• 2020-08-27 07:05:44
  • ការអប់រំ

​ អំណាចនៃភាពស្ងៀមស្ងាត់ មានអត្ថប្រយោជន៏អ្វីខ្លះ ?

  • 2020-08-27 07:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមពិតទៅ ភាពស្ងៀមស្ងាត់ មិនមែនមានន័យថា គ្មានសកម្មភាពនោះឡើយ ប៉ុន្តែវាគឺជាសកម្មភាពដ៏អស្ចារ្យ ក្នុងកាលៈទេសៈដ៏សមស្របណាមួយ។ ទស្សនវិទូចិន ខុងជឺ និយាយថា “គ្រប់របស់ទាំងអស់ សុទ្ធតែមានសម្រស់របស់វា ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមើលឃើញនោះទេ”។ ដូចនេះ ភាពស្ងៀមស្ងាត់ ក៏មានសម្រស់និងអំណាចរបស់វាដែរ។

មនុស្សជាច្រើន មិនឱ្យតម្លៃលើភាពស្ងៀមស្ងាត់ ហើយបានចាត់ទុកវាថា ជាភាពអសកម្ម ភាពកំសាក ឬជាភាពអន់ខ្សោយមួយ​ប៉ុន្តែនៅក្នុងទស្សនទានជាច្រើនរបស់បុគ្គលជោគជ័យ បែរជាបង្ហាញពីអំណាចដ៏ខ្លាំងក្លានៃភាពស្ងប់ស្ងាត់ទាំងនោះទៅវិញ។ ទស្សនវិទូក្រិកបុរាណ ជូរីភីឌីស (Euripides)​ និយាយថា “ការស្ងៀមស្ងាត់ គឺជាការឆ្លើយតបប្រកបដោយគតិបណ្ឌិតបំផុត”។ ចំណែកម្ចាស់ក្សត្រីអង់គ្លេសដ៏ល្បីល្បាញ អេលីហ្សាប៊ែតទី១ លើកឡើងថា “ខ្ញុំចូលចិត្តសង្កេតនិងបន្តនៅស្ងៀមស្ងាត់”។ តើអ្វីជាអំណាចនៃភាពស្ងៀមស្ងាត់?

ពេលដែលយើង មិនទាន់មានសកម្មភាពឬដំណោះស្រាយដែលមានប្រសិទ្ធភាពមួយ ភាពស្ងៀមស្ងាត់នឹងក្លាយជាសកម្មភាពដ៏មានប្រសិទ្ធភាពបំផុតដោយស្វ័យប្រវត្តិ។ អ្នកមិនអាចប្រថុយធ្វើសកម្មភាពទាំងងងឹតងងុល គ្មានដឹងខុសត្រូវនោះឡើយ។ លទ្ធផល ប្រាកដជាមិនដូចអ្វីដែលយើងចង់បានឡើយ។ សកម្មភាពមិនច្បាស់លាស់ នោះលទ្ធផលនឹងមិនច្បាស់លាស់ដូចគ្នាដែរ។

ឆ្លើយតបនឹងសកម្មភាពដែលខុសរួចហើយឬសកម្មភាពដែលមនុស្សគ្រប់គ្នាដឹងរួចហើយ ភាពស្ងប់ស្ងាត់គឺជាការឆ្លើយតបដ៏អស្ចារ្យមួយ។ មនុស្សឆ្កួតម្នាក់ដែលគ្រប់គ្នាបានស្គាល់ បាននឹងកំពុងជេរអ្នក នោះការស្ងៀមស្ងាត់ គឺជាការឆ្លើយតបដ៏ត្រឹមត្រូវបំផុតមួយដែរ។ ចំណែកការឆ្លើយតបជាមួយរឿងរ៉ាវដែលមនុស្សគ្រប់គ្នាដឹងរួចហើយ នោះការឆ្លើយតបនឹងបង្ហាញពីភាពអន់មួយ ដែលផ្ទុយពីភាពស្ងៀមស្ងាត់ ដែលអាចនឹងក្លាយជាចំណុចខ្លាំងវិញ។

ពេលដែលយើងកំពុងស្ថិតក្នុងភាពមិនអាចគ្រប់គ្រងខ្លួនឯង (Out of Control) ការនៅស្ងៀមជាការល្អប្រសើរបំផុត។ មនុស្សជាច្រើនបង្កើតកំហុសឬខុសឆ្គង នៅពេលដែលអារម្មណ៍របស់ពួកគេខ្លាំងជាងបញ្ញារបស់ខ្លួនឯង ដែលធ្វើឱ្យគេត្រូវធ្វើសកម្មភាពមួយដែលខ្វះការពិចារណាបានត្រឹមត្រូវ។ គេនឹងបញ្ចេញសកម្មភាពមួយទាំងកំហឹង ការច្រណែន ការរំភើបជ្រុល និងអារម្មណ៍ព្រៃជាច្រើនទៀត ជាដើម។ ការចេះជ្រើសរើស ភាពស្ងៀមស្ងាត់បន្តិច ក្នុងកាលៈទេសៈនេះ រហូតដល់ការវិលមករកភាពប្រក្រតីវិញ ក៏ជាវិធីសាស្រ្តដ៏ប្រសើរបំផុតមួយដែរ។

នៅស្ងៀម ក៏ជាវិធីនៃការបិទបាំងសត្រូវ។ ក្នុងសុភាសិតសង្គ្រាម “ស្គាល់ខ្លួនឯងច្បាស់ ស្គាល់សត្រូវច្បាស់ ច្បាំងមួយរយដងឈ្នះមួយរយដង” ដូចនេះការនៅស្ងៀមស្ងាត់ នឹងបង្កការលំបាកដល់សត្រូវស្គាល់ពីស្ថានភាពរបស់អ្នក។ វាគឺជាយុទ្ធសាស្រ្តបិទបាំងដ៏អស្ចារ្យមួយដែរ។ អ្នកមិនបញ្ចេញអ្វីសោះ សត្រូវពិតជាពិបាកដឹងថា អ្នកកំពុងធ្វើអ្វី កំពុងគិតពីយុទ្ធសាស្រ្តអ្វី ហើយមិនដឹងថា អ្នកខ្លាំងប៉ុណ្ណាឬខ្សោយប៉ុណ្ណានោះទេ។ សរុបមក គ្រប់យ៉ាងសុទ្ធតែមានសម្រស់ ហើយភាពស្ងៀមស្ងាត់ ក៏មានសម្រស់របស់វាដែរ។ ការចេះប្រើប្រាស់ ភាពស្ងៀមស្ងាត់ ត្រឹមត្រូវតាមកាលៈទេសៈមួយ គឺជារឿងអស្ចារ្យបំផុត ប៉ុន្តែមិនមែនត្រូវប្រើប្រាស់គ្រប់ពេលវេលានិងគ្រប់ទីកន្លែងនោះទេ៕

ប្រភព៖ អ្នកនិពន្ធ ឈុំ សីហា

មតិយោបល់