• 2021-10-14 06:45:12
  • ព័ត៌មាន

ក្រុមហ៊ុនព្រូដិនសលរៀបចំកម្មវិធី Pulse AI Bootcamp សម្រាប់និស្សិតសាកលវិទ្យាល័យ ដើម្បីគាំទ្រដល់ការអភិវឌ្ឍជំនាញនៅកម្ពុជា

  • 2021-10-14 06:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី១៥ ខែតុលាឆ្នាំ ២០២១៖ យោងតាមរបាយការណ៍មួយរបស់វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី អនាគតការងារ បានលើកឡើងថាការងារថ្មីប្រហែល ១០០ លានប្រភេទ ត្រូវបានគេរំពឹងថានឹងកើតមាននៅឆ្នាំ ២០២៥ ដោយសារការផ្លាស់ប្តូររបៀបនៃដំណើរការរបស់មនុស្ស ម៉ាស៊ីន និងក្បួនខ្នាតក្នុងការដោះស្រាយបញ្ហា (Algorithms) ។ AI (បញ្ញាសិប្បនិម្មិត) និងប្រព័ន្ធគណនាទិន្នន័យ (Machine Learning) ត្រូវបានគេចាត់ទុកថាជាផ្នែកមួយដែលនាំឱ្យមានការរីកចម្រើននៃឱកាសការងារថ្មីជាច្រើននេះ។

ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការចាប់យកឱកាសទាំងនោះ ព្រូដិនសលដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា និង ជាក្រុមហ៊ុននាំមុខគេក្នុងការផ្ដល់សេវាធានារ៉ាប់រងបែបឌីជីថល ថ្មីៗនេះបានរៀបចំកម្មវិធី Pulse Artificial Intelligence Bootcamp សម្រាប់និស្សិតសាកលវិទ្យាល័យចំនួន ៣០ នាក់ មកពីសាកលវិទ្យាល័យចំនួន ៧ ផ្សេងៗគ្នា ដើម្បីស្វែងយល់ពីគំនិត និងជំនាញមូលដ្ឋានរបស់ AI (បញ្ញាសិប្បនិម្មិត) និងបំផុសចំណង់ចំណូលចិត្តរបស់ពួកគេ ក៏ដូចជារៀបចំពួកគេក្នុងការចាប់យកអាជីពក្នុងវិស័យនេះ។

Pulse by Prudential (Pulse) គឺជាកម្មវិធីសុខភាពបែបឌីជីថល ដែលដំណើរការដោយបច្ចេកវិទ្យាឆ្លាតវៃ AI (បញ្ញាសិប្បនិម្មិត) និងអាចផ្ដល់ព័ត៌មានទាន់ពេលវេលា ដើម្បីជួយអ្នកប្រើប្រាស់ទប់ស្កាត់ ពន្យារ និងការពារប្រឆាំងនឹងការចាប់ផ្តើមនៃជំងឺនានា។ ក្រុមការងារនៅព្រូដិនសល ដែលមានរួមមានអ្នកវិទ្យាសាស្ត្រទិន្នន័យកម្ពុជា (Cambodian Data Scientist) និងអ្នកជំនាញផ្នែក AI (បញ្ញាសិប្បនិម្មិត) បានចូលរួមគ្នាក្នុងការអភិវឌ្ឍកម្មវិធីសុខភាពនេះ ហើយពួកគាត់ក៏បានដើរតួនាទីជាអ្នកណែនាំសម្រាប់កម្មវិធី Pulse Artificial Intelligence Bootcamp នេះផងដែរ។

កំឡុងពេលនៃកម្មវិធីនេះ និស្សិតរបស់យើងបានសិក្សាពីមូលដ្ឋាននៃ AI (បញ្ញាសិប្បនិម្មិត) និងដឹងពីរបៀបដែលពួកគេកំពុងធ្វើអន្តរកម្មជាមួយ AI (បញ្ញាសិប្បនិម្មិត) នៅក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជាការប្រើប្រាស់ឧបករណ៍ Teachable Machine របស់ Google ដើម្បីបង្កើតគំរូ AI (បញ្ញាសិប្បនិម្មិត)។ ក្រោយមកក្នុងកម្មវិធីនេះ ពួកគេត្រូវបានបែងចែកជា ១០ ក្រុម ដែលមានសមាជិក ៣ នាក់ ហើយក្រុមនីមួយៗត្រូវបានផ្គូផ្គងជាមួយអ្នកជំនាញផ្នែក AI (បញ្ញាសិប្បនិម្មិត) របស់ព្រូដិនសល ដើម្បីជួយពួកគេបង្កើតកម្មវិធី AI (បញ្ញាសិប្បនិម្មិត) ដែលអាចប្រើប្រាស់បាន។

