• 2020-11-12 04:45:52
  • ព័ត៌មាន

អ្នករៀបចំសួនមុខអង្គរ បង្ហាញពីអារម្មណ៍ពិត ពេលបានបំពេញការងារសម្រាប់ប្រាសាទអង្គរ

  • 2020-11-12 04:45:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នបរិវេណខាងលិចប្រាសាទអង្គរវត្តបានប្រែមុខមាត់ជាខ្លាំង លម្អដោយផ្កា សួនស្មៅពណ៌បៃតង និងដើមឈើជាច្រើនដើម។ ចំណែកទីលានបដិសណ្ឋារកិច្ច អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកសាងសង់អគារផ្តល់ព័ត៌មាន អគារសង្គ្រោះបឋម និងអគារផ្សេងៗទៀតដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិកម្រិតស្តង់ដារអន្តរជាតិ ដែលគ្រោងនឹងបញ្ចប់ការជួសជុលទាំងស្រុងនាពាក់កណ្តាលឆ្នាំ២០២១ខាងមុខ។

លោកស្រី ហូ សិលា ជាបុគ្គលិកបម្រើការងារផ្នែករៀបចំសួនបានឱ្យដឹងថា៖ មិនដល់១ឆ្នាំផង មុខប្រាសាទអង្គរបានប្រែជាស្រស់បំព្រងដោយព្រៃឈើ ផ្កា និងស្មៅខៀវស្រងាត់ ឃើញហើយស្រស់ថ្លាចិត្ត បាត់អស់ភាពនឿយហត់ក្នុងការបំពេញការងារ។

ដូចគ្នានេះដែរ លោកស្រី ជួន ស្រីមុំ បានរៀបរាប់ថា ភ្ញៀវទេសចរដែលមកទស្សនាអង្គររយៈពេលចុងក្រោយ នឹងលាន់មាត់សរសើរពីសោភណ្ឌភាពដ៏ស្រស់ស្អាតនិងមានសណ្តាប់ធ្នាប់ល្អនៅអង្គរមិនខាន។

លោកស្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដែលយកចិត្តទុកដាក់និងខិតខំកែលម្អបរិវេណមុខប្រាសាទអង្គរវត្តឱ្យកាន់តែល្អប្រសើរឡើង។

ក្នុងនាមជាអ្នកបំពេញការងាររៀបចំសួនមុខបរិវេណមុខប្រាសាទអង្គរវត្ត លោកស្រី ហូ សិលា និងលោកស្រី ជួន ស្រីមុំ បានអំពាវនាវឱ្យភ្ញៀវទេសចរដែលមកទស្សនានៅអង្គរថែរក្សាបរិស្ថាន មានអនាម័យ ចោលសំរាមក្នុងធុងសំរាមជានិច្ច ព្រោះបើគ្មានការចូលរួមពីសាធារណជនទេ ក៏មិនអាចរក្សាបរិស្ថានឱ្យនៅតែស្រស់ស្អាតបានដែរ។

ចំណែក លោក ពៅ ស៊ីណិត បុគ្គលិបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដែលដឹកនាំរៀបចំសួននៅមុខបរិវេណប្រាសាទអង្គរវត្តបានឱ្យដឹងថា នៅផ្លូវចូលមុខបរិវេណប្រាសាទអង្គរវត្តនេះមានដាំប្រភេទដើមផ្កាឆ្អឹងមាន់ខ្មៅ ផ្កាស្លឹកក្រហម និងស្មៅជើងទា ស្មៅជើងក្រាស់ ដែលធន់ សក្តិសមដាំនៅទីនេះដែលមានមនុស្សដើរទៅមក។

លោកបន្តថា ក្រៅពីនេះ ក្រុមការងារក៏កាត់ក្រីមែកឈើ ដកហូតដើមឈើដែលមានហានិភ័យចេញដើម្បីរក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរ និងដាំដើមឈើបន្តវេនមានដូចជា ដើមធ្នង់ ដើមក្ងោក ដើមនាងនួន ដើមបេង ដើមគគីជាដើម៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

មតិយោបល់