• 2020-09-02 04:24:32
  • ព័ត៌មាន

ស្វីសប្ដេជ្ញាបន្តជួយបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់ពលរដ្ឋកម្ពុជា រយៈពេល៤ឆ្នាំទៀត

  • 2020-09-02 04:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យទេសចរណ៍កម្ពុជាកាន់តែមានសង្ឃឹមមួយកម្រិតទៀត ខណៈការិយាល័យសហប្រតិបត្តិការស្វីស​បានពាំនាំដំណឹងមកជម្រាប​ប្រាប់ក្រសួង​ទេសចរណ៍​ឱ្យដឹងថា រដ្ឋាភិបាលស្វីសនឹងបន្តជួយគាំទ្រលើគម្រោងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅខេត្តភាគខាងជើង និងភាគឦសាន រយៈពេល​៤ឆ្នាំទៀត។

ការងារនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ម៉ាខឺស ប័រលី (Markus Buerli) នាយកការិយាល័យសហប្រតិបត្តិការស្វីស នៃស្ថានអគ្គកុលស៊ុលស្វីសប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។

លោក ម៉ាខឺស ប័រលី បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២២-២០២៥ ខាងមុខ រដ្ឋាភិបាលប្រទេសស្វីសនឹងដាក់ចុះគម្រោងអភិវឌ្ឍន៍ធំថ្មីមួយទៀត ដែលនឹងអនុវត្តតាមប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ គម្រោងនេះនឹងត្រូវអនុវត្តលើវិស័យជាច្រើន ដូចជា វិស័យទេសចរណ៍ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម។

ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ថ្មី ២០២២-២០២៥ នេះទៀតសោត ស្វីសនឹងបន្តជួយអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជានៅតាមខេត្តភាគខាងជើង និងភាគឦសាន ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី។

ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានបង្ហាញព័ត៌មានពិសេសមួយទៅកាន់លោក ម៉ាខឺស ដែរថា ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំផែនទីចង្អុលទិស ឆ្នាំ២០២០-២០២៥ ដែលនឹងមានការចែកចេញជា៣ដំណាក់កាល រួមមាន៖

  • ឆ្នាំ២០២០-២០២១ ជាដំណាក់កាលមុនការងើបឡើងវិញនូវវិស័យទេសចរណ៍ ដែលស្ថិតក្នុងពេលគ្រប់គ្រងវិបត្តិ

  • ឆ្នាំ២០២១-២០២៣ ជាដំណាក់កាលដោះស្រាយផលលំបាកនានាដែលកើតចេញពីវិបត្តិជំងឺកូវីដ ដើម្បីជួយដល់វិស័យទេសចរណ៍

  • ឆ្នាំ២០២៣-២០២៥ ជាដំណាក់កាលពង្រឹងវិស័យទេសចរណ៍ឡើងវិញ ដើម្បីវឌ្ឍនភាពទៅថ្ងៃអនាគត។

ប្រភព៖ ក្រសួងទេសចរណ៏

មតិយោបល់