• 2020-08-24 09:50:00
  • ព័ត៌មាន

ក្រុមហ៊ុនធានារ៉ាប់រងមួយ​នៅ​កម្ពុជា ជាប់ជ័យលាភី​ក្នុងកម្មវិធីពានរង្វាន់ធានារ៉ាប់រងអាស៊ីឆ្នើម ប្រចាំឆ្នាំ២០២០

  • 2020-08-24 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក (ហៅកាត់ថា ស៊ីប៊ី អ៊ីនសួរេន) មានមោទនភាពតំណាងឱ្យប្រទេសកម្ពុជា ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងតែមួយគត់នៅក្នុងប្រទេស ដែលបានជាប់ជ័យលាភីនៅក្នុងកម្មវិធីពានរង្វាន់ធានារ៉ាប់រងអាស៊ីឆ្នើម ប្រចាំឆ្នាំ២០២០នេះ។

កម្មវិធីពានរង្វាន់ធានារ៉ាប់រងអាស៊ី បានឈានចូលឆ្នាំទី ៥ របស់ខ្លួនហើយ ដោយទទួលស្គាល់ក្រុមហ៊ុនធានារ៉ាប់រងឆ្នើមបំផុតនៅអាស៊ីប៉ាស៊ីហ្វិក ដែលឆ្លើយតបជាយុទ្ធសាស្ត្រចំពោះបញ្ហាប្រឈមក្នុងទីផ្សារ បង្កើនការពេញចិត្តរបស់អតិថិជន និងគុណតម្លៃដល់ភាគីពាក់ព័ន្ធ និងរក្សាប្រាក់ចំណូលខ្ពស់។ នៅឆ្នាំនេះ ក្រុមហ៊ុនធានារ៉ាប់រងជាង ៧០ក្រុមហ៊ុន មកពី ២២ប្រទេសបានឈ្នះពានរង្វាន់។

ក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី (CB) ត្រូវបានទទួលស្គាល់ ក្រោមប្រភេទអាជីវកម្មថ្មីផ្នែកធានារ៉ាប់រងប្រចាំឆ្នាំ ដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនធានារ៉ាប់រងទូទៅមួយ ដែលមានការច្នៃប្រឌិតថ្មីបំផុតក្នុងចំណោមក្រុមហ៊ុននានានៅកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាធានារ៉ាប់រង InsurTech ដើម្បីផ្តល់សេវាកម្មដល់អតិថិជនរបស់ខ្លួន។ ពានរង្វាន់នេះទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់ស៊ីប៊ី អ៊ីនសួរេន ក្នុងការជំនះនូវបញ្ហាប្រឈមក្នុងវិស័យ (ធានារ៉ាប់រង) ទន្ទឹមនឹងផ្តល់នូវគុណតម្លៃថ្មី និងការច្នៃប្រឌិតដល់អតិថិជនផងដែរ។

តាមរយៈការឈានមុខគេក្នុងវិស័យ ខាងច្នៃប្រឌិតថ្មី ក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី (CB) បានក្លាយជាក្រុមហ៊ុនដំបូងគេ និងតែមួយគត់របស់កម្ពុជាដែលបង្កើតកម្មវិធីទូរស័ព្ទ (mobile application) តាំងពីខែធ្នូ ឆ្នាំ២០១៩។ កម្មវិធីទូរស័ព្ទក្រុមហ៊ុន CB ណែនាំឱ្យប្រើប្រាស់បណ្ណអេឡិចត្រូនិកផ្នែកធានារ៉ាប់រងសុខភាព (Medical e-cards) ដែលផ្តល់់ភាពងាយស្រួល ជំនួសឱ្យបណ្ណពិតៗដែលប្រើប្រាស់ពីមុនមក។ កម្មវិធីទូរសព្ទក្រុមហ៊ុន CB ផ្តល់ជូនអតិថិជន នូវភាពងាយស្រួល និងសាមញ្ញ ក្នុងការទទួលបាននូវព័ត៌មានលម្អិតនៃបណ្ណធានារបស់ខ្លួន ហើយអាចឱ្យពួកគេតម្លើងការធានាកាន់តែប្រសើរជាងមុន និងស្វែងរកគ្លីនិក ឬមន្ទីរពេទ្យដៃគូរ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។

