• 2020-11-18 03:21:33
  • ព័ត៌មាន

រកឃើញប្រភេទដើមឈើថ្មីជិតផុតពូជពីរប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

  • 2020-11-18 03:21:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានគេស្គាល់ថាជាទីជម្រកសម្រាប់រុក្ខជាតិតូចៗនិងដើមឈើសរុបជាង ២៦០ប្រភេទ ក្នុងនោះមាន ២០ប្រភេទកំពុងឈានទៅរកការផុតពូជជាសកល និង ៥៣ប្រភេទទៀត ត្រូវបានរដ្ឋបាលព្រៃឈើចាត់ចំណាត់ថ្នាក់ជាប្រភេទឈើប្រណិត ឬប្រភេទឈើលេខ១ លេខ២ ឬលេខ៣។

ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា បានរកឃើញនិងបានដាក់ឈ្មោះប្រភេទដើមឈើថ្មីទាំងពីរប្រភេទដែលរកឃើញនៅក្នុងតំបន់ការពារធម្មជាតិនេះ ដោយមួយប្រភេទបានដាក់ឈ្មោះវិទ្យាសាស្ត្រថា «ម៉ាឈីលូស កាំបូឌីយ៉ាណា (Machilus cambodiana)» ដោយឈ្មោះខាងចុងយកតាមឈ្មោះប្រទេសកម្ពុជា និងមួយប្រភេទទៀតបានដាក់ឈ្មោះវិទ្យាសាស្ត្រថា «ម៉ាឈីលូស សីមេនស៊ីស (Machilus seimensis)» ដោយឈ្មោះខាងចុងយកតាមឈ្មោះដែនជម្រកសត្វព្រៃកែវសីមា។

ទោះបីជាអង្គការ IUCN មិនទាន់បានដាក់បញ្ចូលរុក្ខជាតិថ្មីទាំងពីរប្រភេទនេះចូលទៅក្នុងបញ្ជីក្រហមរបស់ខ្លួនក្តី ក៏ក្រុមអ្នកស្រាវជ្រាវ ជឿថាដើមឈើរកឃើញថ្មីទាំងពីរប្រភេទនេះកំពុងរងការគំរាមកំហែងជិតផុតពូជ ដោយសារប្រភេទរុក្ខជាតិទាំងពីរប្រភេទនេះមានចំនួនតិចតួចនៅក្នុងព្រៃស្រោង ហើយក្រុមអ្នកស្រាវជ្រាវបានរកឃើញដើមឈើប្រភេទនេះតែពីរបីដើមប៉ុណ្ណោះក្នុងកំឡុងពេលធ្វើការសិក្សាស្រាវជ្រាវរបស់ខ្លួន។ ក្រុមអ្នកស្រាវជ្រាវក៏បានពិពណ៌នាផងដែរអំពីប្រភេទរុក្ខជាតិថ្មីៗនៅឧទ្យានជាតិបូកគោ ខេត្តកំពត និងដែនជម្រកសត្វព្រៃក្រវាញកណ្តាល។ សំណាកនៃប្រភេទរុក្ខជាតិថ្មីៗទាំងអស់បានរក្សាទុកនៅឯបន្ទប់រក្សាសំណាកជីវៈចម្រុះរបស់រដ្ឋបាលព្រៃឈើ៕

ប្រភព៖ ក្រសួងបរិស្ថាន

មតិយោបល់