• 2020-06-03 01:32:56
  • ព័ត៌មាន

មកដឹងពីមូលហេតុនៃការរៀបចំទិវាបរិស្ថានពិភពលោក ៥ មិថុនា

  • 2020-06-03 01:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្វីទៅជាមូលហេតុដែលនាំឲ្យមានការរៀបចំ ទិវាបរិស្ថានពិភពលោក ៥ មិថុនា? ផ្អែកតាមការបញ្ជាក់ពី ក្រសួងបរិស្ថាន បានឲ្យដឹងថា អាហារដែលយើងបរិភោគ ខ្យល់ដែលយើងដកដង្ហើម ទឹកដែលយើងផឹក និងអាកាសធាតុ ដែលធ្វើឲ្យភពផែនដីយើងអាចរស់នៅបាន សុទ្ធតែត្រូវបានបង្កើតឡើងដោយធម្មជាតិ។ ជារៀងរាល់ឆ្នាំ រុក្ខជាតិសមុទ្រ ផលិតអុកស៊ីសែនទៅក្នុងបរិយាកាសផែនដីជាងពាក់កណ្តាល ហើយដើមឈើធំពេញវ័យមួយដើម សម្អាតខ្យល់ដោយការស្រូបយកកាបូនឌីអុកស៊ីតបាន ២២គីឡូក្រាម ហើយធ្វើការបញ្ចេញអុកស៊ីសែនទៅក្នុងបរិយាកាសជំនួសវិញ។ បើទោះបីជា ធម្មជាតិផ្តល់ផលប្រយោជន៍ដ៏សែនធំធេងដល់យើងក្តី ប៉ុន្តែយើងមិនបានតបស្នងឲ្យស័ក្តិសមចំពោះធម្មជាតិវិញនោះទេ។

នេះហើយជាដើមទង ដែលនាំឲ្យពិភពលោកទាំងមូលបង្កើតឡើងនូវ «ទិវាបរិស្ថានពិភពលោក ៥ មិថុនា ឬ World Environment Day, 5 June» ឡើង។ ចាប់តាំងពីឆ្នាំ ១៩៧៤ មក ទិវានេះត្រូវបានគេប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីរដ្ឋាភិបាល អ្នកវិនិយោគធំៗ បណ្តាជនល្បីល្បាញ និងប្រជាពលរដ្ឋទូទាំងពិភពលោក ដោយផ្តោតការខិតខំទៅលើបញ្ហាបរិស្ថាន។

នៅឆ្នាំ ២០២០ ប្រធានបទផ្តោត គឺ «ជីវៈចម្រុះ ឬ Biodiversity» ដែលជាក្តីបារម្ភ ទាមទារឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ និងមានប្រសិទ្ធភាព។ នៅកម្ពុជា តែងប្រារពដូចគ្នា គឺទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ដោយប្រធានបទសម្រាប់ឆ្នាំ ២០២០នេះ គឺ «ការអភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា ឬ Preserving Biodiversity for Ourselves»។ សូមចូលរួមរអភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា។

ប្រភព៖ United Nations

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់