លោកស្រី ប៊ុន ច័ន្ទមករា អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី(CB) បានមានប្រសាសន៍ថា៖ “វាជាកិត្តិយសណាស់ដែលក្រុមហ៊ុនត្រូវបានទទួលស្គាល់នៅក្នុងកម្មវិធីរង្វាន់ធានារ៉ាប់រងអាស៊ី ដែលនេះជាការប្តេជ្ញាចិត្តរបស់យើងខ្ញុំចំពោះការច្នៃប្រឌិតថ្មី។ ពានរង្វាន់នេះ គឺជាការទទួលស្គាល់ដ៏អស្ចារ្យពីសមិទ្ធិផល និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារវ័យក្មេងរបស់យើងខ្ញុំ។ សមិទ្ធិផលដ៏ធំធេងនេះ ក៏ជាសក្ខីភាពផងដែរថា ដោយសារការធ្វើការជាក្រុមដ៏អស្ចារ្យរបស់បុគ្គលិកយើងខ្ញុំ និងការគាំទ្រពីភាគីពាក់ព័ន្ធរបស់យើងខ្ញុំ ទើបយើងខ្ញុំអាចសម្រេចនូវអ្វីដែលយើងខ្ញុំបានកំណត់។ យើងខ្ញុំប្តេជ្ញានាំយកបច្ចេកវិទ្យាថ្មី និងគម្រូអាជីវកម្មថ្មីៗមកកាន់ទីផ្សារប្រទេសកម្ពុជា ហើយបន្តចូលរួមចំណែកដល់ការរីកចម្រើនក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា។ យើងនឹងពង្រីកសក្តានុពលរបស់បច្ចេកវិទ្យាធានារ៉ាប់រង InsurTech នៅក្នុងទីផ្សារកម្ពុជា ដែលផលិតផល និងសេវាកម្មអាចស្វែងរកបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ចេញពីផ្ទះខ្លួន។ យើងក៏ទន្ទឹងថានឹងមានព្រឹត្តិការណ៍ សមិទ្ធិផល និងពានរង្វាន់ជាច្រើនទៀតសម្រាប់ក្រុមការងាររបស់យើងខ្ញុំនៅក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី CB”។

ការពង្រឹងសមត្ថភាព ក៏ជាផ្នែកសំខាន់មួយទៀតនៃការជំរុញរបស់ស៊ីប៊ី អ៊ីនសួរេន សម្រាប់ការច្នៃប្រឌិតដែរ។ នៅខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី CB បានចុះហត្ថលេខាលើអនុស្សារណៈ យោគយល់ជាមួយមជ្ឈមណ្ឌលសម្រាប់ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍវិជ្ជាជីវៈ (CLPD)។ ភាពជាដៃគូនេះនឹងផ្តល់ឱកាសឱ្យនិស្សិតមកចុះកម្មសិក្សានៅស៊ីប៊ី អ៊ីនសួរេន តាមរយៈCLPD ដើម្បីទទួលបានបទពិសោធន៍ពីវិស័យធានារ៉ាប់រងជាង៣០ឆ្នាំរបស់ក្រុមហ៊ុន ដោយនាំពួកគេឱ្យជួបជាមួយគ្រូបង្វឹកដែលមានបទពិសោធន៍យូរឆ្នាំ និងប្រកបដោយយុទ្ធសាស្ត្រច្នៃប្រឌិត។

អំពីក្រុមហ៊ុនធានារ៉ាប់រងទូទៅ CB

ក្រុមហ៊ុនស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក ត្រូវបានបង្កើតឡើងដោយមានគោលដៅក្លាយជាក្រុមហ៊ុនផ្តល់សេវាធានា រ៉ាប់រងទូទៅឈានមុខគេនៅកម្ពុជា ដែលផ្តល់នូវសន្តិសុខ ការការពារ និងភាពស្ងប់ចិត្ត ក្នុងគ្រាមានហានិភ័យ និង ភាពមិនប្រាកដប្រជា។ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី (CB) ផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងដែលមានល្បឿនលឿន គួរឱ្យទុកចិត្ត និងច្នៃប្រឌិតថ្មី សម្រាប់តម្រូវការផ្ទាល់ខ្លួន និងពាណិជ្ជកម្ម។ ដំណោះស្រាយនេះរួមបញ្ចូល ទាំងការធានា រ៉ាប់រងសម្រាប់យានយន្ត និងមធ្យោបាយដឹកជញ្ជូន (ឡាន ម៉ូតូ) វេជ្ជសាស្រ្ត គ្រោះថ្នាក់ និងគេហដ្ឋាន ជំនួញ (ផ្នែកលក់រាយ អាហារ និងភេសជ្ជៈ សណ្ឋាគារ) អចលនទ្រព្យ វិស្វកម្ម ធានាសង អាកាសចរណ៍ និងផ្លូវទឹកជាដើម។

ក្រៅពីការច្នៃប្រឌិតថ្មី ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី (CB) ប្តេជ្ញាកសាងអនាគតត្រចះត្រចង់ជាមួយប្រទេសកម្ពុជា។ ថ្មីៗនេះ ក្រុមហ៊ុនទើបបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ ដោយចូលរួមបរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារ ដល់មូលនិធិប្រឆាំងជំងឺកូវីត១៩ របស់រាជរដ្ឋាភិបាលកម្ពុជា និងបរិច្ចាគម៉ាស់ការពារមាត់ច្រមុះ ចំនួន១៥០ប្រអប់ និងបន្ទះ អាល់កុលចំនួន ៨៥ ប្រអប់ដល់មន្ទីរពេទ្យព្រះសីហនុ។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី CB និងដំណោះស្រាយធានារ៉ាប់រងផ្នែកឯកជន និងពាណិជ្ជកម្ម សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន (https://cbgeneral.vip/) ឬតាមរយៈទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន (https://www.facebook.com/cbgeneralinsurance/) ឬ ទូរស័ព្ទមកក្រុមហ៊ុនដោយផ្ទាល់តាមរយៈលេខ ០២៣ ៨៩០ ៩៩៩៕

មតិយោបល់