• 2021-01-28 08:45:14
  • ព័ត៌មាន

កូនស្វាអាយុ២ខែ ត្រូវបានពលរដ្ឋស្ម័គ្រចិត្តប្រគល់ជូនក្រសួងបរិស្ថាន យកទៅអភិរក្ស

  • 2021-01-28 08:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនស្វាកន្ទុយសឈ្មោលមួយក្បាលដែលជាប្រភេទសត្វកម្រជិតផុតពូជ ត្រូវបានពលរដ្ឋស្ម័គ្រចិត្តប្រគល់ជូនដល់ក្រសួងបរិស្ថានដើម្បីបន្តការពារនិងអភិរក្ស។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានទទួលកូនសត្វស្វាកន្ទុយសនេះដោយផ្ទាល់ ពីពលរដ្ឋអំឡុងបំពេញបេសកកម្មនៅលើទឹកដីខេត្តមណ្ឌលគិរីនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះ បានអរគុណដល់ពលរដ្ឋដែលស្ម័គ្រចិត្តប្រគល់កូនសត្វស្វាកន្ទុយសនេះ និងបានអំពាវនាវដល់ពលរដ្ឋមួយចំនួនតូចដែលកំពុងលួចលាក់ចិញ្ចឹមសត្វព្រៃប្រភេទកម្រនៅតាមផ្ទះប្រគល់ជូនដល់ក្រុមអ្នកអភិរក្សព្រោះសត្វព្រៃត្រូវតែរស់នៅក្នុងព្រៃ ហើយការយកសត្វព្រៃកម្រមកចិញ្ចឹមគឺខុសច្បាប់។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថាកូនស្វាកន្ទុយសឈ្មោលមួយក្បាលដែលមានអាយុ ប្រមាណ ២ ខែនេះនឹងត្រូវថែរក្សាការពារនិងចិញ្ចឹមដោយក្រុមអភិរក្ស ដើម្បីឱ្យសត្វស្វាមួយក្បាលនេះមានសុខភាពល្អ ចេះគ្រប់គ្រងខ្លួនឯង មុននឹងយកទៅព្រលែងចូលក្នុង ព្រៃធម្មជាតិវិញ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា សូមពលរដ្ឋមួយចំនួនតូចដែលនៅតែយាយីសត្វព្រៃ ត្រូវបញ្ឈប់សកម្មភាពចាប់សត្វព្រៃ បរបាញ់សត្វ និងដាក់អន្ទាក់ចាប់សត្វព្រៃ និងបញ្ឈប់ការយកសត្វកម្រមកចិញ្ចឹម បើពុំនោះទេ នឹងត្រូវប្រឈមមុខច្បាប់។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់