• 2021-07-29 04:44:07
  • ព័ត៌មាន

មកស្រាយកង្វល់ប៉ាម៉ាក់ រឿងចាក់វ៉ាក់សាំងកូនៗ ចន្លោះអាយុប៉ុន្មានខ្លះ វ៉ាក់សាំងប្រភេទអី និងប៉ះពាល់អីអត់?

  • 2021-07-29 04:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវវ័យ នឹងចាប់ផ្តើម បើកយុទ្ធនាការនៅថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២១ ចេញពីរាជធានីភ្នំពេញ និងបន្តបន្ទាប់នៅខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ។

ក្រោយពីប្រមុខរាជរដ្ឋាភិបាល បានចេញសេចក្ដីប្រកាសអំពីការវ៉ាក់សាំងបង្កាការចម្លងវីរុសកូវីដនេះ មានឪពុកម្ដាយ អាណាព្យាបាល មួយចំនួននៅមិនទាន់យល់ច្បាស់ពីនីតិវិធីមួយចំនួន និងមានខ្លះមិនទាន់ច្បាស់រឿងអាយុ ក៏ដូចជាមានកង្វល់ពីផលប៉ះពាល់ផ្សេងៗជាដើម ។ ដូច្នេះសូមមកស្វែងយល់ទាំងអស់គ្នា៖

១. យុទ្ធនាការចាក់វ៉ាក់សាំងកូវី៩-១៩ នេះនឹងប្រើប្រភេទវ៉ាក់សាំង (ស៊ីណូវ៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ មានន័យថា អ្នកមិនទាន់ដល់អាយុ ១៨ឆ្នាំ អាចចាក់បាន ។

២. ការចាក់វ៉ាក់សាំងនេះ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅទូទាំងប្រទេសដោយចាប់ផ្ដើមពីរាជធានីភ្នំពេញមុន និងបន្តបន្ទាប់នៅខេត្តកណ្ដាល កោះកុង និងព្រះសីហនុ ។

៣.ឯកសារដែលចាំបាច់ត្រូវយកទៅបង្ហាញនៅពេលទៅចាក់វ៉ាក់សាំង គឺទី១ គឺសំបុត្រកំណើត ដើម្បីកំណត់ឱ្យបានត្រឹមត្រូវអាសយដ្ឋាន និងអាយុពិតប្រាកដក្នុងករណីគ្មានសំបុត្រកំណើតអាចភ្ជាប់ជាមួយលិខិតឆ្លងដែន ហើយបើគ្មានលិខិតឆ្លងដែន គឺអាចភ្ជាប់ទៅជាមួយសៀវភៅគ្រួសារ ។ ចំណែកយុវវ័យអាយុចន្លោះ ១៦ និង ១៧ឆ្នាំ ប្រសិនបើមានអត្តសញ្ញាណប័ណ្ណក៏អាចភ្ជាប់ទៅបានដែរ ។

៤.ការបំពេញលិខិតព្រមព្រៀងអនុញ្ញាតឱ្យកុមារ និងយុវវ័យ ចាក់វ៉ាក់សាំងកូវីដ-១៩៖

  • ព្រមព្រៀងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ ដូចមានភ្ជាប់មកជាមួយ ជាលាយលក្ខណ៍អក្សរពីសំណាក់ មាតា-បិតា ឬអាណាព្យាបាល។ ក្នុងករណី កុមារ ឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតា-បិតា ឬអាណាព្យាបាល តម្រូវ ឱ្យមាតា-បិតា ឬអាណាព្យាបាល បំពេញនូវលិខិតព្រមព្រៀងនេះជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញ មកកូនចៅ ដើម្បីផ្ដល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំង។

  • អ្នកគ្រប់គ្រងចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌលអាជ្ញាធរមូលដ្ឋានក្នុងករណីក្មេងកំព្រាដែលពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដ។

​៥.ចំពោះបញ្ហាកង្វល់ពីផលប៉ះពាល់ បើតាមប្រសាសន៍របស់លោកជំទាវ គឺមានតិចតួចបំផុត ឬ ស្ទើរតែគ្មាន ករណីផលប៉ះពាល់នោះ អាចមានអាការៈក្ដៅខ្លួនតិចតួច, រមាស់ ឈឺ និងក្រហមនៅកន្លែងចាក់ជាដើម ។ ប៉ុន្តែបើនិយាយពីអត្ថប្រយោជន៍វិញមានច្រើនលើសលប់ ជួយឱ្យមានភាពសាំប្រឆាំងនឹងវីរុសកូវីដ១៩ ពិសេសបំផុតនោះ គឺអាចឈានទៅរកការបើកសាលារៀនវិញបាន ៕

មតិយោបល់