• 2020-09-10 10:18:33
  • ព័ត៌មាន

សារធាតុគីមីជាង១សែន៣ម៉ឺនប្រភេទ ត្រូវបានផលិត និងចរាចរណ៍នៅលើទីផ្សារពិភពលោក

  • 2020-09-10 10:18:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពង្រឹងស្ថាប័នសម្រាប់ប្រសិទ្ធភាពលើការសម្របសម្រួលបំពេញកាតព្វកិច្ចជាភាគីនៃអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងការគ្រប់គ្រងសារធាតុគីមីគ្រោះថ្នាក់ និងសំណល់គ្រោះថ្នាក់» នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានថ្លែងឲ្យដឹងថា តាមការសិក្សាបានបង្ហាញថា សារធាតុគីមីជាង ១៣០ ០០០ ប្រភេទ ត្រូវបានផលិត និងចរាចរណ៍នៅលើទីផ្សារពិភពលោក សម្រាប់បម្រើនៅក្នុងវិស័យជាច្រើន។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្នុងចំណោមសារធាតុគីមីទាំងនោះ មានតែប្រភេទសារធាតុគីមីតិចតួចប៉ុណ្ណោះ ដែលបានដាក់ស្លាកសញ្ញាត្រឹមត្រូវ បានសិក្សាអំពីផលប៉ះពាល់ និងដឹងអំពីប្រភពនៃការធ្វើចរាចរណ៍។ ជាមួយគ្នានេះ ឯកឧត្តម ជំរុញឲ្យមានការយកចិត្តទុកដាក់ក្នុងការទុកដាក់ និងការប្រើប្រាស់សារធាតុគីមីឲ្យបានត្រឹមត្រូវ ក៏ដូចជាការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ អំពីការប្រើប្រាស់សារធាតុគីមីផងដែរ។ ការប្រើប្រាស់ ឬការស្តុកទុកសារធាតុគីមី និងការបោះចោលសំណល់ មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស នឹងបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសុខភាពសាធារណៈ ដូចជា ការធ្វើឲ្យខូចគុណភាពដី ការបំពុលទឹក និងខ្យល់ ព្រមទាំងការបង្កឲ្យកើតមានជំងឺរ៉ាំរ៉ៃ ជំងឺមហារីក ការប៉ះពាល់ដល់ការបង្កកំណើត ឬការលូតលាស់របស់ទារក។

ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានបញ្ជាក់ថា ការបំពុលបរិស្ថាន ដែលបង្កឡើងដោយការប្រើប្រាស់សារធាតុគីមី និងការបោះចោលសំណល់មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស គឺជាបញ្ហាមួយជាសកល ដែលប្រទេសជាច្រើនកំពុងប្រឈម និងរកដំណោះស្រាយ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ គឺតម្រូវឲ្យមានកិច្ចសហការពីគ្រប់ភាគីតាមរយៈការអនុវត្តអនុសញ្ញាអន្តរជាតិ និងវិធានការថ្នាក់ជាតិ។

សូមរម្លឹកថា បច្ចុប្បន្ន មានអនុសញ្ញាអន្តរជាតិសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងសារធាតុគីមី និងសំណល់គ្រោះថ្នាក់មានចំនួន០៥ រួមមាន៖

១ - អនុសញ្ញាបាសែល ស្តីពីការត្រួតពិនិត្យចលនាដឹកជញ្ជូន និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ឆ្លងដែន

២ - អនុសញ្ញារ៉ូថឺដាម ស្តីពីនីតិវិធីនៃការយល់ព្រមផ្តល់ព័ត៌មានជាមុន ចំពោះសារធាតុគីមី និងថ្នាំកសិកម្មគ្រោះថ្នាក់ក្នុងពាណិជ្ជកម្មអន្តរជាតិ

៣ - អនុសញ្ញាស្តុកខូម ស្តីពីសារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ

៤ - អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន និងពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន និង

៥ - អនុសញ្ញាមីណាម៉ាតា ស្តីពីបារត ដែលមានគោលបំណងសំខាន់រួម គឺការពារសុខភាពសាធារណៈ និងបរិស្ថាន៕

ប្រភព៖ ក្រសួងបរិស្ថាន

មតិយោបល់