• 2021-05-06 02:23:55
  • ព័ត៌មាន

ជួយ​គ្នា​ក្នុង​គ្រោះ​កូវីដ១៩ រដ្ឋាភិបាលកូរ៉េផ្តល់ជំនួយមនុស្សធម៌ នូវទឹកប្រាក់ចំនួន ៣០ម៉ឺន​ដុល្លា​ដល់​កម្ពុជា​

  • 2021-05-06 02:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នឹងផ្តល់ជូនគ្រឿង បរិក្ខា​ពេទ្យជាទឹកប្រាក់ស្មើនឹង ៣០ម៉ឺនដុល្លាសហរដ្ឋអាមេរិច ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បី ជួយគាំទ្រ​កម្ពុជាក្នុងការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងជំនួបជាមួយនឹងលោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែឧសភា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េឯកឧត្តម ផាក ហ៊ឹងខ្យង់ (Park Heung-Kyeong) បានមានប្រសាសន៍ថារដ្ឋាភិបាលកូរ៉េបានសំរេចជួយ​រាជរដ្ឋា​ភិបាល​កម្ពុជា​ដើម្បីជួយគាំទ្រកម្ពុជា​ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយផ្តល់​ជូន​នូវ​គ្រឿង​​​បរិក្ខារ​​ពេទ្យមានទឹកប្រាក់ស្មើនឹង ៣០ ម៉ឺនដុល្លាសហរដ្ឋអាមេរិក។

លោកជំទាវរដ្ឋលេខាធិការ សឿង រដ្ឋចាវី បានវាយតំលៃខ្ពស់ចំពោះការសំរេចចិត្តរបស់ រដ្ឋាភិបាលកូរ៉េ ដោយបានផ្តាំផ្ញើរថ្លែងអំណរគុណយ៉ាងក្រៃលែង ចំពោះសណ្តានចិត្ត និងការគិត គូរយកចិត្ត​ទុក​ដាក់របស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ផ្តល់នូវជំនួយដល់កម្ពុជាក្នុងគ្រា​កំពុងត្រូវ ការជំនួយ​ជាចាំបាច់។

ក្នុងនាមជាមិត្ត និងដៃគូដ៏សំខាន់របស់កម្ពុជា សាធារណរដ្ឋកូរ៉េកន្លងមកបានជួយកម្ពុជា ក្នុងកិច្ច​ប្រឹងប្រែងដើម្បី​យកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ-១៩។ ដោយយល់យ៉ាងច្បាស់ថា យើង​មិនអាចមាន​សុវត្តិភាពបានទេ នៅពេលមនុស្សជុំវិញខ្លួនយើងគ្មានសុវត្តិភាព យើងនឹងបន្ត ធ្វើការ​ជាមួយគ្នា​យ៉ាងជិតដិតជាមួយ​កម្ពុជា​ជា​សាមគ្គីភាព​ដើម្បីលុបបំបាត់នូវវីរុសកូរ៉ូណា។

បន្ទាប់ពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅដើមឆ្នាំមុននេះ រដ្ឋាភិបាលកូរ៉េបានបរិច្ចាគភ្លាមៗ​នូវថវិកាចំនួន ២០ម៉ឺន​ដុល្លាអាមេរិក និងឧបករណ៍ធ្វើតេស្ត​រកមេរោគ ដែលមានតំលៃស្មើនឹង ១០ម៉ឺនដុល្លាអាមេរិច ជូន​ដល់រាជរដ្ឋា​ភិបាលកម្ពុជា នៅខែឧសភាឆ្នាំ២០២០កន្លងទៅនេះ។

សាធារណរដ្ឋកូរ៉េ ក៏ធ្លាប់​បាន​ផ្តល់​អោយកម្ពុជា​ក្នុងការ​ឆ្លើយតបប្រឆាំងនឹងវីរុសកូរ៉ូណាតាមរយះ កម្មវិធីជំនួយឆ្លើយតបនឹងកូវីដ-១៩ (ABC Program: Agenda for Building Resilience Against COVID 19) ប្រហែល ១លានដុល្លាអាមេរិច៖ ទី១) ការផ្តល់ជូន តង់សំរាប់ធ្វើតេសរកវីរុសចំនួន ២០ និង បន្ទប់ចល័តសំរាប់ដាក់អ្នកជំងឺកូវីដ (Negative Pressure Carriers) ចំនួន៦០។

ទី២) ផ្តល់គ្រឿងឧបភោគបរិភោគ និងឪសថ​សង្គ្រោះ​បឋមចាំបាច់ដល់អ្នកងាយរងគ្រោះ នៅតំបន់​គោល​ដៅចំនួន​៦រួមមានរាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាប។ ទី៣) កិច្ចសហប្រតិបត្តិការជាមួយនឹងអង្កការអន្តោប្រវេសន៍​អន្តរជាតិលើការពង្រឹងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដើម្បីបញ្ជូនជនអន្តោប្រវេសន៍​នៅកម្ពុជា នៅចំណុចច្រកចូល និងមណ្ឌលចត្តាឡីស័ក្ត ផ្តោតលើខេត្តចំនួន ៥ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តព្រៃវែង)៕

អត្ថបទ៖ ទារិកា

មតិយោបល់