• 2020-10-09 02:19:07
  • សេដ្ឋកិច្ច

“បើកបេះដូងអ្នក” យុទ្ធនាការបែបសិល្បៈ​​ដោយប្រើប្រាស់គំនូរដីស បង្កើតឡើង​ក្នុងគោលបំណង​គួរ​ឲ្យសរសើរ!

  • 2020-10-09 02:19:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះអង្គការយូណេស្កូ បានចាប់ផ្តើមយុទ្ធនាការបែបសិល្បៈមួយ ដើម្បីលើកកម្ពស់នូវកិច្ចសន្ទនាជាលក្ខណៈអន្តរវប្បធម៌ ការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីជំទាស់នឹងការរើសអើងជនបរទេស ការមាក់ងាយ និងព័ត៌មានមិនពិត ហើយពង្រឹងការរួបរួមក្នុងសង្គម និងការផ្សះផ្សា ដើម្បីជម្នះពេលវេលាដ៏លំបាកក្នុងអំឡុងនៃការរីករាលដាលដោយជំងឺកូវីដ ១៩ នៅជុំវិញពិភពលោកនេះ។

“បើកបេះដូងអ្នក” ជាយុទ្ធនាការបែបសិល្បៈ ដោយប្រើប្រាស់គំនូរដោយដីស ជាមធ្យោបាយក្នុងការចាប់ផ្តើមនូវកិច្ចសន្ទនាក្នុងសង្គមកម្ពុជា។ យោងទៅតាមតំណាងរបស់អង្គការយូណេស្កូ លោក Sardar Umar Alam បានលើកឡើងថា៖ «ជំងឺកូវីដ ១៩ បានប៉ះពាល់ដល់មនុស្សជាតិទាំងមូល និងធ្វើឱ្យធ្លាក់ចុះនូវសីលធម៌ និងវិសមភាព នៅក្នុងសហគមន៍របស់យើង។ ជំងឺនេះមិនបានប្រកាន់ពូជសាសន៍នោះទេ ប៉ុន្តែវាមានផលប៉ះពាល់ជាច្រើន។ យើងឃើញមានការលេចឡើងនូវពាក្យសម្តីដែលបង្កប់ដោយភាពស្អប់ខ្ពើម និងការកំណត់គោលដៅមិនស្មើគ្នាទៅលើក្រុមងាយរងគ្រោះ និងសហគមន៍មួយចំនួន។ ក្នុងដំណាក់កាលដ៏លំបាកនេះ សាមគ្គីភាព និងការទទួលខុសត្រូវដោយស្មើភាព គឺជាកត្តាដ៏សំខាន់ក្នុងការពង្រឹងនូវសង្គមដ៏រឹងមាំមួយ ដើម្បីប្រឆាំងនឹងសត្រូវរួមរបស់មនុស្សជាតិ តាមរយៈការយោគយល់ សហការ និងទំនុកចិត្ត ដែលចាំបាច់គិតពីសិទ្ធិមនុស្សជាចម្បង»។

អង្គការយូណេស្កូ ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន ហាវ៉ាស់ សាំប៉ាញ ផ្នែកសូសល ប៊ីស៊ីណេស យូនីត (Social Business Unit) បានសម្រេចជ្រើសរើសសិល្បករជនជាតិខ្មែរ-បារាំងពីស្ទូឌីយោបាសាក់ គឺលោកស្រី អេននី (Annie) និងលោក ថមមី (Thommy) ដើម្បីបង្កើតសិល្បៈគំនូរដីស នៅមុខការិយាល័យអង្គការ​យូណេស្កូ ជាប់ព្រះបរមរាជវាំង។ លោក Thommy បានឱ្យដឹងថា៖ «នេះជាកិត្តិយសរបស់យើង ក្នុងការអញ្ជើញឱ្យចូលរួមជាមួយយុទ្ធនាការដ៏មានសារៈសំខាន់នេះ។ យើងជឿជាក់ថាសិល្បៈជាការផ្សារភ្ជាប់មនុស្ស និងមនុស្ស មិនថាពួកគេជាជនជាតិអ្វី មានសាវតារ ឬជំនឿបែបណានោះទេ។ យើងសង្ឃឹមថាទម្រង់នៃសិល្បៈដីសនេះនឹងជួយមនុស្សឱ្យនិយាយដោយបើកចំហជាមួយគ្នា ថាពួកយើងមានបេះដូង និងទឹកចិត្តតែមួយ"។ ចំណែកលោក អ៊ុង ដាណិត ជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហាវ៉ាស់ សំប៉ាញ បានបញ្ជាក់ថា៖ «យើងគ្រប់គ្នាសុទ្ធតែចង់រស់នៅប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ ហើយពិតណាស់គឺយើងចង់កម្ចាត់វីរុសមួយនេះចេញពីពិភពលោក។ មិនត្រឹមតែវីរុសកូរ៉ូណាទេ តែយើងក៏ចង់កម្ចាត់នូវវីរុសនៃសេចក្តីស្អប់ និងការរើសអើង មិនថាពីប្រទេសកម្ពុជា ឬក៏ទូទាំងពិភពលោកនោះទេ»។

