• 2020-09-10 08:05:56
  • ការអប់រំ

យុវតីមួយរូបរៀបរៀងសៀវភៅ “ថាមពលស្ដ្រី” ដើម្បីឱ្យស្ដ្រីស្គាល់ពីថាមពលរបស់ខ្លួន

  • 2020-09-10 08:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ថាមពលស្ដ្រី» គឺជាចំណងជើងសៀវភៅថ្មីមួយ រៀបរៀងដោយយុវតីមួយរូប ដែលបានចេញផ្សាយកាលពីចុងខែសីហា ឆ្នាំ២០២០នេះ។ សៀវភៅនេះ ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងច្រើន ពិសេសទាំងលើចំណងជើងនិងខ្លឹមសារ។ កញ្ញា ញ៉ែម វីរៈ បង្ហាញនូវមូលហេតុ និងក្តីរីករាយអំពីការរៀបរៀងនិងចេញផ្សាយសៀវភៅថ្មីមួយនេះ។

កញ្ញា បានបញ្ជាក់ថា ការរៀបរៀងសៀវភៅនេះ ដំបូងផ្តើមពីការអានសៀវភៅនិងអត្ថបទខ្លីៗ រួមទាំងទស្សនៈជាច្រើននៅតាមអ៊ិនធឺណិត។ ដោយសារទទួលបានគំនិតនិងទស្សនៈល្អៗបែបនេះ និងម្យ៉ាងចង់ចែករំលែកទៅកាន់អ្នកដទៃផង ពិសេសដើម្បីលើកទឹកចិត្តស្ដ្រីដូចគ្នាផង ខ្លួនក៏បានស្រាវជ្រាវនិងចងក្រងសៀវភៅនេះឡើង។ កញ្ញាបានបញ្ជាក់បន្ថែមថា ខ្លួនបានចំណាយពេលប្រមាណជាង២ខែប៉ុណ្ណោះ ដើម្បីរៀបរៀងសៀវភៅតូចមួយនេះ ក្រោមការជួយជ្រោមជ្រែងពីក្រុមការងាររបស់គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក។

ជុំវិញសំណួរថា “ហេតុអ្វីដាក់ចំណងជើងបែបនេះ?” យុវតីវ័យ២៨ឆ្នាំរូបនេះ បានបញ្ជាក់ថា គឺដោយសារខ្លួនបានសង្កេតឃើញពីសារសំខាន់របស់ស្ដ្រី នាពេលបច្ចុប្បន្នទាំងក្នុងគ្រួសារនិងសង្គមជាតិ។ កញ្ញាបានលើកឡើងថា “បើអ្នកជាស្ដ្រី អារម្មណ៍ដំបូងពេលឃើញចំណងជើងនេះ ប្រហែលជាមានមោទកភាពចំពោះខ្លួនឯង ទោះបីមិនទាន់ដឹងថា មោទកភាពលើអ្វីក៏ដោយ ប៉ុន្តែសម្រាប់បុរសវិញ អាចនឹងឆ្ងល់ហើយចង់ដឹងថា តើស្រ្តីមានថាមពលខ្លាំងកម្រិតណា”។ ទោះបីមានចំណងជើងបែបនេះក្តី កញ្ញាបានបញ្ជាក់យ៉ាងច្បាស់ថា “ខ្លឹមសារពិតប្រាកដមិនមែនចង់ប្រៀបធៀបរវាងថាមពលស្រ្តីនិងថាមពលបុរសនោះទេ”។ អ្នករៀបរៀងសៀវភៅរូបនេះសង្ឃឹមថា ចំណងជើងខ្លីត្រឹមតែពីរពាក្យនេះ ពិតជាអាចជួយជំរុញលើកទឹកចិត្តស្ដ្រីបានខ្លះ ជាពិសេសគឺខ្លឹមសារខាងក្នុងសៀវភៅ។

