• 2021-02-18 10:01:21
  • ព័ត៌មាន

ទូរទស្សន៍ធំ ៣ ចាប់ដៃគ្នាបង្កើតទូរទស្សន៍ឌីជីថលធំជាងគេមួយនៅកម្ពុជា ចេញឆាប់ៗនេះ

  • 2021-02-18 10:01:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីព្រឹកមិញនេះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាម្ចាស់ទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយទូរទស្សន៍ធំ ២ គឺ ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប (Bayon TV) និង ក្រុមហ៊ុនហង្សមាសគ្រុប (Hangmeas TV) ដើម្បីបោះជំហានដ៏ធំមួយថ្មីទៀត ទៅបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា។

ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅនាថ្ងៃទី ១៨ កុម្ភៈ ឆ្នាំ ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ដែលមានការចូលរួមជាផ្លូវការដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកឧកញ៉ា ឆាល វ៉ាន់ ទីប្រឹក្សាក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប ព្រមទាំងលោកឧកញ៉ា អ៊ឹង ឆាយងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប។

គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថល ដែលមានឈ្មោះថា “សម្ព័ន្ធទូរទស្សន៍កម្ពុជា គ្រុប ខូ អិល ធី ឌី” ដែលមានការចូលរួមភាគហ៊ុនដោយ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, ក្រុមហ៊ុនទូរទស្សន៍បាយ័ន, និងក្រុមហ៊ុនទូរទស្សន៍ហង្សមាស។

ទូរទស្សន៍ឌីជីថលថ្មីមួយនេះ នឹងដាក់ឲ្យដំណើរការនូវថ្នាលទូរទស្សន៍ឌីជីថលដ៏ទំនើប ដែលផ្ដល់ជូននូវជម្រើសទូរទស្សន៍ឌីជីថលយ៉ាងសម្បូរបែប ព្រមទាំងមានប៉ុស្តិ៍ច្រើនប្រភេទ សំដៅលើកស្ទួយចំណេះដឹង ការកម្សាន្ត និងទស្សនីយភាពត្រជាក់ភ្នែក ដែលនាំមកនូវភាពសុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានឲ្យដឹងថា៖ “នេះជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់ធ្វើឲ្យប្រទេសកម្ពុជាមានឌីជីថលពេញលេញ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឲ្យបានឧស្សាហកម្មជំនាន់ ៤.០ ហើយនេះក៏ជាគំនិតផ្ដួចផ្ដើមក្នុងការដាក់វិស័យសោតទស្សន៍ និងផ្សព្វផ្សាយឲ្យទៅជាប្រព័ន្ធឌីជីថលផងដែរ”

អ្នកឧកញ៉ា គិត ម៉េង បន្តថា ៖ “យើងមានសេចក្ដីសោមនស្សរីករាយ ដែលបានចាប់ដៃគូសហការគ្នាបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីនេះ និងចូលរួមចំណែកដល់ការអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញឲ្យរាល់បណ្ដាញផ្សព្វផ្សាយរបស់ឯកជន និងរដ្ឋ ដើម្បីប្ដូរការផ្សាយពីអាណាឡូកទៅជាការផ្សាយលើថ្នាលទូរទស្សន៍ឌីជីថលវិញ”

ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីនេះ មានភារកិច្ចត្រួតពិនិត្យគុណភាព រូបភាព វីដេអូ និងកម្មវិធីផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយតាមរយៈច្រកចេញចូលតែមួយ ហើយក៏ចូលរួមធានាបាននូវការផ្លាស់ប្ដូរ ការផ្សព្វផ្សាយពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថលដោយរលូន ឲ្យបានពេលកំណត់មុនឆ្នាំ ២០២៣។

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នៅតែប្ដេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការគាំទ្រការកែប្រែឲ្យប្រទេសកម្ពុជាមានឌីជីថលពេញលេញ។ បណ្ដាក្រុមហ៊ុនក្នុងផ្នែក ICT របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមមាន Cellcard, Ezecom, Wing Money, CBS និង Digital Sky បាននឹងកំពុងធ្វើការរួមគ្នា ដើម្បីសម្រេចយុទ្ធសាស្រ្តធ្វើឲ្យប្រទេសកម្ពុជា មានឌីជីថលពេញលេញ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ចំណេះដឹង និងការកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេលជាង ២៥ឆ្នាំមកហើយ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនទាំង ៣ខាងលើមានបទពិសោធន៍ ជំនាញ និងធនធានមនុស្សយ៉ាងមុតមាំនៅក្នុងឧស្សាហកម្ម សោតទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ។

  • ក្រុមហ៊ុនទូរទស្សន៍ CBS មានបុស្តិ៍ទូរទស្សន៍ដូចជា បុស្តិ៍ CTN, CTN International, CNC, MYTV, CBS Digital, TMS, វិទ្យុភ្នំពេញ និង Legend Tiger។

  • ក្រុមហ៊ុន Digital Sky មានថ្នាលទូរទស្សន៍ឌីជីថលចំនួន៣ ដូចជា៖

១. DVB-T ផ្សាយតាមប្រព័ន្ធឌីជីថលមានចំនួន ៧២ ប៉ុស្តិ៍

២. DTH ផ្សាយតាមផ្កាយរណបមានចំនួន ២៦៥បុស្តិ៍

៣. OTT ទូរទស្សន៍ផ្សាយតាមរយៈទូរស័ព្ទដៃមានចំនួន ៨៦បុស្តិ៍ និងផលិតប៉ុស្តិ៍ខ្លួនឯងចំនួន ១១ប៉ុស្តិ៍ដូចជា OneTV Sabay, OneTV Drama, OneTV Kids, OneTV Music, One TV Cineme, OneTV discovery, OneNews, OneTV Movie HD, OneTV Sport9, OneTV Sport11, OneTV-E-School។

  • ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុបរួមមាន ប៉ុស្តិ៍ទូរទស្សន៍បាយ័ន ប៊ីធីវី កាសែតកម្ពុជាថ្មី និងវិទ្យុបាយ័ន។ ក្រុមហ៊ុនទូរទស្សន៍ ហង្សមាសគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស,រស្មីហង្សមាស វិទ្យុហង្សមាស និងរស្មីហង្សមាស, ផលិកម្មរស្មីហង្សមាស, WE, Pleng Records, និងសារព័ត៌មាន ២៤ម៉ោង៕
មតិយោបល់