• 2020-12-28 04:03:59
  • ព័ត៌មាន

កូនខ្មែរណាខ្លះ បានស្គាល់ អតីត ក្សត្រខ្មែរ ១អង្គ នេះ?

  • 2020-12-28 04:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រវត្តិសាស្ត្រខ្មែរ បានចារទុកបុព្វបុរស ក៏ដូចវរក្សត្រ ដ៏អង់អាចជាច្រើននាក់ តាំងពីសម័យបុរាណ ដែលមានកេរ្តិ៍ឈ្មោះល្បីសុះសាយ រហូតដល់ពេលបច្ចុប្បន្ន។ ថ្ងៃនេះ Sabay នឹងលើកយកក្សត្រ១អង្គ ដែលមានព្រះនាមគួរអោយចាប់អារម្មណ៍ រួមទាំងសមិទ្ធិផល មួយចំនួនធំ ដែលព្រះអង្គទ្រង់បានបង្កើតឡើង ក្នុងអំឡុងពេលនៃការគ្រងរាជ្យរបស់ព្រះអង្គ។

រូបភាព ៖ Prim Sowathdara

សម្តេចព្រះ សិរីសុវត្តិ មុនីវង្ស ជាព្រះរាជបុត្រ សម្តេចព្រះ សិរីសុវត្តិ និងសម្តេចព្រះវររាជនី វ៉ាន់។ ព្រះអង្គ ទ្រង់បានជ្រើសរើស អោយឡើងស្នងរាជ្យ បន្ទាប់ពីព្រះបិតា របស់ព្រះអង្គ សោយទីវង្គត់ ដែលនៅក្នុងឆ្នាំ ១៩២៧។ ព្រះអង្គ ត្រូបានបរមនាមថា ព្រះករុណាព្រះបាទសម្តេច ព្រះសីសុវត្តិ មុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ទរភូវណៃក្រៃកែវហ្វា សុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី។

នៅក្នុងរជ្ជកាលរបស់ព្រះអង្គ ព្រះរាជាណាចក្រ កម្ពុជា បានបន្តកសាងប្រទេស ព្រះអង្គក៏ត្រូវបាន ប្រសិទ្ធនាម ជាក្សត្រសាងសង់ផងដែរ។ ព្រះអង្គ បានបង្កើតសមិទ្ធផល ក្នុងអំឡុងនៃការគ្រប់គ្រង របស់ព្រះអង្គ ដូចជា ការដាក់អោយបង្កបង្កើនផល ឡើងវិញនៅលើដីទូលាយ និងប្រែក្លាយ តំបន់១ចំនួន ដូចជាត្រពាំងជង ខេត្តពោធិ៍សាត់ អោយក្លាយជា មណ្ឌលកសិកម្ម និងពាណិជ្ជកម្ម ១យ៉ាងសំខាន់។ នៅឆ្នាំ ១៩៣០ ព្រះអង្គទ្រង់បានប្រកាស អោយប្រើព្រះរាជបញ្ញាត្តិ ដើម្បីបង្កើតធនាគារ សម្រាប់ផ្តល់ឥណទាន អោយកសិករនៅបាត់ដំបង ព្រៃវែង និងកំពង់ចាម។ ផ្លូវរថភ្លើងទី១ ពីភ្នំពេញ ទៅព្រំដែនសៀមរាប កាត់តាមបាត់ដំបង ស្ថាបនាឡើងក្នុងគ.ស ១៩៣២ មានប្រវែង ២៧៥ គ.ម។ ក្រៅពីនេះ ស្ពានបេតុង ជាច្រើនត្រូវបានស្ថាបនាឡើង ជាពិសេសស្ពាន ដែលឆ្លងកាត់ទន្លេបាសាក់ ដែលមានប្រវែង ២៩៣ម៉ែត្រ ដែលមានឈ្មោះ ស្ពានមុនីវង្ស ត្រូវបានសម្ភោធ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ១៩២៨។ ព្រះអង្គ ក៏បានបង្កើតសមិទ្ធិផល ១ចំនួន ដូចជា សភាសម្រាប់ឱ្យយោបល់មួយ (សភាខ្មែរ) បង្កើតនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩២៨, ក្រុមជំនុំព្រះត្រៃបិតក បង្កើតនៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ១៩២៩ , វិទ្យស្ថានពុទ្ធសាសនបណ្ឌិត្យ បង្កើតនៅឆ្នាំ ១៩៣០។

ព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់សោយទីវង្គតនៅរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ នៅបូកគោក្នុងព្រះជន្មាយុ ៦៦វស្សា ដោយសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ។ ព្រះករុណាព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់មានព្រះបរមមរណនាមថា “ព្រះបរមខត្តិយកោដ្ឋ” ឬ “ហ្លួងខត្តិយកោដ្ឋ”៕

ប្រភព ៖Royal du Cambodge

អត្ថបទ៖​ Art

មតិយោបល់