• 2020-06-06 15:24:59
  • ព័ត៌មាន

រំភើបចិត្ត ពេលដឹង​រឿងរ៉ាវ​របស់​លោកគង់ សុខា ម្ចាស់​បន្ទប់​ជួល​ ដែល​មិន​យក​ថ្លៃ​ឈ្នួល​ អំឡុង​កូវីដ១៩

  • 2020-06-06 15:24:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចប្រទេស​ជាច្រើនទៀត​នៅ​ក្នុង​ពិភពលោក​ដែរ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្គាប់​ឲ្យ​អាជីវកម្ម​មួយចំនួន​ផ្អាក​ដំណើរការ​ ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ការ​រីករាលដាល​នៃ​វីរុស​កូវីដ១៩ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អាជីវកម្ម និង​ជំនួញ​នានា​ស្ទើរ​គ្រប់​វិស័យ​ ជា​ពិសេស​វិស័យទេសចរណ៍​នៅ​ខេត្ត​សៀមរាប។

ស្ថានភាពនេះ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន បាត់បង់​ការងារ​ធ្វើ គ្មាន​ប្រភព​ចំណូល ស្ទើរ​គ្រប់​កន្លែង ហើយ​វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​បុគ្គល​ទេ តែវា​ក៏ប៉ះពាល់​ដល់​គ្រួសារ​ពួកគាត់​ទាំងមូល​ផងដែរ។

លោក គង់ សុខា អាយុ ៤២ឆ្នាំ មុខ​របរជា​អ្នក​លក់​ម៉ូតូ​នៅខេត្តសៀមរាប និង​ជា​ម្ចាស់​បន្ទប់​ជួល​មួយរូប បាន​និយាយថា៖ "បន្ទាប់​ពី​អាជីវកម្ម និងជំនួញ​ជា​ច្រើន​ត្រូវ​បាន​ផ្អាក​ដំណើរការ​មួយរយៈ ឬ​បិទទាំងស្រុង​ ខ្ញុំ​ចាប់​ផ្ដើម​កត់សម្គាល់​ទឹកមុខ​ស្រងូត​ស្រងាត់​របស់​អ្នកជួល​ផ្ទះ​ខ្ញុំ​ផ្ទាល់ មាន​អ្នកខ្លះ​បានប្រាប់​ទុក​មុន​ពី​បញ្ហា​ហិរញ្ញវត្ថុរបស់ពួកគេ​ថា​នឹង​យឺតយ៉ាវ​ក្នុង​ការ​បង់ថ្លៃ​ឈ្នួល​ជាដើម។ ពេល​ដែល​បាន​ឃើញ​ពីទុក្ខ​លំបាកបែបនេះ ខ្ញុំ​ និង​ភរិយា​បានពិភាក្សា​គ្នា​ផ្ដល់​ដំណោះស្រាយ​ ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​ពួក​គេ​ក្នុង​គ្រា​លំបាកនេះ គឺ​ពួក​ខ្ញុំ​បាន​សម្រេច​ចិត្ត​ផ្អាក​ការ​យក​ថ្លៃ​ឈ្នួល​ផ្ទះ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ការ​វិវត្តន៍​ថ្មី​អំពី​វីរុស​កូវីដ១៩ ជាថ្មី"។

លោក គង់​ សុខា បន្តថា៖ "ខ្ញុំ​ និង​ភរិយា បាន​យល់​យ៉ាង​ច្បាស់​ពី​ទុក្ខ​លំបាក និងស្ថានភាព​មិន​អំណោយផល​នេះ ហើយ​ថែមទាំងខ្ញុំ​ដឹង​ពី​ការ​បាត់បង់​ចំណូល និង​ត្រូវការ​ចំណាយផ្សេងៗ​ទៀត​របស់​ពួកគេ អ្នកខ្លះ​ចំណាយ​មិន​ត្រឹម​តែថ្លៃ​ឈ្នួល​ផ្ទះ និង​អាហារ​ទេ តែ​ពួក​គេ​ត្រូវ​ផ្ញើ​លុយ​ឲ្យ​គ្រួសារ​ ឬត្រូវ​បង់​បំណុល​ប្រចាំ​ខែ​ថែមទៀតផង។ ហើយ​ចំណែក​ឯ​អ្នក​ដែល​មាន​កូន​វិញ បន្ទុក​ពួក​កាត់​កាន់តែ​មាន​សម្ពាធ​ច្រើន​ថែមទៀត"។

