• 2020-07-02 10:01:15
  • សេដ្ឋកិច្ច

កាន់តែរឹងមាំ! ប្រាសាក់ ទទួលបានកម្ចី ១៥០លានដុល្លារ ពីធនាគារ ខេប៊ី គូកមីន

  • 2020-07-02 10:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសអាជីវកម្ម ដែលបណ្តាលមកពីការរាតត្បាតជាសកលនៃជំងឺកូវីដ-19 ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានបោះជំហានបន្ថែមទៀត ដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន ដោយទទួលបានដោយជោគជ័យក្នុងការទទួលបានអនុបំណុលក្នុងទឹកប្រាក់ ៥០លានដុល្លារអាមេរិក សម្រាប់រយៈពេល ៧ ឆ្នាំ និងកិច្ចសន្យាផ្តល់ទុនក្នុងទឹកប្រាក់ ១០០ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៣ ឆ្នាំ ពីធនាគារ ខេប៊ី គូកមីន ដែលជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកូរ៉េខាងត្បូង និងជាម្ចាស់ភាគទុនិកថ្មីរបស់ប្រាសាក់ចាប់តាំងពីខែមេសា ឆ្នាំ ២០២០។

លោក Chang-Su Choi នាយកនៃសម្ព័ន្ធក្រុមហ៊ុនធុរកិច្ចសាកល នៃធនាគារ ខេប៊ី គូកមីន បានមានប្រសាសន៍ថា «ធនាគារ ខេប៊ី គូកមីន ពិតជារីករាយផ្តល់ឥណទាននេះដល់ប្រាសាក់ ដើម្បីឱ្យប្រាសាក់អាចផ្ដល់ឥណទាននេះបន្តជូនដល់សហគ្រាសធុនតូចបំផុត តូច និងមធ្យម នៅក្នុងប្រទេសកម្ពុជា។ សកម្មភាពនេះនឹងចូលរួមចំណែកស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបង្កើតឱកាសការងារ ក្នុងស្ថានភាពប្រឈមដែលមិនធ្លាប់ជួបប្រទះពីមុនមកនេះ»។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានបញ្ជាក់ថា «ការផ្ដល់ហិរញ្ញប្បទាននេះ នឹងជួយឱ្យប្រាសាក់ពង្រឹងមូលធនកម្មឱ្យកាន់តែរឹងមាំ និងបង្កើនសន្ទនីយភាពដើម្បីបំពេញបានតាមតម្រូវកាអាជីវកម្មរបស់ប្រាសាក់ ក៍ដូចជាផ្តល់លទ្ធភាពច្រើនបន្ថែមទៀតដល់ប្រាសាក់លើការពង្រីកការផ្តល់កម្ចីដល់អាជីវកម្មធុនតូចបំផុត តូច និងមធ្យម ដែលភាគច្រើនមានម្ចាស់ជាស្ត្រី ដើម្បីរក្សានិរន្តរភាពប្រតិបត្តិការអាជីវកម្ម និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ពួកគាត់»។

លោកបានបន្តទៀតថា «ទោះបីស្ថិតក្នុងពេលវេលានៃភាពមិនច្បាស់លាស់នេះក៏ដោយ ប្រាសាក់ នៅតែអាចទទួលបានការជឿជាក់ពីធនាគារ ខេប៊ី គូកមីន តាមរយៈការផ្តល់ឥណទាននេះ។ នេះគឺជាការបង្ហាញពីទំនុកចិត្តដ៏រឹងមាំមិនរង្គោះរង្គើមកលើប្រាសាក់ និងមកលើវិស័យហិរញ្ញវត្ថុទាំងមូលរបស់ប្រទេសកម្ពុជា ព្រមទាំងទស្សនវិស័យវែងឆ្ងាយនៃការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរបស់កម្ពុជា»។

សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក មានអាជ្ញាប័ណ្ណជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន ពីធនាគារជាតិនៃកម្ពុជា។ ក្នុងខែមិថុនា ឆ្នាំ ២០២០ ប្រាសាក់ នៅតែបន្តក្នុងការនាំមុខទីផ្សារ បើគិតពីទ្រព្យសកម្ម ឥណទានដុល ប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់ចំណេញសុទ្ធ។ តាមរយៈការពង្រីកសាខារហូតដល់ ១៨១ សាខា និងម៉ាស៊ីនអេធីអឹម ចំនួន ១៣៨ គ្រឿង គ្របដណ្តប់ទូទាំងប្រទេស ប្រាសាក់ ផ្តល់នូវផលិតផលនិងសេវាហិរញ្ញវត្ថុច្រើនសម្បូរបែបដល់សហគមន៍ និងសហគ្រាសខ្នាតតូចបំផុតនៅជនបទ។ គិតមកដល់ចុងខែមិថុនា ឆ្នាំ ២០២០ លទ្ធផលដ៏ល្អប្រសើររបស់ប្រាសាក់ ត្រូវបានបង្ហាញតាមរយៈកំណើនឥណទានដុលកើនឡើងដល់ ២៦៥៩ លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើពីអតិថិជនចំនួន ១៩២៨ លានដុល្លារអាមេរិក។ ទ្រព្យសកម្មសរុបរបស់ប្រាសាក់ បានកើនឡើងច្រើនជាង ៣៣៩០ លានដុល្លារអាមេរិក។

ចំណែក ធនាគារ ខេប៊ី គូកមីន (KB Kookmin Bank) គឺជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េខាងត្បូង ដែលមានចំនួនសាខាច្រើនជាងគេបំផុតនៅក្នុងវិស័យធនាគារ និងមានអតិថិជនជាង ៣០ លាននាក់ ដែលសមមូលនឹងជាងពាក់កណ្ដាលនៃចំនួនប្រជាជនកូរ៉េទូទាំងប្រទេស។ ធនាគារ ខេប៊ី គូកមីន ក៏ឈរជាធនាគារនាំមុខគេលើសេវាហិរញ្ញវត្ថុឌីជីថលតាមប្រព័ន្ធទូរស័ព្ទចល័ត រួមមាន Liiv និង KB Star Banking ដោយមានអតិថិជនច្រើនជាង ១៥ លាននាក់។ ធនាគារ ខេប៊ី គូកមីន បានដើរតួនាទីសំខាន់ក្នុងការរួមបញ្ចូលគ្នាក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់នៅក្នុង KB Financial Group៕

មតិយោបល់