• 2021-01-16 07:09:46
  • ព័ត៌មាន

យ៉ាង​តិច​ ៣០ប្រទេស ​បាន​ប្រើប្រាស់ ឬ គ្រោង​នឹង​ទិញ​វ៉ាក់សាំង​កូវីដ-១៩​ពី​ចិន

  • 2021-01-16 07:09:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អធ្រាត្រ​ថ្ងៃ​ទី១៥ ខែ​មករា ២០២១ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ផ្ដល់​វ៉ាក់សាំង​កូវីដ-១៩​ ម៉ាក​ស៊ីណូហ្វាម​មក​ដល់​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ។ ជាមួយ​គ្នា​នេះ​ដែរ Sabay ចង់​នាំ​មក​ជូន​ប្រិយមិត្ត​ឲ្យ​ដឹង​ជ្រាប​ពី​ប្រទេស​ ដែល​បាន​ប្រើប្រាស់ ឬ គ្រោង​នឹង​ទិញ​វ៉ាក់សាំង​កូវីដ-១៩​ពី​ស្រុក​ចិន។

គិត​ត្រឹម​ថ្ងៃ​ទី១៦ ខែ​មករា បើ​តាម​ការ​ចង​ក្រង​ទិន្នន័យ​របស់ Sabay បាន​ឲ្យ​ដឹង​ថា យ៉ាង​តិច​មាន​ប្រទេស​ចំនួន ៣០ ជុំ​វិញ​ពិភពលោក​បាន​ចាក់​សាកល្បង អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ និង​គ្រោង​នឹង​ទទួល​បាន​វ៉ាក់សាំង​កូវីដ-១៩​ពី​ក្រុមហ៊ុន​ផ្សេងៗ​របស់​ចិន​ ដែល​មាន​ដូច​ជា SinoPharm, SinoVac, Cansino និង​វ៉ាក់សាំង​ពី​ក្រុមហ៊ុន Anhui Zhifei Longcom។

លោក​វ៉ាង យី ក្នុង​ជំនួប​ជាមួយ​លោកស្រី​អោង សានស៊ូជី

តំបន់​អាស៊ីអាគ្នេយ៍

នៅ​ក្នុង​តំបន់​​នេះ​ដែរ ចំណោម​ប្រទេស​​ចំនួន ១១ (អាស៊ាន បូ​ក​នឹង​ទីម័រ​ខាង​កើត) មាន​ប្រទេស ៨ហើយ​ដែល​​ព្រមព្រៀង​ទទួល​វ៉ាក់សាំង​ពី​ចិន ដែល​ការ​ព្រម​ទទួល​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក​រដ្ឋមន្ត្រី​ការបរទេស វ៉ាង យី ធ្វើ​ទស្សនកិច្ច​​នៅ​តំបន់​អាស៊ីអាគ្នេយ៍​កាលពី​ពេល​ថ្មីៗ​នេះ [1] [2] [3]។ ប្រទេស​ដែល​មិន​ទាន់​ ឮថា​ទទួល​ពី​ចិន​នោះ​មាន​ដូច​ជា​ វៀតណាម ប្រ៊ុយណេ និង​ទីម័រ​ខាង​កើត។

តំបន់​អាស៊ី​ទក្សិណ

ចំណោម​ប្រទេស​អាស៊ី​ខាង​ត្បូង​ទាំង​អស់​មាន​ប្រទេស ២ ប៉ាគីស្ថាន និង​ស្រីលង្កា នឹង​ប្រើប្រាស់​វ៉ាក់សាំង​របស់​ចិន [4] [5]

តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាង​ជើង

៧ ប្រទេស​ពី​តំបន់​នេះ​ រួម​មាន រាជាណាចក្រ​អារ៉ាប​រួម (អារ៉ាប​អេមីរ៉ាត់) បារ៉ែន ហ្សកដានី អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប ម៉ារ៉ុក និង​អាល់ហ្សេរី។ ប្រទេស​អារ៉ាប​ទាំង​នេះ​ជា​ប្រទេស​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​សាកល្បង​ប្រើប្រាស់​វ៉ាក់សាំង​ប្រទេស​ចិន ហើយ​ក៏​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​មុន​គេ​ផង​ដែរ។

តំបន់​អឺរ៉ុប

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន Global Times បាន​ឲ្យ​ដឹង​ថា ប្រទេស​អ៊ុយក្រែន និង​ទួរគី បាន​ធ្វើ​ការ​កុម្មង់​ពី​ប្រទេស​ចិន។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ហុងគ្រី​ក៏​អនុញ្ញាត​ឲ្យ​ប្រើប្រាក់​វ៉ាក់សាំង​ចិន​ទូទាំង​ប្រទេស​របស់​ខ្លួន ចំណែក​ឯ​រុស្ស៊ី​វិញ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដំបូង​ៗ​ ដែល​ធ្វើ​ការ​សាកល្បង​វ៉ាក់សាំង​ស្រុក​ចិន។

វ៉ាក់សាំង​ស៊ីណូវ៉ាក់

តំបន់​អាមេរិក​ឡាទីន

នៅ​តំបន់​ឡាទីន មាន​ប្រទេស​ចំនួន ៥ ដែល​បាន​ប្រើប្រាស់ និង​ត្រៀម​នាំ​ចូល​វ៉ាក់សាំង​ពី​ចិន ក្នុង​នោះ​មាន​ដូច​ជា ប្រេស៊ីល (ប្រើ​សាក​ល្បង) អាហ្សង់ទីន ឈីលី ប៉េរូ និង​ម៉ិកស៊ីកូ។

តំបន់​អាហ្វ្រិក

ប្រទេស​តំបន់​អាហ្វ្រិក​​ច្រើន​តែ​មាន​គម្រោង​ប្រើប្រាស​់វ៉ាក់សាំង​ក្នុង​គម្រោង COVAX របស់​អង្គការ​សុខភាព​ពិភពលោក តែ​ក្រោយ​ពី​លោក​វ៉ាង យី ធ្វើ​ទស្សនកិច្ច​កាល​ពី​ដើម​ឆ្នាំ​២០២១​នេះ មាន​ប្រទេស​មួយ​ចំនួន​ដូច​ជា អេត្យូពី អាហ្វ្រិក​ខាង​ត្បូង និង​នីហ្សេរីយ៉ា បាន​ធ្វើ​ការ​ចរចា​ក្នុង​ការ​នាំ​ចូល ខណៈ​កោះ​ស៊ីស្ហែល (Seychelles) បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ចិន​ហើយ [6] [7] [8]

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់