• 2021-01-21 03:19:38
  • ព័ត៌មាន

អភិបាលខេត្តព្រះសីហនុ បានកំណត់ទីតាំងវិថីលក់ម្ហូបអាហារ (Street Food) ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរណ៍

  • 2021-01-21 03:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ម្សឹលមិញនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំងវិថីលក់ម្ហូបអាហារនៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរ ពេលទៅលេងខេត្តនេះ កុំឲ្យពិបាករកអាហារញុាំ ។

ឆ្លងតាមការប្រជុំពិភាក្សា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ យល់ឃើញថា ទីតាំងក្នុងបរិវេណសួនមហោស្រពចាស់ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ជាចំណុចជម្រើសសម្រាប់សិក្សារៀបចំជាវិថីម្ហូបអារហារ។ ក្នុងនោះដែរ ឯកឧត្តម បានប្រគល់ជូនមន្ទីរទេសចរណ៍ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ សិក្សាទីតាំងនេះលំអិតដើម្បីឈានទៅដំណើរការគម្រោងនេះឱ្យបានសមស្រប។

ឯកឧត្តម គួច ចំរើន​ បានសំដែងការគាំទ្រចំពោះគម្រោងបង្កើត Street Food របស់ក្រសួងទេសចរណ៍ព្រមទាំងបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការរៀបចំសេវាកម្ម​ស្តង់ដារ​Street Food នេះនឹងអាចទាក់ទាញភ្ញៀវទេសចរបានមួយផ្នែកទៀត។ មួយវិញទៀតវាជាកន្លែងទទួលទានអាហារដែលមានគុណភាព និងសុវត្ថិភាពនៅក្រុងព្រះសីហនុ។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ទីតាំងនេះគ្រោងរៀបចំខ្លោងទ្វារចូលចំនួន២ រៀបចំបន្ទប់ទឹក ទីតាំងចំណត ការតុបតែងលម្អផ្សេងៗ និងការរៀបចំកន្លែងហូបអាហាររួមគ្នាជាដើម ហើយអ្នកដែលត្រូវបានអនុញ្ញាតឱ្យលក់ដូរនៅតូបលក់ម្ហូបអាហារនេះ តម្រូវឱ្យអនុវត្តតាមស្តង់ដារសេវាកម្មវិថីលក់ម្ហូបអាហារ និងប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ​ Street Food ដែលកំណត់ច្បាស់លាស់ដើម្បីធានាបាននូវគុណភាពសេវាទេសចរណ៍ អាហារមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យអាចទទួលយកបាន។ អ្នកដែលមិនអាចអនុវត្តតាមលក្ខខណ្ឌដែលបានតម្រូវនឹងត្រូវពិនិត្យវាយតម្លៃណែនាំឱ្យកែលម្អឡើងវិញ ហើយបើនៅតែមិនគោរពតាមអាចនឹងបញ្ឈប់លែងឱ្យលក់៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់