• 2021-01-20 08:13:13
  • ព័ត៌មាន

មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៦ នឹងប្រព្រឹត្តទៅនៅសប្ដាហ៍ក្រោយនេះហើយ

  • 2021-01-20 08:13:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស-និស្សិត នៅកម្ពុជានឹងអាចចាប់ផ្ដើមដំណើរឆ្ពោះទៅកាន់ការអប់រំស្ទែមសម័យថ្មីមួយបែប ដ៏គួរឱ្យចាប់អារម្មណ៍ គឺមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៦របស់យើង ដែលនឹងប្រព្រឹត្តទៅនៅលើបណ្ដាញអនឡាញ ១០០% ចាប់ពីថ្ងៃចន្ទ ទី២៥ ដល់សុក្រ ទី២៩ ខែមករា ខាងមុខនេះ។

មហោស្រពពិព័រណ៍របស់យើងនឹងធ្វើការផ្សាយផ្ទាល់ សម្រាប់សិស្ស-និស្សិត ទាំងពីស្ថាប័នរដ្ឋ និងឯកជននានា នៅទូទាំងប្រទេស អាចចូលទស្សនាបាន ដែលមានរយៈពេល៥ថ្ងៃ និងផ្សាយ ចាប់ពីម៉ោង៩ព្រឹក ដល់១១ថ្ងៃត្រង់ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។

ប្រធានបទធំៗចំនួន ៥ ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ សំដៅចូលរួមដោះស្រាយបញ្ហានានា ដែលពិភពលោកកំពុងប្រឈមខ្លាំងជាងគេ ព្រមទាំងមានតួនាទីជាថ្នាលធនធានបែបឌីជីថល ដែលមានប្រយោជន៍ សម្រាប់សាលារៀននានា នៅទូទាំងពិភពលោក អំឡុងពេលត្រូវផ្អាកដំណើរការ ដោយសារវិបត្តិវីរុសកូវីដ-១៩។ អ្នកស្រីបណ្ឌិត Una McCarthy-Fakhry នាយិកាអង្គការមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា មានចំណាប់អារម្មណ៍ថា ៖ «យើងខ្ញុំសប្បាយរីករាយដែលបានឃើញថា សិស្សានុសិស្ស សាលារៀន និងបណ្ដាក្រុមហ៊ុននានា បានទទួលស្គាល់ពីសារៈសំខាន់ នៃវិទ្យាសាស្រ្ត និងការអប់រំ ដើម្បីដឹកនាំយើងឱ្យឆ្លងផុតពីវិបត្តិជំងឺរាលដាលមួយនេះ ក៏ដូចជាវិបត្តិជាសកលឯទៀត នាពេលអនាគតផងដែរ។»

សម្រាប់ឆ្នាំនេះ ក៏ជាឆ្នាំដំបូងដែលមហោស្រពពិព័រណ៍វិទ្យសាស្រ្តប្រចាំឆ្នាំ បានរៀបចំនូវកម្មវីធី ប្រកួតស្ទែម By Smart ឬ Smart STEM Challenge ដែលជាការប្រកួតគម្រោងស្ទែមថ្នាក់ជាតិសម្រាប់សិស្សមធ្យមសិក្សា និងវិទ្យាល័យនៅកម្ពុជា។ ការប្រកួតគម្រោងស្ទែមមួយនេះ បានទទួលការដាក់ពាក្យចូលរួមជាច្រើន ពីសំណាក់សិស្សានុសិស្សពីតំបន់ៗខុសគ្នានៅក្នុងប្រទេសកម្ពុជា។ ការប្រកាសជ័យលាភី នឹងប្រព្រឹត្តិឡើងនៅមហោស្រព ពិព័រណ៍វិទ្យសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី ១៦។

លោក គាំ ទីវា ប្រធានផ្នែកកិច្ចការសាធារណនៃក្រុមហ៊ុន ស្មាត អាស្យាតា (Smart Axiata) ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធីសំខាន់សម្រាប់ការប្រកួតស្ទែម By Smart បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដែលបានឃើញការដាក់ពាក្យចូលរួមការប្រកួតយ៉ាងសកម្មពីសំណាក់សិស្សានុសិស្ស។

លោកបានលើកឡើងថា «ពួកយើងតែងតែមានទំនុកចិត្តទៅលើសារៈសំខាន់នៃការអប់រំសម្រាប់ការអភិវឌ្ឍ ប្រទេសកម្ពុជា ។ ជាក់ស្តែង ការអប់រំ ជាសសរទ្រូងដ៏សំខាន់មួយសម្រាប់គោលការណ៍ទំនួលខុសត្រូវក្នុងសង្គម និងចីរភាព របស់ក្រុមហ៊ុនយើង។ ការដែលអ្នកជំនាន់ក្រោយមានជំនាញទាក់ទងទៅនឹងវិស័យស្ទែម អាចជាគន្លឹះដ៏សំខាន់មួយសម្រាប់អនាគតរបស់ប្រទេសកម្ពុជា និងអាចជួយស្រោចស្រង់ប្រទេសជាតិឲ្យផុតពីឧបសគ្គនានា។

