• 2020-08-29 02:18:01
  • ព័ត៌មាន

ស.ស.យ.ក សម្ពោធប័ណ្ណសមាជិកភាព ដែលមានទម្រង់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណ​​ទូទាត់ចំណាយផង

  • 2020-08-29 02:18:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសសម្ពោធការប្រើប្រាស់ប័ណ្ណសមាជិកភាពដែលមានមុខងារពីរក្នុងប័ណ្ណតែមួយ។ លក្ខណៈពិសេសរបស់ប័ណ្ណនេះ គឺមិនត្រឹមតែជាប័ណ្ណសម្គាល់អត្តសញ្ញាណសមាជិកប៉ុណ្ណោះទេ តែជា ប័ណ្ណដែលសមាជិក សមាជិកា អាចប្រើប្រាស់សម្រាប់ទូទាត់ចំណាយនានាផងដែរ ដែលនេះ​ជាលើកដំបូង​ហើយ សម្រាប់​អង្គការ/សមាគម ដែល​​មាន​ប័ណ្ណសមាជិកភាព ដែលមានទម្រង់ជាប័ណ្ណសម្គាល់ខ្លួនផង និងជាប័ណ្ណដែលអាចបម្រើឱ្យការទូរទាត់ចំណាយនានាផងបែបនេះ។

កម្មវិធីបើកដំណើរការប័ណ្ណសមាជិកភាព និងកម្មវិធី App ស.ស.យ.ក ធ្វើឡើង​នាថ្ងៃទី២៨ ខែសីហា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល រួមជាមួយនឹងតំណាងស្ថាប័ន និងក្រុមហ៊ុនដែលជាដៃគូសហការ នៅហាង Hard Rock Cafe សាខា Exchange Square Phnom Penh។

តើអ្វីខ្លះដែលធ្វើឱ្យប័ណ្ណសមាជិកភាពនេះមានលក្ខណៈពិសេស?

ប័ណ្ណសមាជិភាពនៃស.ស.យ.ក. ត្រូវបានរចនាឡើងជាទម្រង់ Pre-Paid UNIONPAY Card ដែលអ្នកប្រើប្រាស់អាចធ្វើការបញ្ជូលប្រាក់ និងចំណាយដូចកាតធនាគារ។ ប័ណ្ណនេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់អាចប្រតិបត្តិការសម្រាប់ការទិញទំនិញនានា នៅបណ្តាហាងទំនិញ ភោជនីយដ្ឋាន ដែលជាដៃគូរសហការជាមួយនឹងការបញ្ចុះតម្លៃតាមលក្ខខណ្ឌដែលបានកំណត់។

កម្មវិធី UYFC App នឹងក្លាយជាប្រព័ន្ធទំនាក់ទំនងសង្គមថ្មីមួយសម្រាប់សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស

ស.ស.យ.ក. បានដាក់ដំណើរការកម្មវិធី App របស់ខ្លួនដែលមានទម្រង់ ជាបណ្តាញទំនាក់ទំនងសង្គម សម្រាប់សមាជិក សមាជិកា ប្រើប្រាស់ក្នុងការចែករំលែកព័ត៌មាន និងភ្ជាប់ទំនាក់ទំនងជិតស្និតរវាងគ្នា និងគ្នា។ កម្មវិធី App ស.ស.យ.ក. នេះ ផងដែរ នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ទាំងអស់ អាចពិនិត្យរបាយការណ៍ប្រតិបត្តិការសាច់ប្រាក់នៃគណនី UYFC Pre-Paid UNIONPAY Card របស់ខ្លួន។ លើសពីនេះទៅទៀត តាមរយៈកម្មវិធី App នេះដែរ នឹងអនុញ្ញាតឱ្យមហាជន ជាពិសេសយុវជនដែលមានបំណងចូលរួមជាសមាជិក ស.ស.យ.ក. អាចចុះឈ្មោះបានតាមទម្រង់ជាប្រព័ន្ធអនឡាញ ដែលនេះជាយន្តការថ្មីមួយសម្រាប់ ស.ស.យ.ក. ក្នុងការរៀបចំពន្លឿនការធ្វើបច្ចុប្បន្នភាព និងសម្រួលការចុះឈ្មោះសមាជិកថ្មី។

សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមគំនិតឱ្យមានការរៀបចំជាប័ណ្ណសមាជិកភាពទម្រង់ថ្មី និងកម្មវិធី «App» ស.ស.យ.ក. នេះឡើងក្នុងគោលបំណង៖ (១) ដើម្បីថ្លែងអំណរគុណ និងទទួលស្គាល់ចំពោះការចូលរួមឥតស្រាកស្រាំរបស់សមាជិក សមាជិកា គ្រប់ៗរូប ដែលបានខិតខំប្រឹងប្រែងរួមគ្នាលើដំណើរបេសកកម្មក្នុងបុព្វហេតុជាតិ មាតុភូមិកន្លងមក និងទៅអនាគត (២) ផ្តល់ជាវេទិកាថ្មីមួយដែលផ្សារភ្ជាប់យុវជន សមាជិក សមាជិកា ស.ស.យ.ក. ទៅនឹងដំណើរវិវត្តនៃបច្ចេកវិទ្យា ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ និង(៣) បង្ហាញពីមោទនភាពរបស់ក្រុមគ្រួសារ ស.ស.យ.ក. ចំពោះអតីតកាល និងសមិទ្ធផលរបស់ខ្លួននាពេលកន្លងមក និងការបោះជំហានទៅអនាគត ជាមួយទំនើបភាពបច្ចេកវិទ្យា ជីវភាពបែបថ្មី ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ និងអនាគតប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី ​បានយកឱកាសនេះថ្លែងអំណរគុណដល់សមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក.ទូទាំងប្រទេស ដោយឯកឧត្តមបានមានប្រសាសន៍ថា៖ « កិត្តិនាម ការទទួលស្គាល់ និងភាពភាពជោគជ័យរបស់ ស.ស.យ.ក. គឺកើតចេញពីការចូលរួមរបស់សមាជិក សមាជិក ស.ស.យ.ក គ្រប់ៗរូប ក្នុងការផ្តល់ក្តីស្រលាញ់ លះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន មកចូលរួមជាមួយគ្នាសម្រេចនូវស្នាដៃមួយដែលកើតចេញពីការស្ម័គ្រចិត្ត ជាពិសេសការរួមដំណើរជាមួយគ្នា ក្នុងបេសកកម្ម បុព្វហេតុជាតិ មាតុភូមិកន្លងមក និងទៅអនាគត»។

ពាក់ព័ន្ធនឹងការបើកដំណើរការប័ណ្ណសមាជិកភាព និងកម្មវិធី App ស.ស.យ.ក ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកការងាររៀបចំបើកដំណើរការប័ណ្ណសមាជិកភាព និងកម្មវិធី App ស.ស.យ.ក បានមានប្រសាសន៍ថា៖ «ការបញ្ចូលសមាជិកភាពសម្រាប់ប្រព័ន្ធថ្មីនេះ នឹងត្រូវបានធ្វើឡើងជាបន្តបន្ទាប់តាមកាលបរិច្ឆេទ តាមគោលដៅរាជធានីខេត្តនិមួយៗ។ ថ្ងៃនេះគឺគ្រាន់តែជាការចាប់ផ្តើម និងធ្វើការសាកល្បងមួយកម្រិត ហើយជាបន្តបន្ទាប់ សមាជិក សមាជិកាទូទាំងប្រទេសនឹងបានចូលរួមគ្រប់ៗគ្នា។»

គួរបញ្ជាក់ផងដែរថាសហភាពសហព័ន្ធយុវជនកម្ពុជា គឺជារណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជាដែលបន្តសកម្មភាពពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ជាមួយនឹងសកម្មភាព និងសមិទ្ធផលដែលសម្រេចបានជាបន្តបន្ទាប់ ស.ស.យ.ក. បាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការ លើកកម្ពស់ការចូលរួមរបស់យុវជន ដោយប្រកាន់ភ្ជាប់នូវសច្ចៈធម៌ ប្រវត្តិសាស្ត្រ ដែលយុវជនជំនាន់ក្រោយអាចស្វែងយល់ច្បាស់ពីពលិកម្មគ្រប់បែបយ៉ាងរបស់អតីតយុវជនជំនាន់មុន ក្នុងការការស្ម័គ្រចិត្តលះបង់កម្លាំងកាយ ចិត្ត និងទាំងជីវិត ប្រកបដោយស្មារតីសាមគ្គីភាព និងឯកភាព ដើម្បីបុព្វហេតុរួមរបស់កម្ពុជា។ ក្នុងដំណើរឆ្ពោះទៅមុខក្នុងបរិបទថ្មីនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ស.ស.យ.ក. នឹងបន្តបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសមត្ថភាពយុវជន យុវនារីកម្ពុជា ទាំងស្មារតី ចំណេះដឹង និងជំនាញ ដើម្បីក្លាយជាយុវជនដ៏ឆ្នើម ជាធនធានពោរពេញទៅដោយសមត្ថភាពអាចប្រកួតប្រជែងក្នុងឆាកអន្តរជាតិ និងអាចរួមគ្នាពង្រឹងកិត្យានុភាពកម្ពុជានៅកម្រិតតំបន់ និងពិភពលោក។ ជាក់ស្តែង ការរៀបចំប័ណ្ណសមាជិកភាពថ្មី និងការបង្កើតកម្មវិធី “App” ស.ស.យ.ក. នេះឡើង ក៏ជាការចូលរួមចំណែក ដ៏សំខាន់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងធនធានមនុស្សដែលមានជំនាញមធ្យម និងកម្រិតខ្ពស់ ហើយមានសមត្ថភាពនៅក្នុងការ ប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីទាញយកផលប្រយោជន៍ពីកាលានុវត្តភាពនានាក្នុងបរិបទដិវត្តន៍ឧស្សាហកម្ម៤.០៕

មតិយោបល់