• 2021-05-12 09:19:36
  • ព័ត៌មាន

មិត្តហ្វូន ចូលរួមការស្ថាបនាផ្លូវថ្មីមួយខែ្សនៅស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុង

  • 2021-05-12 09:19:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនមិត្តហ្វូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ដើម្បីសាងសង់និងស្ថាបនាផ្លូវមួយខ្សែដែលតភ្ជាប់ពីស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងលោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន ដោយមានការចូលរួមពីមន្ត្រី បុគ្គលិក និងថា្នក់ដឹកនាំស្ថាប័នទាំងពីរផងដែរ។

ពិធីចុះហត្ថលេខានេះ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរយៈពេលវែងជាមួយនឹងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ពិសេសក្រសួងការពារជាតិទទួលបន្ទុកលើការងារសាងសង់ស្តូបឈ្នះ ឈ្នះ ជាមួយនឹងក្រុមហ៊ុនមិត្តហ្វូន ដែលជាបណ្តាញទូរគមនាគមន៍ដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងពិធីចុះហត្ថលេខានេះលោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ “ជាមួយទស្សនវិស័យរបស់យើងជាប្រតិបត្តិករ «អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់» ក្រៅពីអាជីវកម្មយើងបានចូលរួមកិច្ចការទំនួលខុសត្រូវសង្គមជាច្រើននាពេលកន្លងមក និងទៅអនាគត ដើម្បី រួមចំណែកគាំទ្រស្ថាប័នរដ្ឋ និងឯកជនផ្សេងៗ ក្នុងន័យធានាការគាំទ្ររបស់អតិថិជនទាំងអស់ចំពោះមិត្តហ្វូន ប្រៀបបានដូចជាចូលរួមជាមួយគ្នាក្នុងការជួយសង្គមផងដែរ។ តាមរយៈផ្លូវបេតុងថ្មីមួយខ្សែនេះ ក្រុមហ៊ុនមិត្តហ្វូន មានមោទនភាពក្នុងការបរិច្ចាគជួយគាំទ្រប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុង ដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅទស្សនាស្តូបឈ្នះ ឈ្នះ ក៏ដូចជាតំបន់ទេសចរណ៍ វប្បធម៌ និងសាសនាផងដែរ”។

បន្ថែមពីលើនេះ លោក ហ្វុង វ៉ាន់ គឿង មានជំនឿជឿជាក់ថា ផ្លូវមួយខ្សែនេះនឹងចេញជារូបរាងឆាប់ៗនាពេលខាងមុខ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង ក៏ដូចជានៅខេត្តផ្សេងៗទៀតបានធ្វើដំណើរទៅទស្សនាទេសចរណ៍កំសាន្ត ប្រកបដោយភាពងាយស្រួល។

ឯកឧត្តម ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូប អនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ បានស្វាគមន៍ចំពោះភាពជាដៃគូនេះ។ លោកបានមានប្រសាសន៍ថា៖ “យើងពិតជារីករាយ និងកោតសរសើរចំពោះក្រុមហ៊ុនមិត្តហ្វូន ដែលតែងតែងរួមដំណើរជាមួយរាជរដ្ឋា- ភិបាលក្រសួង ស្ថាប័ន ផ្សេងៗទៀតជាច្រើននាពេលកន្លងមក។ ការចូលរួមបរិច្ចាគរបស់មិត្តហ្វូនសម្រាប់ផ្លូវថ្មីមួយខ្សែនេះបានកត់ជាប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់រដ្ឋាភិបាលជាពិសេសក្រសួងការពារជាតិដើម្បីជាចលករក្នុងការសាងសង់ប្រព័ន្ធគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង”។

ផ្លូវថ្មីមួយខ្សែដែលតភ្ជាប់ពីស្តូបអនុស្សាវរីយ៍នយោបាយឈ្នឈ្នះឡើងទៅកំពូលភ្នំនៃតំបន់ទេសចរណ៍ វប្បធម៌ និងសាសនា ប្រវែង១៥០០ម៉ែត្រ នឹងចាប់ផ្តើមសាងសង់នាពេលខាងមុខ ក្នុងអំឡុងពេលមានភាពធូរសា្រលពីជំងឺកូវីដ-១៩ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនមិត្តហ្វូន។ បន្ទាប់ពីសាងសង់រួចផ្លូវថ្មីមួយខ្សែនេះនឹងត្រូវបានដាក់ឈ្មោះថា «វិថីមិត្តហ្វូន» ស្ថិតនៅក្នុងភូមិសាស្ត្រភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨៕

មតិយោបល់