"ដោយ​សង្កេត​ឃើញ​ថា​អ្នក​ជួល​ផ្ទះខ្ញុំ មិន​មាន​លទ្ធភាព​បង់ថ្លៃ​ឈ្នួល​ផ្ទះ ខ្ញុំ​មាន​អារម្មណ៍​ស្រណោះ​ពួក​គាត់ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​គិត​ថា​ខ្ញុំ​អាច​រួមចំណែក និង​ជួល​សម្រាល​សម្ពាធ​ដែល​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ទេសចរណ៍ និង​សេវវា​កម្ម​ដូច​អ្នក​ជួល​ផ្ទះ​ខ្ញុំ​កំពុង​ជួប​ប្រទះ"។

"តាមពិតទៅ គ្រួសារខ្ញុំមិនមែនជា​អ្នក​មាន​អី​នោះទេ គ្រាន់​តែ​មាន​ជីវភាព​មធ្យម​មួយ​ប៉ុណ្ណោះ។ តែ​ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​មិន​អាច​សប្បាយ​ចិត្ត​នៅ​លើ​គំនរទូក្ខ​អ្នកដទៃ​នោះទេ។ ខ្ញុំ​មាន​បន្ទប់​ជួល​ចំនួន ១០បន្ទប់ ភ្ជាប់​ជាមួយ​សម្ភារៈ​បរិក្ខារ​ផ្សេងៗហើយស្រាប់ ក្នុង​តម្លៃ​ឈ្នួល​ពី ៦០ ទៅ ៨០ដុល្លារ​ក្នុង​មួយខែ។ គ្រួសារ​ខ្ញុំ​មាន​កូន​ប្រុសស្រី​តូចៗ ក្នុង​បន្ទុក​ផងដែរ"

"អំពើ​ល្អ​របស់​មនុស្ស មិន​មែន​ធ្វើឡើង​តែនៅពេល​កូវីដ​ទេ យើង​គប្បី​ប្រកាន់​ខ្ជាប់​គ្រប់​ពេល ប៉ុន្តែ​សំខាន់​បំផុត​ឥឡូវ​ គឺ​យើង​មិន​គួរឱប​ដៃ​មើល​នឹង​ភ្នែក។ បើ​ឃើញ​ពួកគាត់​កំពុង​តែលង់​ មិនមានចំណូល​ប្រចាំខែ ប្រចាំថ្ងៃហើយ ខ្ញុំ​និង​ភរិយាខ្ញុំ ក៏ពិភាក្សា​គ្នា​ និង​យល់ស្រប​គ្នា ដើម្បី​រួមចំណែក​ដោះទុក្ខ​នេះ។ វា​ជា​អ្វី​ដែល​ចេញ​ពី​ក្រអៅ​បេះដូង និងឆន្ទៈ​របស់​យើង។ ខ្ញុំ​ជឿជាក់​ថា អំពើល្អ​ វា​មិន​សាបសូន្យ​ទេ។ នៅផ្ទះជួល​ខ្ញុំ យើង​ក៏​ជួយ​រំលឹកគ្នា​ថែទាំ​សុខភាព ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ១៩ នេះ​ដែរ ដោយ​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាពពិភពលោក។ នេះ​ជា​អ្វី​ដែល​យើង​អាច​រួមចំណែក​បង្កា និង​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូវីដ ក្នុង​នាមជា​ប្រជាពលរដ្ឋ​ម្នាក់ៗ។ ទឹកមុខ​របស់​ពួកគេ ពេលឮ​​ពី​ដំណឹង​មិន​យក​ថ្លៃ​ជួល តែង​តែ​ដក់​ជាប់​ក្នុង​ភ្នែក​ខ្ញុំ​ជានិច្ច វា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង ពេល​បាន​ជា​ចំណែក​មួយ​ជួយ​ដល់​ពួកគេ"។

