• 2021-01-27 11:46:38
  • ព័ត៌មាន

ខ្មែរដំបូងគេបង្អស់ដែលក្លាយជាអគ្គនាយកក្រុមហ៊ុន យូនីលីវើប្រចាំកម្ពុជា និងឡាវ

  • 2021-01-27 11:46:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១៖ ក្រុមហ៊ុន យូនីលីវើ សំរេចប្រកាសតែងតាំងលោក លី សុធូ អ្នកដឹកនាំផ្នែក អភិវឌ្ឍន៍អតិថិជន ជាអគ្គនាយកក្រុមហ៊ុនប្រចាំប្រទេសកម្ពុជានិងឡាវ ចាប់ពីថ្ងៃទី០១ខែមករា ឆ្នាំ២០២១នេះ តទៅ។ លោក លី សុធូ គឺជាជនជាតិខ្មែរដំបូងគេបង្អស់ដែលត្រូវបានតែងតាំង ជាអគ្គនាយកក្រុមហ៊ុនក្នុងការដឹកនាំ ប្រតិបត្តិការទាំងក្នុងប្រទេសកម្ពុជានិងប្រទេសឡាវ។

លោក Alejandro (Doy) Concha អគ្គនាយក ក្រុមហ៊ុន យូនីលីវើ ប្រចាំប្រទេស មីយ៉ាន់ម៉ា កម្ពុជា និង ឡាវ បាន មាន ប្រសាសន៍ថា៖ « ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានតែងតាំងលោក លី សុធូ ដែលជាជនជាតិខ្មែរដំបូងគេនូវមុខតំណែងកំពូលមួយនេះ។ លោក បន្តទៀតថា ក្រុមហ៊ុន យូនីលីវើ ក៏មានបុគ្គលិកមានទេពកោសល្យជាច្រើនទៀតនៅក្នុងប្រទេស ដែលត្រូវបានតែងតាំងក្នុងមុខ តំណែង ជាន់ខ្ពស់នៅក្នុងក្រុមហ៊ុន ហើយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមាន ៨១% ជាបុគ្គលិក ក្នុងស្រុក ដែលក្នុងនោះ៦៣%ជាបុគ្គលិកស្រ្តី។ ការតែងតាំងនេះបានបញ្ជាក់បន្ថែមទៀតអំពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន យូនីលីវើ ក្នុងការផ្តល់ឱកាសសម្រាប់បុគ្គលិកដែលមានទេពកោសល្យក្នុងស្រុក។ លោក លី សុធូ ជាអ្នកដឹកនាំប្រកបដោយក្តីមេត្តាហើយខ្ញុំជឿជាក់ថាលោកនឹងដឹកនាំ ក្រុមហ៊ុន និងក្រុមកាងារដ៏ គួរ ឲ្យ ស្ញប់ស្ងែងនិងមានទេពកោសល្យមួយនេះ ឈានទៅដល់កម្រិតខ្ពស់មួយទៀត» ។

លោក លី សុធូ គឺជាអ្នកដឹកនាំផ្នែក អភិវឌ្ឍន៍អតិថិជន ដែលមានបទពិសោធន៍ជិត ១៥ ឆ្នាំជាមួយក្រុមហ៊ុន យូនីលីវើ។ គាត់បានចាប់ផ្តើមអាជីពដំបូង ជាមួយ ក្រុមហ៊ុននៅក្នុង ផ្នែក ទីផ្សារ ក៏ដូចជាក្នុង ផ្នែកអភិវឌ្ឍន៍អតិថិជនដែលរួម មាន ជំនាញជាច្រើនដូចជា ពាណិជ្ជកម្មទីផ្សារទូទៅ ពាណិជ្ជកម្មទីផ្សារទំនើប ទីផ្សារពាណិជ្ជកម្ម និងប្រតិបត្តិការលក់ ជា ដើម។ ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១២ លោកក៏ធ្លាប់បានបម្រើការជាប្រធានផ្នែកទីផ្សារពាណិជ្ជកម្ម និងពាណិជ្ជកម្មទីផ្សារទំនើប នៅប្រទេសកម្ពុជា និង មីយ៉ាន់ម៉ាផងដែរ។ លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍បុគ្គលិក និងអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។

ក្នុងតួនាទីជាប្រធានផ្នែកអភិវឌ្ឍន៍អតិថិជននាពេល កន្លងមក លោកបាន អភិវឌ្ឍន៍ធនធានមនុស្សផ្នែកលក់ និងបង្កើតបណ្តាញ បែងចែក និងលក់ទូទាំងប្រទេស យ៉ាងជោគជ័យ និងមានសក្តានុពលបំផុត ដែល ផ្តល់ ឲ្យក្រុមហ៊ុន យូនីលីវើ នូវអត្ថប្រយោជន៍ប្រកួតប្រជែងដ៏ធំនៅក្នុងទីផ្សារប្រទេសកម្ពុជា។ លោកក៏បានដាក់ចេញនូវកម្មវិធីអប្សរា (Apsara Program) ជាកម្មវិធី Selling with Purpose ដែលបានឈ្នះពានរង្វាន់ពិភពលោក Global Selling with Purpose Award កាលពីឆ្នាំ២០១៨៕

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីតធីត ត្រូវបានចុះបញ្ជីជាផ្លូវការនៅក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៣។ ហើយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានទទួលស្គាល់ជាផ្លូវការក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីតធីត ជាសមាជិកក្រុមធុរកិច្ចល្អបំផុតនៅកម្ពុជា។ យូនីលីវើ ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និង ចែកចាយផលិតផល របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជានិយោជកយើងបានដាក់អាទិភាពលើ “ប្រជាជនរបស់យើង” និង “សហគមន៍របស់យើង”។

