• 2020-12-03 03:46:02
  • ព័ត៌មាន

ថៃ នឹងចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដ១៩ សម្រាប់ប្រើនៅអាស៊ីអាគ្នេយ៍

  • 2020-12-03 03:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថានវ៉ាក់សាំងជាតិរបស់ប្រទេសថៃ បានប្រកាសកាលពីថ្ងៃអង្គារថា ផលិតកម្មវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ ត្រូវបានគ្រោងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២១។

បច្ចេកវិទ្យានៃផលិតកម្មលើវ៉ាក់សាំងកូវីដ១៩ នេះ នឹងត្រូវបានផ្ទេរពីសម្ព័ន្ធភាពនៃសាកលវិទ្យាល័យ Oxford University និងក្រុមហ៊ុន AstraZeneca។

នាយកនៃវិទ្យាស្ថានវ៉ាក់សាំងជាតិរបស់ប្រទេសថៃ លោក Nakorn Premsri បាននិយាយថា ប្រទេសថៃបានចូលរួមនៅក្នុងគម្រោងអភិវឌ្ឍន៍វ៉ាក់សាំងរបស់សម្ព័ន្ធមិត្តខាងលើ ដែលបានបញ្ជាក់ពីប្រសិទ្ធភាពជាមធ្យម ៧០ភាគរយ សម្រាប់ការសាកល្បងដំណាក់កាលទី៣ ដែលកំពុងបន្ត។

លោក Nakorn បានបន្ថែមថា ក្រុមហ៊ុនឱសថថៃ Siam Bioscience ក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុន AstraZeneca អំពីការផលិតក្នុងស្រុក នៅក្នុងប្រទេសថៃដែរ ដែលមានសមត្ថភាពអាចផលិតប្រចាំឆ្នាំ ពី ១៨០ ទៅ ២០០ លានដប សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសថៃ និងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។

ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលប្រទេសថៃ បានបញ្ជាក់បន្ថែមថា គណៈកម្មាធិការជាតិទទួលថ្នាំបង្ការ នឹងសម្រេចលើក្រុមអ្នកទទួលថ្នាំបង្ការដំបូងនៅខែក្រោយ។ ជាទូទៅ អ្នកទទួលក្រុមទី១ ច្រើនតែ បុគ្គលិកថែទាំសុខភាពជួរមុខ ហើយក៏ជាមនុស្សដែលមានហានិភ័យខ្ពស់នៃការឆ្លងផងដែរ៕

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់