"ដរាប​ណា​យើង​មិន​ប៉ះពាល់​សេចក្ដី​សុខ​អ្នក​ដទៃ ខ្ញុំ​មិន​ដែល​គិត​ចង់​បាន​អី​ពី​ពួក​គាត់​ទេ។ ដោយ​ឲ្យ​ពួកគាត់​នៅ​បន្ត មិន​យក​ថ្លៃ​ជួល​នេះ វា​បាន​បង្កើន​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​របស់​ខ្ញុំ និង​ក្រុមគ្រួសារ​ខ្ញុំ។ បើធៀប​ទៅនឹង​អ្វី​ដែល​អ្នក​ជួល​ផ្ទះ​ជួប​ប្រទះ ការ​ចូលរួម​ជួល​សម្រាល​បន្ទុក​របស់​ខ្ញុំ គឺ​មាន​ទ្រង់ទ្រាយ​តូច​តាច​ តែចំពោះ​អ្នក​កំពុង​ជួប​បញ្ហា​វិញ ការ​ជួយ​ក្នុង​គ្រានេះ គឺ​មាន​តម្លៃ​ធំធេង​ណាស់។ ហើយ​ខ្ញុំ​រឹតតែសប្បាយចិត្ត​​ទៀត ពេល​ដឹង​ថា​មាន​ម្ចាស់ផ្ទះ​ជួល​ផ្សេងទៀតនៅខេត្តផ្សេងៗ ដូចជា​កោះកុង​ជាដើម សម្រេចចិត្ត​មិន​ទារ​ថ្លៃ​ឈ្នួល​អ្នក​ជួល​ផ្ទះ​ពួកគាត់"។

"ខ្ញុំ​ពិត​ជា​មាន​ចិត្ត​សប្បាយ​ជំនួស​បងប្អូន​ទាំងនោះ។ ម្យ៉ាង​វិញទៀត អំពើ​របស់​ខ្ញុំ ក៏បាន​តបស្នង​មក​វិញនូវ​ផល​ល្អផងដែរ ដោយ​ម្ចាស់​ដី​ដែល​ខ្ញុំ​ជួល​ធ្វើ​អាជីវកម្ម​ខ្ញុំ ក៏សម្រេច​បន្ធូរ​ថ្លៃ​ជួល​ឲ្យ​ខ្ញុំ​ ចុះ​រហូត​ដល់ ៣០ភាគរយ"។

"ខ្ញុំ​សង្ឃឹម​ថា​ពេល​អង្គការ​សុខភាព​ពិភពលោក និង​អ្នក​វេជ្ជសាស្រ្ដ រកឃើញ​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ១៩ នេះ ស្ថានភាព​ជីវភាពរបស់​យើង​ នឹង​អាច​វិល​ត្រឡប់​មក​ភាពប្រសើរ​ឡើង​វិញ។ ដូច្នេះ​ខណៈ​ពេល​នេះ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ម្នាក់ យើង​សប្បាយ​ចិត្ត​នឹង​ធ្វើ​អ្វី​ដើម្បី​ថែទាំង​សុខភាព​របស់​យើង ឲ្យ​បាន​មាំមួន និង​ចេះជួយ​យក​អាសារ​គ្នា​ក្នុង​ពេល​មាន​អាសន្ន ទើប​យើង​អាច​មាន​អារម្មណ៍​សប្បាយ​ចិត្ត ជីវិងត​មានន័យ"៕

មតិយោបល់