ក្រៅពីការដាក់តាំងបង្ហាញគម្រោងវិទ្យាសាស្រ្ត មហោស្រពយើងខ្ញុំក៏មានកម្មវិធីសំខាន់ៗជាច្រើនទៀត ដូចជាការប្រកួត Smart STEM Challenge ការប្រកួតគំនូររបស់សិស្សកម្រិតបឋមសិក្សា និងការសំដែងសិល្បៈបែបស្ទែម។ លើសពីនេះ យើងមានវីដេអូឯកសារអប់រំអំពីប្រទេសកម្ពុជា បទសម្ភាសជាមួយតារាស្ទែម ការដាក់បញ្ចូលសកម្មភាពស្ទែមទៅក្នុងថ្នាក់រៀន ការសំដែងសៀកដ៏អស្ចារ្យរបស់ក្រុមសៀកហ្វារ (Phare) រួមទាំងការសំដែងសិល្បៈចម្រុះរបស់ប្អូនៗសិស្សានុសិស្សផងដែរ។

មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា បានក្លាយជាព្រឹត្តិការណ៍ស្ទែមមួយដែលឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញនូវការស្រឡាញ់វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា របស់យុវជនកម្ពុជាយើង។ ជាក់ស្ដែង ព្រឹត្តិការណ៍កាលពីឆ្នាំមុន យើងខ្ញុំបានសង្កេតឃើញភាពជោគជ័យយ៉ាងធំធេង ដោយយើងទទួលបានអ្នកទស្សនាជាង១៣០០០នាក់ ហើយគម្រោងស្ទែមជាង ២០០ ត្រូវបានដាក់បង្ហាញ និងមានការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកជាង ៥៨៧៥០ មុខ តាមរយៈការអនុវត្តគោលការណ៍ការពារបរិស្ថាន។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះអាចប្រព្រឹត្តទៅបាន ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក និង ក្រុមហ៊ុន ស្មាត អាស្យាតា។

  • មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី១៦ អាចទស្សនាបានដោយសេរី និងឥតគិតថ្លៃ។ សូមចុះឈ្មោះនៅគេហទំព័រ https://stemcambodia.org/

  • ដើម្បីតាមដានព័ត៌មានថ្មីៗ និងការពិភាក្សាផ្សេងៗ សូមចូលទៅកាន់ទំព័រហ្វេសប៊ុក https://www.facebook.com/STEMCambodia

អំពីអង្គការមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ៖

អង្គការមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា បានចុះបញ្ជីក្នុងស្រុកជា អង្គការក្រៅរដ្ឋាភិបាល តាំងពីឆ្នាំ២០១៦ និងមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ។ តាមរយៈមហោស្រពពិពណ៍ កម្មវិធី និងព្រឹត្តិការណ៍នានា យើងបានបង្កើតសហគមន៍ស្ទែមមួយ ដែលជួយជំរុញយុវជនកម្ពុជា នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ គម្រោងយើងទាំងអស់ប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល នៃការសិក្សាតាមរយៈការចូលរួម ការលើកកម្ពស់ការយល់ដឹងពីបរិស្ថាន និងសមភាពយេនឌ័រ។ ការសិក្សាមុខវិជ្ជាស្ទែមត្រូវបានគេទទួលស្គាល់ជាសកល ថាជាការលើកកម្ពស់ភាពច្នៃប្រឌិត ការគិតបែបត្រិះរិះពិចារណា និងការអភិវឌ្ឍជំនាញដោះស្រាយបញ្ហាកម្រិតខ្ពស់។ ជំនាញទាំងនេះមានតម្រូវការនៅទូទាំងពិភពលោក និងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

អង្គការមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា មានមោទនភាពក្រៃលែង ដែលបានទទួលការគាំទ្រខ្ពង់ខ្ពស់ ពីក្រសួងអប់រំយុវជន និងកីឡា និងក្រសួងបរិស្ថាន ដើម្បីចែករំលែកនូវគោលបំណងរួមពាក់ព័ន្ធនឹងការងារស្ទែម និងដើម្បីកសាងអនាគតប្រទេសកម្ពុជាយើងឱ្យកាន់តែត្រចះត្រចង់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់អ៊ីមែល info@stemcambodia.ngo៕

មតិយោបល់