• 2020-10-21 08:12:25
  • ព័ត៌មាន

ល្អណាស់! ក្រសួងពាណិជ្ជកម្មចិន ផ្តល់ជំនួយ ដល់សាលាមត្តេយ្យសិក្សា ជាង៣ពាន់កន្លែង ទូទាំងកម្ពុជា

  • 2020-10-21 08:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ តំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងយូនីសេហ្វ បានជួបជុំគ្នានៅក្នុងរាជធានីភ្នំពេញ ដើម្បីសង្កេតមើលការប្រើប្រាស់បរិក្ខារអនាម័យ និងសម្ភារសិក្សា ដែលក្រសួងពាណិជ្ជកម្មចិន បានឧបត្ថម្ភសម្រាប់ជួយដល់សាលាមត្តេយ្យ សហគមន៍នៅកម្ពុជា។

ក្រសួងពាណិជ្ជកម្មចិន បានឧបត្ថម្ភសម្ភារទាំងនេះដល់សាលាមត្តេយ្យសិក្សាចំនួន ៣.០៦៤ កន្លែងទូទាំងប្រទេសកម្ពុជា ដែលផ្ដល់លទ្ធភាពឱ្យកុមារប្រមាណ ៧០.០០០ នាក់ បានវិលត្រឡប់ទៅសិក្សាវិញប្រកបដោយសុវត្ថិភាព និងទទួលបានការការពារពីជំងឺកូវីដ១៩។ ការផ្ដល់សម្ភាររៀន និងបង្រៀន (ព្រមទាំងបរិក្ខារទឹកស្អាត និងអនាម័យ) ដូចជាឧបករណ៍សម្រាប់លាងសម្អាតដៃចល័ត ធុងចម្រោះទឹក និងសម្ភារលាងសម្អាតដទៃទៀត ដែលមានសារៈសំខាន់ ចំាបាច់សម្រាប់ការពារសុវត្ថិភាព និងសុខភាពរបស់កុមារតូចៗ។ បច្ចុប្បន្នសម្ភារទាំងអស់នេះកំពុងត្រូវបានចែកជូន ការិយាល័យអប់រំស្រុកចំនួន១៨៧ស្រុក នៅក្នុងរាជធានីខេត្តទាំង២៥។

ឯកឧត្តម អ៊ូ ហ្គ័រឈៀន អគ្គកុងស៊ុលទទួលបន្ទុកពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ “ប្រទេសចិនចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកល គាំទ្រពេញទំហឹងដល់កិច្ចសហប្រតិបត្តិការ ពហុភាគី និងផ្ដល់ការគាំទ្រយ៉ាងមុតមាំដល់បេសកម្មដឹកនាំរបស់អង្គការសហប្រជាជាតិ នៅក្នុងការងារប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃជំងឺនេះ។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ “យើងសូមស្វាគមន៍ចំពោះការឧបត្ថម្ភពីក្រសួងពាណិជ្ជកម្មចិន តាមរយៈស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងសូមថ្លែងអំណរគុណដល់ក្រសួងនេះដែលបានសហការជាមួយយូនីសេហ្វ ដើម្បីផ្ដល់ការឧបត្ថម្ភដល់សិស្សមត្តេយ្យ។ ក្រសួងចង់ឱ្យកុមារតូចកាន់តែច្រើន អាចទទួលបានផលពីការចូលរៀននៅសាលាមត្តេយ្យ ហើយគោលដៅនេះអាចសម្រេចទៅបានលុះត្រាតែបរិយាកាសរៀនសូត្រមានសុវត្ថិភាព។ យើងសង្ឃឹមថា ប្រជាពលរដ្ឋនឹងមានទំនុកចិត្ត ក្នុងការបញ្ជូនកូនរបស់ពួកគាត់ទៅរៀននៅសាលាមត្តេយ្យ ដោយសារតែការគាំទ្រដ៏សំខាន់នេះ។”

ចាប់តាំងពីពេលមានការរាតត្បាតជាសកលដំបូងៗនៃជំងឺកូវីដ១៩ យូនីសេហ្វនៅកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីឆ្លើយតបចំពោះផលប៉ះពាល់ដែលបង្កដោយជំងឺកូវីដ១៩ លើការសិក្សារៀនសូត្រ។ ការគាំទ្រនេះបានជួយឱ្យកុមារគ្រប់វ័យ រួមទាំងកុមារដែលកំពុងរៀននៅតាមសាលាមត្តេយ្យផងដែរ អាចបន្តទទួលបានការអប់រំនៅក្នុងរយៈពេលដែលសាលារៀនត្រូវបានបិទទ្វារ។ ការគាំទ្រនេះក៏បានជួយឱ្យសាលារៀនអាចត្រៀមខ្លួនសម្រាប់បើកដំណើរការឡើងវិញ ដោយប្រើប្រាស់ការអនុវត្តល្អៗ ដើម្បីធានាឱ្យបរិយាកាសនៅក្នុងសាលារៀនមានសុវត្ថិភាព និងផ្ដល់ការការពារសុខភាពដល់កុមារ។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “មានភស្តុតាងជាច្រើនបានបង្ហាញថា ការអប់រំកុមារតូចបំពេញតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍកុមារ ជួយឱ្យកុមារទទួលបានលទ្ធផលពីការអប់រំកាន់តែប្រសើរនៅឆ្នាំបន្តបន្ទាប់ខាងមុខ និងជួយឱ្យពួកគេទទួលបានលទ្ធផលកាន់តែល្អនៅពេលពេញវ័យ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្មចិន ដែលបានវិនិយោគលើការអប់រំកុមារតូច និងជួយឱ្យកុមារនៅកម្ពុជាអាចទទួលបានការអប់រំកម្រិតមត្តេយ្យសិក្សាប្រកបដោយសុវត្ថិភាព។ ខណៈពេលដែលប្រព័ន្ធអប់រំនៅកម្ពុជាកំពុងត្រលប់មករកភាពប្រសើរជាងមុន និងកាន់តែមានភាពធន់ក្នុងការទប់ទល់នឹងវិបត្តិជំងឺ កូវីដ១៩ យើងត្រូវបន្តធ្វើការងាររួមគ្នា ដើម្បីប្រមើលមើលជាថ្មីពីការផ្ដល់សេវាអប់រំកុមារតូចដល់កុមារនៅកម្ពុជាគ្រប់រូប ជាពិសេសកុមារដែលងាយរងគ្រោះបំផុត។”

មតិយោបល់