ជុំវិញខ្លឹមសារសៀវភៅវិញ “តើមានអ្វីពិសេស?” កញ្ញា ញ៉ែម វីរៈ បានបញ្ជាក់ថា ខ្លឹមសារអាចពិសេសសម្រាប់នារីៗ ក្នុងការស្វែងរក ស្វែងយល់ និងឱ្យតម្លៃខ្លួនឯង។ បើអ្នកជាស្រ្តី អ្នកត្រូវស្វែងរកថាមពលរបស់ខ្លួនឱ្យឃើញ ហើយក្លាហានយកវាមកប្រើប្រាស់ក្នុងជីវិតអ្នក។ សម្រាប់បុរសៗ ក៏គួរស្វែងយល់ឱ្យបានច្រើន ត្បិតស្រ្តីគឺជាដៃគូមិនអាចខ្វះបានរបស់ខ្លួន ដែលយើងគួរតែឱ្យតម្លៃនិងទទួលស្គាល់ថាមពលទាំងនោះ។ កញ្ញា បានបន្ថែមថា សៀវភៅនេះជាបណ្តុំនូវទស្សនៈនិងគំនិតខ្លីៗរបស់បុគ្គលល្បីល្បាញមួយចំនួនក្នុងពិភពលោក ដែលត្រូវបានចែកជាផ្នែកៗ ដើម្បីធ្វើឱ្យអ្នកអានងាយស្រួលក្នុងការសិក្សាស្វែងយល់។

ទោះបីយ៉ាងនេះក្តី កញ្ញាបានលើកឡើងអំពីចំណុចខ្វះខាតមួយចំនួន ដោយសារទស្សនៈខ្លះមិនទាន់មានប្រភពច្បាស់លាស់ ទោះបីជាវាមានអត្ថន័យនិងប្រយោជន៍សម្រាប់អ្នកអានក្តី។ ចំណុចមួយទៀតគឺការប្រែសម្រួលទស្សនៈខ្លះៗដែលពិបាកយល់ ដែលទាមទារឱ្យពិនិត្យយ៉ាងល្អិតល្អន់ និងចេះប្រើប្រាស់ពាក្យឱ្យបានសមស្រប ដើម្បីធ្វើឱ្យអ្នកអានងាយយល់ ដូចនេះទើបកញ្ញាសម្រេចចិត្តរក្សាទុកប្រភពដើមជាភាសាអង់គ្លេសនៅជាមួយគ្នា។ ទោះបីយ៉ាងណា យុវតីរូបនេះប្តេជ្ញាចិត្តថា នឹងកែសម្រួលឱ្យកាន់តែល្អបំផុតសម្រាប់ការបោះពុម្ពលើកក្រោយ។ កញ្ញា ឆ្លៀតបង្ហើបអំពីផែនការបន្ទាប់ថា នឹងបន្តសរសេរសៀវភៅដោយផ្ដោតសំខាន់ទៅលើការលើកកម្ពស់ស្ដ្រីដដែល ដោយគាត់ចាត់ទុកសៀវភៅ “ថាមពលស្ដ្រី” នេះជាការចាប់ផ្តើមដ៏ល្អ ហើយក៏ជាជ្រុងតូចមួយក្នុងការបង្ហាញឱ្យគ្រប់គ្នាបានដឹងនិងទទួលស្គាល់ថា ពិភពលោកពិតជាមិនអាចខ្វះស្រ្តីបាន ហើយវាមិនមែនជារឿងដែលទើបនឹងកើតឡើងក្នុងពេលបច្ចុប្បន្ននេះទេ តែវាបានកើតឡើងជាប្រវត្តិសាស្ដ្ររួចមកហើយ។

សូមបញ្ជាក់ម្តងទៀតថា សៀវភៅ «ថាមពលស្ដ្រី» ត្រូវបានរៀបរៀងដោយ កញ្ញា ញ៉ែម វីរៈ ដែលត្រូវបានដាក់លក់នៅតាមបណ្ណាគារនិងទីតាំងមួយចំនួន។ បងប្អូនដែលចង់រកសៀវភៅនេះ អាចទាក់ទងទៅគ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក តាមហ្វេសប៊ុកផេក heartbookcambodia ។

ប្រភព៖ គ្រឹះស្ថានបោះពុម្ពហាតប៊ុក

មតិយោបល់