• 2020-07-23 01:25:06
  • ព័ត៌មាន

សិលាចារឹក ដែលរកឃើញនៅប្រាសាទទន្លេស្ងួតត្រូវបានចុះលេខ K.1459 ក្នុងបញ្ជី សារពើភណ្ឌសិលាចារឹកកម្ពុជា

  • 2020-07-23 01:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិលាចារឹកភាសាស្ត្រឹតមួយផ្ទាំង មានអក្សរ៥៥បន្ទាត់ កម្ពស់១០០ស.ម. ទទឹង ៤០ស.ម. និងកម្រាស់ ២០ស.ម ដែលបានរកឃើញនៅការដ្ឋានជួសជុលប្រាសាទទន្លេស្ងួត កាលពីខែមិថុនា ឆ្នាំ២០២០ ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា តាមរយៈលោកសាស្ត្រាចារ្យ អាំង ជូលាន ទីប្រឹក្សាក្រសួង វប្បធម៌និងវិចិត្រសិល្បៈ បានស្នើសុំឱ្យអ្នកជំនាញផ្នែកសិលាចារឹកខ្មែរមួយក្រុម ហៅថា “ Corpus des Inscriptions Khmères (CIK)” ដែលភាគច្រើនសមាជិកក្រុមនេះ ជាអ្នកបម្រើការនៅសាលាបារាំងចុងបូព៌ា ជួយចុះបញ្ជីសារពើភណ្ឌ។

លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួត ប្រហែលជាសិលាចារឹកពុំទាន់ចុះបញ្ជីនិងពុំទាន់មានអ្នកបានឃើញពីមុនមកទេ ព្រោះសិលាចារឹកនេះជាថ្មចាស់យកពីកន្លែងផ្សេងមកកសាងប្រាសាទទន្លេស្ងួត (ធ្វើជាកម្រាលផ្លូវដើរ) ដែលកសាងក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧។

ដោយឡែកបើពិនិត្យលើទម្រង់អក្សរសិលាចារឹកនេះវិញ យើងសន្និដ្ឋានបានថា ពុំមែនជាអក្សរចារក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ទេ ព្រោះអក្សរមានរាងមូលខុសពីអក្សរក្នុងរាជ្យព្រះអង្គរដែលច្រើនមានរាងជ្រុង។ ដូច្នេះទើបអាជ្ញាធរជាតិអប្សរាបានស្នើឱ្យ CIK ជួយពិនិត្យដើម្បីចុះបញ្ជីលេខសម្គាល់។ ក្រោយពិនិត្យផ្ទៀងផ្ទាត់តាមលក្ខណៈបច្ចេកទេសលើព័ត៌មានមួយចំនួនដែលទទួលបានពីអាជ្ញាធរជាតិអប្សរា CIK បានរកឃើញថា សិលាចារឹកនេះ ពិតជាសិលាចារឹកដែលពុំទាន់បានចុះបញ្ជីនៅឡើយមែន ទើប CIK បានសម្រេចចុះបញ្ជីសិលាចារឹកប្រាសាទទន្លេស្ងួត K.1459។

ចំពោះចំនួនសិលាចារឹកជាភាសាខ្មែរក្តី ជាភាសាសំស្រ្កឹតក្តី ដែលបានរកឃើញនៅលើទឹកដីកម្ពុជានិងនៅលើអតីតទឹកដីកម្ពុជាដែលបានចុះបញ្ជីរួច ចាប់ពីទស្សវត្សរ៍ឆ្នាំ១៩២០ ដែលមានលោក George Cœdès ជាអ្នកដំបូងគេក្នុងការផ្តួចផ្តើមរៀបចំចុះបញ្ជី រហូតមកដល់សព្វថ្ងៃនេះមានចំនួន ១ ៤៥៩ រួមទាំងសិលាចារឹកប្រាសាទទន្លេស្ងួតដែលទើបចុះបញ្ជីរួចថ្មីៗនេះផង។

លោក ទិន ទីណា បានបញ្ជាក់បន្ថែមថា ចំពោះអក្សរ K ដែលដាក់នៅពីមុខលេខនៃលេខសម្គាល់សិលាចារឹកនីមួយៗ គឺជាអក្សរសម្គាល់អត្តសញ្ញាណសិលាចារឹកខ្មែរ។ ដោយឡែក ចំពោះ ខ្លឹមសារសិលាចារឹកទន្លេស្ងួតនេះ អាជ្ញាធរជាតិអប្សរាកំពុងសហការជាមួយលោក Dominic Goodal អ្នកជំនាញខាងផ្នែកភាសាសំស្រ្កឹត និងលោក Dominique Soutif សមាជិកស្ថាប័នសាលាបារាំងចុង បូព៌ា (លោកទាំងពីរក៏ជាសមាជិក CIK) ដើម្បីប្រែសិលាចារឹកថ្មីនេះ៕

អត្ថបទនិងរូបភាព៖ មជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរ

មតិយោបល់