សិល្បៈនៃគំនូរដោយដីសនៅលើដីមានអមដោយរូបផ្កា និងពាក្យពេចន៍មួយចំនួនទាំងភាសាខ្មែរ និងអង់គ្លេស រួមទាំងស្លាកសញ្ញាមួយចំនួនផងដែរ។ ពាក្យពេចន៍ដែលយើងជ្រើសយកមក គឺដើម្បីបង្ហាញពីផលវិបាក សកម្មភាព ឬអាកប្បកិរិយាបែបវិជ្ជមាន។ ចំពោះអត្ថន័យនៃរូបផ្កាវិញ គឺយើងចង់បង្ហាញពីភាពផុយស្រួយនៃជីវិត និងការ​រីក​សាយ​ភាយនៃវីរុសនៅក្នុងខ្យល់។ ផ្ទៃជារង្វង់ និងគ្រាប់ពូជផ្កា គឺបង្ហាញពីធាតុសំខាន់ពីរនៃស្លាកសញ្ញារបស់យុទ្ធនាការរបស់យើង ដោយក្នុងនោះមានរូបតំណាងឱ្យបេះដូង ដើម្បីបង្កើតឈ្មោះយុទ្ធនាការ “បើកបេះដូងអ្នក”។ យើងសង្ឃឹមថាពាក្យពេចន៍សាមញ្ញៗ និងងាយស្រួយ រួមទាំងស្លាកសញ្ញា រូបតំណាង នឹងផ្តល់ភាពងាយស្រួលដល់សហគមន៍ក្នុងការឈ្វេងយល់បន្ថែម និងចូលរួមជាមួយនឹងយុទ្ធនាការនេះ។ ធម្មជាតិរបស់ដីសគឺងាយនឹងរលុប ដូច្នេះយើងសង្ឃឹមថាផលប៉ះពាល់អវិជ្ជមានចំពោះសង្គម ដែលបណ្តាលមកពីជំងឺកូវីដ ១៩ នឹងរសាត់បាត់ទៅ នៅចុងបញ្ចប់នៃរដូវវស្សានេះ។

ជាមួយនឹងយុទ្ធនាការបែបសិល្បៈ ដើម្បីពង្រឹងនូវការរួបរួមសង្គម និងការផ្សះផ្សាសហគមន៍ អង្គការយូណេស្កូ ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន ហាវ៉ាស់ សំប៉ាញ បានបង្កើតនូវយុទ្ធនាការលើ​ប្រព័ន្ធផ្សព្វផ្សាយសង្គម #DontGoViral ដោយក្នុងនោះបានអញ្ជើញសិល្បការិនីកម្ពុជាចំនួន ៤ រូប និងក្រុមសិល្បៈដែលកំពុងពេញនិយមចំនួន១ក្រុម ដើម្បីចែករំលែកទៅកាន់សាធារណជន អំពីការកើនឡើងនូវព័ត៌មានមិនពិតជាច្រើននៅលើអ៊ីនធឺណិត ក្នុងអំឡុងពេលកូវីដ១៩នេះ។

តាមរយៈយុទ្ធនាការរបស់អង្គការយូណេស្កូ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមកម្ពុជាជាង ៣០ម៉ឺននាក់ បានចូលរួមក្នុងការឈ្វេងយល់ពីការទទួលបាននូវព័ត៌មានពិតដែលអាចជឿទុកចិត្ត​បានទាន់ពេលវេលា ហើយប្រើប្រាស់ និងចែករំលែកព័ត៌មានទាំងនោះប្រកបដោយការពិចារណា។ គំនិតផ្តួចផ្តើមទាំងអស់នេះ គឺជាផ្នែកមួយនៃកិច្ចការដែលអង្គការយូណេស្កូកំពុងធ្វើ ដើម្បី​ពង្រឹងនូវសេរីភាពនៃការបញ្ចេញមតិ និងប្រព័ន្ធអេកូឡូស៊ីផ្នែកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយក្នុង​ប្រទេសកម្ពុជា៕

មតិយោបល់