- 2021-03-08 01:15:00
- ព័ត៌មាន
ទោះគ្រប់គ្នាថាមិនសម តែស្ត្រីម្នាក់នេះនៅតែជម្នះចង់ធ្វើជាអ្នកដឹកជញ្ជូនដើម្បីសន្សំលុយសម្រេចគោលដៅអនាគត
- 2021-03-08 01:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះគ្រប់គ្នាថាមិនសម តែស្ត្រីម្នាក់នេះនៅតែជម្នះចង់ធ្វើជាអ្នកដឹកជញ្ជូនដើម្បីសន្សំលុយសម្រេចគោលដៅអនាគត
ចន្លោះមិនឃើញ
អ្នកណាថាការងារជាអ្នកដឹកជញ្ជូនមិនសមនឹងស្រីៗធ្វើ ជាក់ស្តែងស្ត្រីវ័យ ២៨ឆ្នាំ ឈ្មោះថា សាន់ ខេមា បានអះអាងថា ទោះមិនធ្លាប់គិតដល់ពីមុនមក តែជីវិតនាងហាក់ប្រសើរឡើងច្រើន ក្រោយចាប់អាជីពជាអ្នកដឹកជញ្ចូនដៃគូក្រុមហ៊ុន foodpanda មិនថាទាំងជីវភាព ពេលវេលា សុខភាពចិត្ត និង ផ្លូវកាយ។
«ជាការពិតណាស់ ក្រោយអ្នកផ្ទះខ្ញុំដឹងថា ខ្ញុំធ្វើការងារជាអ្នកដឹកជញ្ជូន ពួកគាត់ក៏បារម្ភណាស់ដែរ ព្រោះជាស្រីម្នាក់ ត្រូវបើកបរម៉ូតូពេញមួយថ្ងៃ ហាលថ្ងៃ ហាលភ្លៀង ម្យ៉ាងគាត់បារម្ភរឿងសុវត្ថិភាពលើផ្លូវផង ។ តែខ្ញុំបានសន្យាជាមួយពួកគាត់ថានឹងប្រយ័ត្នប្រយែង មិនបើកបរលឿនហើយ គិតគូរដល់សុវត្ថភាពជាចម្បង ទើបគាត់ទុកចិត្តឲ្យធ្វើការងារនេះ» ។ នេះបើតាមការឲ្យដឹងពី ខេមា ដែលបានក្លាយជាដៃគូដឹកជញ្ជូន foodpanda ជាងកន្លះឆ្នាំមកហើយ។
« ស្រីៗធ្វើការងារមួយនេះ អាចពិបាកបន្តិចដែរ បើមានកូនតូច ឬ មានកាតព្វកិច្ចគ្រួសារច្រើនត្រូវបំពេញ ។ តែមែនទែនទៅយើងអាចជ្រើសរើសម៉ោងធ្វើការងារបាន សម្រាប់ខ្ញុំគិតថាវាអំណោយផលសម្រាប់ស្ត្រីទៅវិញទេ។ ជាក់ស្តែង ទោះខ្ញុំមានគ្រួសារហើយក្តី តែខ្ញុំនៅតែអាចធ្វើការងារនេះបានល្អ ហើយយើងកំពុងសន្សំលុយដើម្បីសម្រេចក្តីស្រមៃ ដែលចង់បើកហាងកាហ្វេតូចមួយនាថ្ងៃអនាគត »។ ខេមា បញ្ជាក់បន្ថែម។
កើតក្នុងគ្រួសារកសិករ នៅស្រុកអង្គស្នួល ខេត្តកណ្តាល ជាកូនទី ៥ ក្នុងចំណោម បងប្អូន ៦នាក់ ខេមា បានឲ្យដឹងថាខ្លួនបានចេញធ្វើការងារជាកម្មការនីរោងចក្រក្រោយបញ្ចប់ថ្នាក់ទី ១២ អស់រយៈពេល ២ឆ្នាំ មុនឈានមកចាប់អាជីពជាអ្នកដឹកជញ្ជូន foodpanda ដូចបច្ចុប្បន្ន។
រំលឹកឡើងវិញ ពីចំណុចចាប់ផ្តើមក្នុងអាជីពនេះ ខេមា បានឲ្យដឹងថា ៖ « ក្នុងឆ្នាំ២០២០ ខ្ញុំបានសម្រេចចិត្តមករស់នៅ ទីក្រុងភ្នំពេញដើម្បីរៀនបន្ត និងធ្វើការងារបណ្តើរផង។ តែដោយសារការផ្ទុះឡើងនៃមេរោគកូវីដ១៩ ធ្វើឲ្យខ្ញុំពិបាករកការងារធ្វើ ម្យ៉ាងខ្ញុំមើលឃើញថាការងារជាអ្នកដឹក មានតម្រូវការខ្លាំងណាស់ក្នុងអំឡុងកូវីដ១៩ ទើបស្វះស្វែងសួរនាំគេឯង រហូតទទួលបានការងារមួយនេះដូចបំណង»។
