• 2020-06-09 03:20:23
  • សេដ្ឋកិច្ច

ទឹកធ្លាក់អូរជាំ សណ្ដោងទេសភាពធម្មជាតិ អណ្ដែតប៉ះចិត្តទេសចរ

  • 2020-06-09 03:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថា ជាជង្រុកវប្បធម៌បេតិកភណ្ឌ ដ៏សំខាន់មួយរបស់កម្ពុជា។ ប្រាសាទបុរាណ វត្តអារាម សំណង់ស្ថាបត្យកម្មសម័យអាណានិគម គិរីបព៌តល្បីៗជាច្រើននៅខេត្តនេះ បានផ្ដល់នូវសក្ដានុពលយ៉ាងច្រើន ដល់វិស័យទេសចរណ៍។

ទន្ទឹមគ្នានេះ ទឹកដីធម្មជាតិបៃតងនាភាគខាងលិចមួយនេះ ក៏សម្បូរទៅដោយសហគមន៍អេកូទេសចរណ៍ដ៏សម្បូរបែបផងដែរ ក្នុងនោះក៏មានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ដែលកំពុងចូលរួមទាក់ទាញអន្ទងចិត្តរបស់ភ្ញៀវទេសចរគួរឱ្យកត់សម្គាល់។

សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំនេះ មានទីតាំងស្ថិតនៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង និងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីមន្ទីរទេសចរណ៍ខេត្តនេះ។

ស្ថិតតាមជ្រលងភ្នំតូចធំដេរដាសក្នុងតំបន់ការពារធនធានធម្មជាតិ ទឹកធ្លាក់អូរជាំបានបង្កប់ខ្លួនសណ្ដូកកាយក្រោមម្លប់ព្រឹក្សា បង្កើតរឿងព្រេងដិតជាប់អនុស្សាវរីយ៍។ ហូរធ្លាក់ពីនាយកំពូលបុព្វតា ទឹកធ្លាក់ដ៏វែងអន្លាយនេះបានផ្ដល់នូវទេសភាពត្រជាក់ភ្នែក នែបនិត្យក្បែរវិមានរុក្ខគិរីបៃតងដ៏ស្រស់ត្រកាល។ នេះហើយជាសមិទ្ធផលធនធានធានធម្មជាតិ ដែលប្រជាសហគមន៍ខិតខំការពារអភិរក្សកន្លងមក។

ដើរសសៀតាមជ្រលងសិលាពីផ្នែកខាងក្រោមដល់ផ្នែកខាងលើ ភ្ញៀវទេសចរនឹងបានគយគន់បុប្ផាផ្កាព្រៃរីកស្រស់បំព្រងល្អគាប់ភ្នែក ក្រអូបឈ្ងុយឈ្ងប់ពេញឃានិន្ទ្រិយារម្មណ៍។ ជញ្ជាំងថ្មធំៗបញ្ឈរអមសងខាងអូរ រឹតតែធ្វើឱ្យភ្ញៀវដាក់ការសង្ស័យថា ទឹកធ្លាក់អូរជាំនេះហាក់ដូចមានគេចាំងថ្មកែច្នៃ ឬយកទៅធ្វើអ្វីមួយកាលពីសម័យមុន។ តែមិនដូច្នោះទេ ថ្វីដ្បិតជំរុំសហគមន៍នៅតំបន់នេះ គឺកើតឡើងពីធម្មជាតិសុទ្ធសាធ គ្មានកម្លាំងណាមកចាំងកែច្នៃថ្មទាំងមូលនោះឡើយ។

លោតលេងសប្បាយប្រឡែងនឹងទឹកធ្លាក់ដ៏សែនត្រជាក់ដិតជាប់ឱរា ភ្ញៀវទេសចរនឹងទទួលបានអារម្មណ៍ស្រស់ស្រាយជាក់ជាមិនខាន។ ឡើងទៅផ្នែកខាងលើបន្តទៀត ភ្ញៀវទេសចរនឹងបានឃើញនូវអ្វីដែលគេហៅថា «វិមានទេសចរណ៍ធម្មជាតិដ៏សែនរមណីយ» ស្ថិតនៅពិតៗលើផែនពសុធា។ ទឹកធ្លាក់អូរជាំពិតជាមានផលិតផលអេកូទេសចរណ៍ដ៏ច្រើនសម្បូរបែប ហើយមិនខកបំណងទេនៅពេលដែលអ្នកមកទស្សនានៅកន្លែងនេះ។

បើតាមលោក គឹម សុង ប្រធានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ បានឱ្យដឹងថា នៅឆ្នាំ២០០៨ ប្រជាពលរដ្ឋនៅឃុំកំពង់ល្ពៅបានបង្កើតជាសហគមន៍ការពារព្រៃឈើមួយ ក្រោមចំណុះក្រសួងបរិស្ថាន។ ដោយមើលឃើញពីសក្ដានុពលអេកូទេសចរណ៍នៅក្នុងតំបន់ និងទទួលបានការជួយជ្រោមជ្រែងពីក្រសួង និងមន្ទីរទេសចរណ៍ខេត្តផងនោះ ទើបនៅឆ្នាំ២០១៦ សហគមន៍ក៏បានបញ្ចូលបន្ថែមនូវសេវាកម្មទេសចរណ៍រហូតដល់ពេលបច្ចុប្បន្ន។

លោក គឹម សុង បានបន្តថា ក្រៅពីទស្សនាទឹកធ្លាក់នៅក្នុងព្រៃសហគមន៍ ភ្ញៀវទេសចរក៏អាចដើរទស្សនាក្នុងព្រៃ ឬបោះតង់កម្សាន្តនៅពេលរាត្រីបានដែរ ដោយសហគមន៍នឹងមានទទួលរៀបចំបានគ្រប់ពេល។ ក្រៅពីនេះ ភ្ញៀវទេសចរអាចដើរទស្សនាចម្ការដំណាំ និងភ្លក្សផ្លែឈើរបស់ប្រជាពលរដ្ឋ ហើយមានសេវាកម្មផ្ទះស្នាក់ និងសេវាកម្មម្ហូបអាហារផងដែរ៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់