ក្នុងរយៈពេល១៧ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន យូនីលីវើ បានបម្រើផលិតផលជាច្រើនដល់អតិថិជនកម្ពុជាចំនួនជាង ១៦ លាននាក់។ អគ្គនាយកដ្ឋានគយ និង រដ្ឋាករ បានទទួលស្គាល់ ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីតធីត ថាជាធុរជន ល្អ បំផុតចាប់តាំងពី ឆ្នាំ២០១៥ មក។ ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីតធីត បានឈ្នះពានរង្វាន់និយោជកឆ្នើមនៅកម្ពុជារយៈពេល ៤ ឆ្នាំជាប់ៗគ្នា ដែល នេះសបញ្ជាក់ឲ្យ ឃើញថា ក្រុមហ៊ុននេះគឺជានិយោជកដែលជាទីពេញចិត្ត នៅក្នុងប្រទេស។

អំពីក្រុមហ៊ុនយូនីលីវើ

យូនីលីវើ គឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក លើផលិតផលថែរក្សាសម្រស់ ផលិតផលប្រើប្រាស់ក្នុងផ្ទះបាយ ផលិតផលអាហារ និង ភេសជ្ជៈ ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសចំនួន ១៩០ ជុំវិញពិភពលោក ហើយផលិតផលទាំងនោះបានទៅដល់ដៃអ្នកប្រើប្រាស់ប្រមាណ ២,៥ ប៊ីលាននាក់ក្នុង១ថ្ងៃៗ។ យើងមានបុគ្គលិកនិយោជិត ១៥០,០០០នាក់ និង បានបង្កើតការលក់នូវទឹកប្រាក់ចំនួន ៥២ ប៊ីលានអឺរ៉ូ (ប្រហែល ៦៣,២៥ ប៊ីលានដុល្លារ) កាលពីឆ្នាំ ២០១៩។ ប្រមាណជាង ៥០% នៃមូលដ្ឋានរបស់ យូនីលីវើ គឺស្ថិតនៅក្នុងទីផ្សារប្រទេសកំពុងអភិវឌ្ឍ និង ប្រទេស អភិវឌ្ឍ។ យូនីលីវើ មានប្រមាណ ៤០០យីហោមុខទំនិញដែលត្រូវបានរកឃើញនៅតាមផ្ទះទូទាំងពិភពលោករួមមានម៉ាក Dove, Knorr, Dirt Is Good, Rexona, Hellmann’s, Lipton, Wall's, Lux, Magnum, Axe, Sunsilk និង Surf ជាដើម។

  • នឹងជួយប្រជាជនជាង១ប៊ីលាននាក់ ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភារបស់ ពួកគេ ត្រឹមឆ្នាំ២០២០។

  • កាត់បន្ថយឲ្យបានពាក់កណ្តាលនូវផលប៉ះពាល់បរិស្ថានពីផលិតផលរបស់យើងនៅ ត្រឹមឆ្នាំ២០៣០។

  • លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់នៅឆ្នាំ ២០២០ ។

USLP បង្កើតគុណតម្លៃដោយជំរុញកំណើន និង ការជឿទុកចិត្ត កាត់បន្ថយការចំណាយ និង ហានិភ័យ ។ ម៉ាកផលិតផលចាំបាច់ Sustainable Living Brands របស់យើងជម្រុញការលក់បាន៧៨% និង លក់បាន៧៥% កាលពីឆ្នាំ ២០១៩។

ចាប់តាំងពីឆ្នាំ ២០១០មក យូនីលីវើ បាន និងកំពុងធ្វើសកម្មភាពតាមរយៈគម្រោងជីវិតរស់នៅប្រកបដោយ និរន្តរភាពរបស់យូនីលីវើ ដើម្បីជួយប្រជាជនជាង ១ប៊ីលាននាក់ដើម្បីលើកកម្ពស់សុខភាពនិងសុខុមាលភាពរបស់ពួកគេ កាត់បន្ថយឲ្យបានពាក់កណ្តាលនូវផលប៉ះពាល់បរិស្ថានពីផលិតផលរបស់យូនីលីវើ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ ដូចដែលអាជីវកម្មរបស់យើងបានរីកចម្រើន។

«យើងបានធ្វើវឌ្ឍនភាពគួរឱ្យកត់សម្គាល់រួចហើយ និង បន្តពង្រីកមហិច្ឆតារបស់យើង ដូចដែលថ្មីៗនេះ យើងប្តេជ្ញាធានាថា ការវេចខ្ចប់ផ្លាស្ទិចរបស់យើង ១០០% អាចប្រើឡើងវិញបាន អាចកែច្នៃឡើងវិញបាន ឬ អាចធ្វើជីកំប៉ុសបាននៅឆ្នាំ២០២៥។ ខណៈពេលដែលនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ យើងមានមោទនភាពដែលត្រូវបានទទួលស្គាល់នៅក្នុង ឆ្នាំ២០១៩ ក្នុងនាមជាក្រុមហ៊ុនដែលមានភាពជាមេដឹកនាំនៅក្នុងសន្ទស្សន៍ចីរភាព របស់ Dow Jones Sustainability Index និង ត្រូវបានចាត់ចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូល១០ឆ្នាំជាប់ៗគ្នានៅក្នុងការស្ទាបស្ទង់មតិរបស់ GlobeScan/SustainAbility Global Corporate Sustainability Leaders» ។ លោក​បញ្ជាក់បន្ថែម ។

សម្រាប់ព័ត៌មានបន្ថែម ៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់