ចំណូលដែលទទួលបានប្រចាំថ្ងៃ គឺអាស្រ័យ ចំនួនដឹកជញ្ជូន និងចម្ងាយដឹក ដូច្នេះបើយើងធ្វើច្រើន ចំណូលក៏បានច្រើនដែរ។ ការបើកប្រាក់ចំណូលពីក្រុមហ៊ុន គឺ មួយសប្តាហ៍ម្តង។ ដើម្បីធ្វើការងារនេះក្នុងមួយខែៗ ខេមា ត្រូវចំណាយលើថ្លៃសាំង ប្រមាណ ១៥ម៉ឺនរៀល និង កាតទូរស័ព្ទ ១០ដុល្លារ។
« ការងារនេះរវល់ខ្លាំង តែខ្ញុំសប្បាយធ្វើ ហើយគ្មានសម្ពាធអីពេកដែរ អាចមកពី ខ្ញុំជាមនុស្សមិនចូលចិត្តនៅមួយកន្លែងស្រាប់។ ជាទម្លាប់ រៀងរាល់ព្រឹក ខ្ញុំត្រូវភ្ញាក់ នៅម៉ោង ៦ រៀបចំខ្លួន និងញុំាអាហារជាស្រេចនៅផ្ទះ ហើយត្រូវត្រៀមខ្លួនចាប់ផ្តើមធ្វើការងារដឹកជញ្ជូនចាប់ពីម៉ោង ៧ ទៅរហូតដល់ម៉ោង ៤កន្លះល្ងាច»។
កន្លងមក ខេមា មិនដែលជួបការលំបាកធំដុំអីដោះស្រាយមិនរួចនោះទេ ព្រោះខ្លួនធ្វើការងារវេនថ្ងៃ មិនសូវប្រឈមខ្លាំងដូចអ្នកធ្វើវេនយប់ឡើយ។ ហើយអ្វីដែលពិបាកនោះ គឺ ហាលថ្ងៃក្តៅ ពេលខ្លះទូរស័ព្ទទាក់ទងភ្ញៀវអត់លើក ត្រូវឈរចាំយូរ និងពេលខ្លះខាងហាងធ្វើម្ហូបយឺត ឬ ស្ទះចរាចរ ធ្វើឲ្យដឹកជូនភ្ញៀវយឺតយ៉ាវ គេមិនសប្បាយចិត្តជាដើម ។
«ខ្លះពេលឃើញអ្នកដឹកជញ្ជូនជាស្ត្រីអីចឹង គេច្រើនភ្ញាក់ផ្អើល និងសរសើរទៅវិញទេដែលអាចធ្វើការងារហាលក្តៅបាន ហើយក៏មិនដែលស្តីឲ្យអីខ្លាំងដែរ ពេលយឺតយ៉ាវដឹកតិចតួច»។
បច្ចុប្បន្ន ក្រោយចប់ម៉ោងធ្វើការ ខេមា រៀនជំនាញឆុងកាហ្វេ ដែលជាវគ្គខ្លី ដើម្បីឈោងចាប់សុបិនខ្លួន ដែលចង់បើកហាងកាហ្វេ។ តែខេមាក៏បានបញ្ចាក់ដែរថា៖ « ទោះថ្ងៃក្រោយខ្ញុំ សម្រេចបំណងបើកហាងកាហ្វេនេះក្តី ខ្ញុំគិតថាខ្ញុំនៅតែចង់ធ្វើជាអ្នកដឹកជញ្ជួនដដែល គ្រាន់តែរើសម៉ោងពេលធ្វើដែលខ្ញុំអាចធ្វើបាន ព្រោះខ្ញុំស្រលាញ់ការងារនេះណាស់ »។
ឆ្លើយតបនឹងការលើកឡើងរបស់មនុស្សភាគច្រើនថា ការងារជាអ្នកដឹកជញ្ជូន ស្ត្រីធ្វើមិនបានល្អ ឬ លះដូចបុរសនោះ ខេមា យល់ថា ៖ « ការងារនេះមិនប្រកាន់ប្រុសឬ ស្រីនោះទេ សម័យនេះការងារអីដែលបុរសធ្វើបាន ស្ត្រីក៏ធ្វើបានល្អដែរ សំខាន់ គឺ ចរឹតលក្ខណៈ ,ការអំណត់, ចិត្តធ្ងន់ ,ស្វាហាប់ ព្យាយាមធ្វើការវិញទេ។ ជាក់ស្តែងទៅនៅក្រុមហ៊ុន foodpanda បច្ចុប្បន្នមានអ្នកស្ត្រីជាដៃគូដឹកជញ្ជូនច្រើនគួរសមដែរ»៕