹក តាម​​បំពង់អាហារ​ផ្ទាល់​តែ​ម្ដង។ ក្រោយ​មក មាន់​គ្មាន​ក្បាល​បាន​ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង​តាម​បណ្ដាញ​សារព័ត៌មាន​នានា និង​ក្លាយ​ជា​ហេតុការណ៍​ដ៏​កម្រ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ។ ទោះ​យ៉ាង​ណា មាន់​ចម្លែក​នោះ​បាន​រស់​ត្រឹម​រយៈ​ពេល ១៨​ខែ​ប៉ុណ្ណោះ។

ប្ដី​ប្រពន្ធ​ម្ចាស់​មាន់

ចំពោះ​មូលហេតុ​ដែល​មាន់​គ្មាន​ក្បាល​អាច​រស់​បាន​យូរ​បែប​នេះ គ្មាន​វេជ្ជបណ្ឌិត​ណា​ហ៊ាន​អះ​អាង​ច្បាស់​លាស់​ឡើយ។ ជាទូទៅ មាន់​កាត់​ក្បាល​រួច អាច​មាន​ចលនា​ត្រឹម​រយៈ ពេល​ខ្លី ឬ​យូរ​បំផុត ១៥​នាទី​ប៉ុណ្ណោះ ព្រោះ​ខួរ​ក្បាល​ត្រូវ​កាត់​ផ្ដាច់​ទាំង​ស្រុង​ចេញ​ពី​ដង​ខ្លួន។

អ្វី​ដែល​រឹត​តែ​ធ្វើ​ឲ្យ​វេជ្ជបណ្ឌិត Tom Smulders ដែល​ជា​អ្នក​ជំនាញ​ផ្នែក​សត្វ​មាន់ កាន់​តែ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ទៅ​ទៀត​នោះ​គឺ ក្រោយ​កាត់​ក្បាល​រួច មាន់​ចម្លែក​មិន​ហូរ​ឈាម​រហូត​ដល់​បាត់​បង់​ជីវិត ថែម​ទាំង​អាច​បន្ត​រស់​នៅ​ជា​ធម្មតា​អស់ ១​ឆ្នាំ​កន្លះ​ថែម​ទៀត។ យ៉ាង​នេះ​ក្ដី លោក​បាន​បញ្ជាក់​ថា មនុស្ស​បើ​បាត់​បង់​ក្បាល​ហើយ ស្ទើរ​តែ​កាត់​ផ្ដាច់​ប្រព័ន្ធ​ខួរ​ក្បាល​ទាំង​ស្រុង ប៉ុន្តែ​សត្វ​មាន់​អាច​ខុស​គ្នា។

កំណត់ត្រា​ក្នុង​ឆ្នាំ​១៩៤៥

តាម​របាយការណ៍​បង្ហាញ​ថា មាន់​ឈ្មោះ Mike បាន​បាត់​បង់​ចំពុះ ផ្ទៃ​មុខ ភ្នែក និង​ត្រចៀក​ទាំង​ស្រុង។ ប៉ុន្តែ​វេជ្ជបណ្ឌិត Smulders អះអាង​ថា ៨០​ភាគ​រយ​នៃ​ខួរក្បាល​មាន់​មួយ​នេះ និង​ស្ទើរ​គ្រប់​​ប្រព័ន្ធ​បញ្ជា​ រួម​មាន​ចង្វាក់​បេះដូង, ដង្ហើម, ការ​រំលាយ​អាហារ មិន​មាន​ប៉ះពាល់​ឡើយ ព្រោះ​វា​ភ្ជាប់​ទៅ​ដង​ខ្លួន​ច្រើន​ជាង​ក្បាល៕ ​

ប្រែសម្រួល៖ វិសាល

មតិយោបល់