• 2020-07-01 09:30:40
  • ព័ត៌មាន

បញ្ហា ៦យ៉ាងដែលធ្វើឲ្យអ្នកចេះតែឡើងគីឡូមិនឈប់ ទោះមិនញ៉ាំច្រើន

  • 2020-07-01 09:30:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ព្យាយាម​សម្រក​គីឡូ ជា​រឿង​មួយ​ដែល​ពិបាក​បំផុត​សម្រាប់​អ្នក​ធាត់។ ញុំា​មិន​ឈប់ គីឡូ​ចេះ​តែង​ឡើង​ជា​រឿង​ធម្មតា តែ​បើ​ប្រឹង​កាត់​បន្ថយ​ការ​ញុំា​ហើយ គីឡូ​នៅ​តែ​មិនចុះ យល់​ល្អ​គួរ​ទៅ​ជួប​ពេទ្យ​​ពិភាក្សា​រក​មូល​ហេតុ​។ ជា​កា​រពិត​ណាស់ មាន​ហេតុផល​ជាច្រើន​ក្រៅ​ពី​ការ​ញុំា ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ចេះ​តែ​ធាត់​ឡើង​ៗ បើ​ទោះ​ជា​ព្យាយាម​ញុំា​តិច​ជាង​មុខ ដូចជា៖

១.បរិភោគអាហារដែលមិនត្រឹមត្រូវ

ការ​ញ៉ាំ​អាហារ​តិច​នឹង​មិន​អាច​ជួយ​ឲ្យ​ស្រក​គីឡូ​បាន​ឡើយ ប្រសិន​បើ​របប​អាហារ​របស់​អ្នក​រួម​បញ្ចូល​ជាមួយ​អាហារ​ដែល​មាន​កាឡូរី​ខ្ពស់។ អាហារ​មួយ​ចំនួន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សុខភាព​ល្អ ប៉ុន្តែមាន​កាឡូរី​ខ្ពស់​ផង​ដែរ។ ត្រូវ​ចាំ​ថា​ខ្លួន​ប្រាណ​របស់​អ្នក​ក៏​ត្រូវ​ការ​កាឡូរី​ដែរ សំខាន់​ត្រូវ​ញុំា​ក្នុង​កម្រិត​សម​ល្មម ។ មួយ​វិញ​ទៀត​អ្នក​គួរ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ក្នុង​ការ​ញ៉ាំ​អាហារ។

២. ញ៉ាំអាហារមានជីវជាតិ​មិនគ្រប់គ្រាន់ ធ្វើ​ឲ្យបាក់កម្លាំង

ញ៉ាំតិចតែឡើងគីឡូ គឺជាការត្អូញត្អែររបស់មនុស្សដែលចង់ស្រកទម្ងន់។ តាមពិតទៅការញ៉ាំអាហារតិចពេកក៏អាចប៉ះពាល់ដល់លទ្ធផលសម្រកទម្ងន់ផងដែរ។ ញ៉ាំតិចពេក នឹងធ្វើឲ្យរាងកាយខ្វះនូវសារធាតុចិញ្ចឹម លើសពីនេះអ្នកនឹងគ្មានកម្លាំងក្នុងការហាត់ប្រាណ។

កាន់តែធ្ងន់ធ្ងរនោះ អ្នកអាចមានបញ្ហាប្រព័ន្ធរំលាយអាហារ ឬ ឈឺក្រពះ ប្រសិនបើអ្នកចេះតែ ព្យាយាមអត់ពេលដែលក្រពះកំពុងត្រូវការអាហារ។ បើអ្នកចង់ស្រកគីឡូប្រកបដោយសុខភាពល្អ គួរញុំាអាហារ ៣ ពេលឲ្យទៀងទាត់ ដោយប្តូរពីញុំាបាយ មកជាការញុំាបន្លែ ឬ​ គ្រាប់​ធញ្ញជាតិ​ ជាដើម។

៣. ភាពតានតឹង (ស្ត្រេស)

ទោះពីជាអ្នកញ៉ាំតិច និងញ៉ាំអាហារសុខភាពក៏ដោយ តែអ្នកនៅតែឡើងទម្ងន់ដោយសារតែ ស្ត្រេស។ បើអ្នកស្ថិតក្នុងភាពតានតឹង អ័រម៉ូនស្ត្រេសនឹងកើនឡើង ហើយវានឹងប្រមូលផ្ដុំខ្លាញ់នៅជុំវិញតំបន់ពោះរបស់អ្នក។

៤. ជំងឺក្រពេញទីរ៉ូអ៊ីត

ក្រពេញទីរ៉ូអ៊ីត ជាភ្នាក់ងារគ្រប់គ្រងការរំលាយអាហាររបស់អ្នក ដូច្នេះហើយនៅពេលក្រពេញទៅរ៉ូអ៊ីតមិនដំណើរការវានឹងធ្វើឲ្យអ្នកឡើងទម្ងន់។ អ្នកគួរទៅជួបគ្រូពេទ្យប្រសិនបើអ្នកសង្ស័យថាអ្នកមានបញ្ហានេះ ដើម្បីបញ្ជាក់ថាអ្នកមានបញ្ហាមែន ឬអត់ និងអាចព្យាបាលទាន់ពេលវេលា។

៥. គេងមិនគ្រប់គ្រាន់

កង្វះដំណេកញឹកញាប់ អាចបណ្ដាលឲ្យឡើងទម្ងន់ ព្រោះបើដល់ម៉ោងត្រូវដេក តែអ្នកបែរជាដេកមិនលក់ រាងកាយអ្នកនឹងទៅភ្ញោចអ័រម៉ូន leptin និង ghrelin ដែលធ្វើឲ្យអ្នកចេះតែឃ្លានអាហារច្រើនជាមុន។ ម្យ៉ាងគេងមិនគ្រប់គ្រាន់ ធ្វើឲ្យអស់កម្លាំងដែលធ្វើឲ្យអ្នកមិនចង់ធ្វើសកម្មភាពអ្វីឡើយ។

៦.ដុតថាមពលតិចពេក ពេលហាត់ប្រាណ

អ្នកប្រហែលជាដុតកាឡូរី តិចជាងអ្វីដែលអ្នកញ៉ាំ ឬហាត់ប្រាណមិនត្រូវតាមក្បួនដែលជួយ​ឲ្យអ្នក​អាច​សម្រកទម្ងន់។ ប្រយ័ត្ន​មែន​ទែន បើ​​ហាត់​​ខុស​​ក្បាច់​ ឬ តក់ក្រហល់ពេក​ អាច​ធ្វើ​ឲ្យឈឺ​ចាប់រាងកាយ លែងចង់​ហាត់ទៀត​ ឬ ថ្លោះចង្កេះក៏មាន។ គួរ​ចាប់​ផ្តើមហាត់​តាមសម្រួល​ ពីយឺតៗ ទៅលឿន ៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភពដកស្រង់ និងកែសម្រួលចេញពី៖

newhealthadvisor

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់