• 2020-07-29 09:05:08
  • ព័ត៌មាន

វត្តឈើខ្មៅ អាយុជាង១០០ឆ្នាំ ផុសនៅលើផ្ទៃទឹក កំពុងសម្ងំលាក់ខ្លួនពីភ្ញៀវទេសចរ នៅបឹងទន្លេសាប

  • 2020-07-29 09:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីអារាមដែលមានអាយុកាលរាប់រយឆ្នាំ កំពុងសម្ងំលាក់ខ្លួនពីភ្ញៀវទេសចរ នៅកណ្ដាលព្រៃរនាមដៃបឹងទន្លេសាប ជាប់នឹងព្រំប្រទល់ខេត្តបាត់ដំបង-សៀមរាប។

វត្តឈើខ្មៅគឺជាអារាមមួយដែលមានអាយុកាលរាប់រយឆ្នាំ នឹងត្រូវបានគេសាងសង់នៅលើទីទួលអណ្ដែតកណ្ដាលផ្ទៃទឹកនារដូវវស្សា ហើយត្រូវបានព័ទ្ធជុំវិញដោយព្រៃរនាមនារដូវប្រាំង។ វត្តមួយនេះមានទីតាំងស្ថិតនៅក្នុងភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ជាមួយភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប។

វត្តឈើខ្មៅគឺជាឈ្មោះដែលគេតែងតែហៅតៗគ្នា ដោយសារតែនៅទីនោះ មានព្រះវិហារមួយត្រូវបានគេសាងសង់ឡើងនៅឆ្នាំ ១៨៨៧ ពីរុក្ខជាតិឈើខ្មៅ។ លក្ខណៈពិសេសមួយទៀតនៃវត្តនេះគឺ មានសាលាបាលីមួយសង់ពីឈើ ប្រក់ស័ង្កសីមានបីជាន់ និងមានអាយុកាលជិត ៦៤ ឆ្នាំ ផុសនៅលើផ្ទៃទឹក។ សព្វថ្ងៃនេះសាលាបាលីនេះ មានសភាពចាស់ទ្រុតទ្រោមខ្លាំង និងពិបាកក្នុងការចូលទៅទស្សនានៅខាងក្នុង ដោយសារតែឈើខ្លះមានភាពពុកផុយអាចប្រឈមនឹងគ្រោះថ្នាក់។

ដើម្បីទៅទស្សនាវត្តឈើខ្មៅ ភ្ញៀវទេសចរទាំងអស់អាចជ្រើសរើសការធ្វើដំណើរតាមម៉ូតូឬទូកម៉ាស៊ីន។ ប្រសិនបើលោកអ្នក ជ្រើសរើសការធ្វើដំណើរដោយម៉ូតូចេញពីខេត្តសៀមរាប តាមផ្លូវជាតិលេខ ៦ ឆ្ពោះទៅឃុំសសរស្តម្ភ។ ពេលយើងធ្វើដំណើរប្រហែលជា ៣០ គីឡូម៉ែត្រនោះនឹងទៅដល់សាលារៀនបឋមសិក្សាសសរស្តម្ភនៅខាងឆ្វេងដៃ នៅជាប់នោះដែរក៏មានផ្លូវដីក្រហមមួយដែលយើងត្រូវធ្វើដំណើរតាមផ្លូវនោះប្រហែលជាជិត ២០ គីឡូម៉ែត្រមុននឹងទៅដល់ដងស្ទឹងសង្កែ។ បន្ទាប់មកទៀតយើងត្រូវជួលទូករបស់អ្នកភូមិ ដើម្បីធ្វើដំណើរឆ្លងស្ទឹងឆ្ពោះទៅវត្តឈើខ្មៅដែលមានចម្ងាយប្រហែលជាមួយគីឡូម៉ែត្រពីកន្លែងចតម៉ូតូ។

ពេលដែលកំពុងធ្វើដំណើរតាមទូក យើងបានឃើញនូវផ្ទាំងទស្សនីយ៍ភាពស្អាតៗជាច្រើនដែលកម្រ នឹងបានឃើញ ដូចជាផ្ទះបណ្ដែតទឹកតូចៗនៅតាមដងស្ទឹងសង្កែ រួមជាមួយការប្រកបរបរកស៊ីចិញ្ចឹមជីវិតរបស់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ ក៏ដូចជាទេសភាពស្អាតៗជាច្រើនទៀត ដែលមិនធ្វើអោយលោកអ្នកខកបំណងឡើយ។

ប្រភព៖ មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង

មតិយោបល់