• 2021-04-29 10:47:01
  • ព័ត៌មាន

ស្អែកនេះដល់ព្រះរាជពិធីច្រត់ព្រះនង្គ័លហើយ សូមមកដឹងពីប្រវត្តិខ្លះនៃព្រះរាជពិធីនេះទាំងអស់គ្នា

  • 2021-04-29 10:47:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាទំនៀមទម្លាប់បវេណីរបស់ខ្មែរតាំងពីអតីតកាល ដែលត្រូវបានប្រារព្ធធ្វើដើម្បីប្រកាសពីដំណើរមកដល់នៃរដូវធ្វើស្រែចម្ការរបស់ប្រជានុរាស្ត្រ និងជាពិសេស ដើម្បីផ្សងប្រផ្នូលពីភោគផលកសិកម្មនាឆ្នាំខាងមុខ។ នៅក្នុងបរិបទសង្គមខ្មែរសព្វថ្ងៃ ជំនឿចំពោះពិធីច្រត់ព្រះនង្គ័លហាក់ដូចជាថមថយជាងមុន។ ព្រះរាជពិធីបុណ្យប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។

បើតាមជំនឿ ការបង្កើតផលិតផលស្រូវអង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្ដែក ល្ង ដោយព្រះរាជាតាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្ដិសិទ្ធិ របស់តួអង្គ «ស្ដេច» ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ។ មានន័យថា ផលដំណាំពុំមែន ស្ថិតនៅត្រឹមតែ ការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ចនោះទេ ពោលគឺប្រាកដជាបណ្តាលមកពីពិធីកម្មនេះឯង។ តាមទម្លាប់ ពិធីនេះធ្វើឡើងក្នុងការផ្សង មើលប្រថ្នូលរបស់ស្រុកទេស ទៅតាមការស៊ីផឹក របស់“ គោឧសភរាជ”។

គោ១នឹម ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ» ក៏មានកំណត់ក្នុងលក្ខណៈតាមបែប និយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នាក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្តិច ហើយវាត់ចុង ទៅលើបន្តិច ។គោ២ នឹមទៀត ដែលសម្រាប់ ហែមុខ ហែក្រោយឃើញថា មិនទាន់កំណត់លក្ខណៈតែ តាមដែលធ្លាប់ប្រើមក ហើយឃើញច្រើនតែសម្បុរក្រហម ។ ឯ«គោឧសភរាជ» នោះវេលាទឹមច្រត់ ព្រះនង្គ័ល គេប្រដាប់ ដោយគ្រឿងគឺពាក់ស្រោមមុខ ស្រោមស្នែង និងពាក់សំពត់កម្រាល សម្បុរក្រហម លើខ្នងផង។

ឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោ យអន្លើៗឯចន្ទូលព្រះនង្គ័ល សម្រាប់ អ្នកតំណាងព្រះអង្គនោះមានលក្ខណៈពិសេសគឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿងបែប យ៉ាងពណ៌មាស ។ នៅត្រង់កនាគមានភូធ្វើពី រោមសត្វសម្បុរ បែបភូទួន។ ទាក់ទិននឹងការផ្សងគោឧសភរាជគឺ ព្រាហ្មណ៍ ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យស៊ីផឹកអាហារ៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ ។

សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹក មន្តប្រោះក្បាល ព្រះគោទាំងពីរ ហើយមន្ត្រីម្នាក់ដែលកាន់នង្គ័ល ស្តេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹក របស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់៧យ៉ាង ស្រេចហើយតែគោឧសភរាជចូលចិត្តស៊ីផឹកអ្វី ក៏ស៊ីផឹកទៅគេមិនបង្ខំឱ្យស៊ីផឹកចំពោះអាហារណានីមួយៗ ទេ កាលព្រះគោស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាងព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះប្រកាស ផ្សាយ។ ការទស្សន៍ទាយនេះ ឆុតឬមិន ឆុតយ៉ាងណានោះមិនជាបញ្ហាធំដុំទេ។ អ្វីដែលសំខាន់នោះគឺ និមិត្តរូបនៃពិធីនេះ។

អត្ថន័យ នៃពិធីបុណ្យប្រពៃណីដែលមានអាយុកាលដ៏យូរអង្វែងមួយនេះត្រូវ អ្នក ជំនាញខាងវប្បធម៌ ខ្មែរលើកឡើងថាពិធី នេះគឺជានិមិត្តរូបដែលព្រះរាជាបានយកព្រះទ័យទុក ដាក់ ចំពោះប្រជារាស្ត្រ។ ព្រះអង្គធ្វើពិធីច្រត់ព្រះនង្គ័ល ដើម្បីបួងសួងសុំទឹកភ្លៀងសុំសុខសន្តិភាពសុំកុំ ឱ្យ មាន រោគាព្យាធិ និងជា ទឹកចិត្តផ្សព្វផ្សាយ ព្រហ្មវិហារធម៌ទសពិធរាជធម៌ ទៅលើប្រជារាស្ត្រព្រះ អង្គ។ គ្រាន់តែថារោគាព្យាធិវា ទៅតាមអាកាសធាតុឬទៅតាមរោគអីផ្សេងៗ នៃ តំបន់នីមួយៗនោះព្រះ អង្គ ចង់ឱ្យមានសុខសន្តិភាព ចង់ឱ្យរាស្តទូទាំងប្រទេស បានផលស្រូវ បន្លែ ផ្លែឈើគ្រប់គ្នាប៉ុណ្ណោះ។

ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លឡើង ក្នុងគោលបំណងសំខាន់ៗរួមមាន ៖

១. ប្រកាសប្រាប់ទៅដល់ប្រជាកសិករថា រដូវធ្វើស្រែចំការបានមកដល់ហើយ ។

២. ដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេស អំពីការទទួលបាននូវភោគផលកសិកម្ម តាមរយៈការបរិភោគ របស់គោឧសភរាជ និងបួងសួងសុំទឹកភ្លៀង ។

៣. ជាការដឹងគុណទៅដល់អាទិទេព ក៏ដូចជាមេឃដែលបានបង្អុរភ្លៀងប្រើប្រាស់រៀងរាល់ឆ្នាំ ។

៤. ជាពេលវេលាដែលព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរដ្ឋ បានជួបសួរសុខទុក្ខប្រជាកសិករ ៕

ប្រភព: ក្រសួងវប្បធម៌និងវិចិត្រសិល្បេះ

ដកស្រង់ដោយ : su in

មតិយោបល់