• 2020-09-24 08:44:11
  • ព័ត៌មាន

កម្ពុជា និងរុស្ស៊ី រឹតចំណងការទូតបានយ៉ាងល្អអស់រយៈពេល ៦៤ឆ្នាំហើយ

  • 2020-09-24 08:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា និងរុស្សី មានទំនាក់ទំនងការទូតយ៉ាងល្អ ជាមួយគ្នា អស់រយៈពេល៦៤ឆ្នាំ ហើយ ឆ្នាំក្រោយនេះ គឺជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២។

នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០នៅក្នុងជំនួបមួយ រវាងសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនងការទូតមកទល់ពេលនេះ គឺមានរយៈពេល៦៤ឆ្នាំ ហើយនៅឆ្នាំក្រោយនេះគឺជាខួប៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី។

នៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ ឯកឧត្តមនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាដើម្បីពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការដែលមានស្រាប់នេះ ឱ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសលើវិស័យ អភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត និងវិស័យដទៃទៀតដែលនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសទាំង២។

ឯកឧត្តម ឧត្តម អាណាថូលី បូរូវីក (ANATOLY BOROVIK) បានថ្លែងអំណរគុណ និងអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ ចំពោះថ្ងៃខួបទី២៧ ឆ្នាំនៃថ្ងៃបង្កើត និងការប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ។ តាមពិតទៅ អាណាថូលី បូរូវីក (ANATOLY BOROVIK) បានមកកាន់ប្រទេសកម្ពុជាយើងតាំងពីឆ្នាំ ១៩៨៤ ដែលមកបម្រើការងារជាលេខាទូតរបស់ស្ថានទូតរុស្ស៊ី ។ ឯកឧត្តមបានចំណាយពេលជាច្រើនឆ្នាំនៅកម្ពុជា ហើយឯកឧត្តមក៏អាចនិយាយភាសាខ្មែរបានយ៉ាងច្រើនទៀតផង។ ឯកឧត្តម ANATOLY BOROVIK បានមើលឃើញពីដំណើរការវិវត្តន៍ដ៏ឆាប់រហ័សនៃប្រទេសកម្ពុជា និងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី ដែលកំពុងរីកចម្រើនទៅមុខជាលំដាប់។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍អំពីជំនួយរបស់រុស្ស៊ីមកកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសការជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលនូវធនធានមនុស្សល្អៗសម្រាប់បម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលបានជួយជំរុញឲ្យកម្ពុជារីកចម្រេីនរហូតមកដល់ពេលនេះ។

លើសពីនេះទៅទៀតសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានសំដែងនូវការអបអរសាទរចំពោះរុស្ស៊ីផងដែរដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ។ សម្ដេចបានមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ Covid 19 នេះ អាចជួយដល់ពិភពលោកយើងក្នុងការប្រយុទ្ធប្រឆាំងជំងឺដែលកំពុងធ្វើអោយមានបញ្ហាប្រឈមជាច្រេីនរួមទាំងញ្ហាសេដ្ឋកិច្ច សង្គមនិងការទំនាក់ទំនងរវាងប្រទេសជាច្រេីននៅក្នុងពិភពលោក។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោក៏បានស្នេីសុំដល់រុស្សីផ្តល់នូវជំនួយថ្នាំវ៉ាក់សាំងកូវីដ១៩ដល់កម្ពូជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេស៕

ប្រភព ៖ ផេកផ្លូវការសម្តេចតេជោ ហ៊ុនសែន

មតិយោបល់