• 2020-09-09 04:54:50
  • ព័ត៌មាន

បើចង់ទៅមើលអប្សរាចេញធ្មេញ នៅប្រាសាទអង្គរវត្ត តើត្រូវទៅមើលនៅម្តុំណា ?

  • 2020-09-09 04:54:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកធ្លាប់ដឹងទេ ថានៅប្រាសាទអង្គរវត្តមានចម្លាក់អប្សរាដល់ទៅ ១៧៣៧ ផ្ទាំង ប៉ុន្តែមានតែរូប មួយផ្ទាំងប៉ុណ្ណោះដែលញញឹមចេញធ្មេញ។

មានការអះអាងថា «ការញញឹមចេញធ្មេញ ឬមិនចេញធ្មេញ វាអាស្រ័យទៅនឹងអត្តចរិករបស់នារីនោះ។ ការញញឹមចេញធ្មេញ ប្រហែលសម្គាល់ទៅលើនារីធម្មតាៗ ឯមិនចេញធ្មេញវិញ វាប្រហែលជាសំដៅទៅលើនារីគ្រប់លក្ខណ៍»។ ឯទស្សនៈមួយទៀតបានលើកឡើងថា «រូបអប្សរាចេញធ្មេញ ឬមិនចេញធ្មេញ វាអាស្រ័យទៅតាមអារម្មណ៍របស់អ្នកឆ្លាក់។ បើអ្នកឆ្លាក់មានអារម្មណ៍ល្អ គេនឹងឆ្លាក់រូបអប្សរាចេញមកមានស្នាមញញឹមយ៉ាងពព្រាយ។ តែបើអ្នកឆ្លាក់មានអារម្មណ៍ធម្មតា នោះរូបអប្សរានឹងញញឹមតែបន្តិចប៉ុណ្ណោះ»

បើចង់ទៅមើលអប្សរាចេញធ្មេញ តើទៅមើលនៅឯណា?

បើចង់ទៅឃើញរូបចម្លាក់នេះដោយផ្ទាល់ យើងត្រូវដើរលើស្ពានធំមួយ ឆ្លងកាត់កសិណទឹក រហូតដល់គោបុរៈទី១ (រាប់ពីក្រៅចូលក្នុង) ឬក្លោងទ្វារខាងលិច។ គោបុរៈនេះ មានច្រកចូលបី ដោយច្រកចូលធំ ស្ថិតនៅចំកណ្តាល និងច្រកចូលពីរទៀត ស្ថិតនៅអមសងខាង។ ប្រសិនបើអ្នកចង់ទៅមើលអប្សរាដែលចេញធ្មេញនោះ អ្នកត្រូវធ្វើដំណើរទៅកាន់ច្រកចូលដែលស្ថិតនៅទិសខាងត្បូងនៃច្រកចូលធំកណ្តាល (ស្ថិតនៅខាងស្តាំដៃ)។ ពេលមកដល់ច្រកចូលនេះ អ្នកនឹងឃើញបដិមារបស់ព្រះវិស្ណុដៃ៨ (៤គូ) តាំងនៅចំកណ្តាលផ្លូវបែរជាបួន ដែលត្រូវបានគេស្គាល់ជាទូទៅថា«តារាជ» និងជាទីសក្ការៈបូជារបស់អ្នកមានអបិយជំនឿ។ ក្រោយរូបបដិមារបស់តារាជ អ្នកនឹងឃើញច្រកចេញពីគោបុរៈនេះ ចុះទៅកាន់ទីរាបធៀបនឹងដី។

ប្រភព៖ ហ្វេសប៊ុកផេក A Minute of things

មតិយោបល់