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ AI (បញ្ញាសិប្បនិម្មិត) កំពុងក្លាយជាយុទ្ធសាស្ត្រសំខាន់មួយសម្រាប់ក្រុមហ៊ុនជាច្រើននៅទូទាំងពិភពលោក ហើយវាកំពុងផ្លាស់ប្តូរដំណើរការរបស់អាជីវកម្មផងដែរ។ វាក៏មានភាពទូលំទូលាយក្នុងការផ្ដល់លទ្ធភាពដល់គ្រប់គ្នាក្នុងការស្វែងយល់អំពីវា ប្រសិនបើពួកគេមានឆន្ទៈក្នុងការរៀន។ ដូច្នេះយើងចង់ផ្តល់ឱកាសឱ្យនិស្សិតបានស្វែងយល់ពី AI (បញ្ញាសិប្បនិម្មិត) និងប្រព័ន្ធគណនាទិន្នន័យ (Machine Learning) រួមជាមួយការស្វែងយល់អំពីឱកាសផ្សេងៗដែលនឹងកើតមានក្នុងឧស្សាហកម្មនេះ។ ប្រសិនបើមនុស្សកាន់តែច្រើនមានចំណេះដឹងលើផ្នែក AI (បញ្ញាសិប្បនិម្មិត) ហើយអាចចាប់ផ្តើមចូលរួមចំណែកក្នុងវិស័យនេះ នោះប្រទេសជាតិទាំងមូលនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន។

អ៊ុយ ខូលីណា ដែលជាអ្នកចូលរួមក្នុងកម្មវិធី និងជានិស្សិតសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនបានលើកឡើងថា៖ កម្មវិធីនេះគឺជាព្រឹត្តិការណ៍ដ៏រំភើបបំផុតមួយក្នុងចំណោមកម្មវិធីដែលខ្ញុំបានចូលរួមកន្លងមក។ ក្នុងនាមជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ ខ្ញុំមិនដែលគិតថា ខ្ញុំអាចបង្កើតកម្មវិធី AI (បញ្ញាសិប្បនិម្មិត) បានទេ ប៉ុន្តែខ្ញុំពិតជាអាចធ្វើបាន! សូមអរគុណដល់ព្រូដិនសល និងក្រុមការងារទាំងអស់ សម្រាប់ឱកាសដ៏អស្ចារ្យមួយនេះ។

អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែលស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានាស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយប្រជាជនកម្ពុជាក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

ក្រុមហ៊ុន ព្រូដិនសលភីអិលស៊ី ផ្តល់ការធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិ ដោយផ្តោតលើតំបន់អាស៊ី និងអាហ្វ្រិក។ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នាឱ្យមានភាពប្រសើរឡើង តាមរយៈការធ្វើឱ្យគ្រប់គ្នាមានលទ្ធភាពទទួលបានសេវាថែទាំសុខភាពមានតម្លៃសមរម្យ និងការលើកកម្ពស់បរិយាប័ន្នផ្នែកហិរញ្ញវត្ថុ។ ព្រូដិនសល ជួយប្រជាជនក្នុងការការពារ និងបង្កើនទ្រព្យសម្បត្តិ និងជម្រុញការសន្សំសម្រាប់គោលដៅរបស់ពួកគេ។ អាជីវកម្មរបស់យើងមានអតិថិជនជាង ១៧ លាននាក់ នៅអាស៊ីនិងអាហ្វ្រិក ហើយក៏បានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។ *ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអ៊ីន (Prudential Financial, Inc) ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន (Prudential Assurance Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន អឹម&ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។

អំពី Pulse by Prudential

Pulse by Prudential គឺជាកម្មវិធីសុខភាពលើទូរស័ព្ទដៃ ប្រជុំទៅដោយមុខងារដ៏សម្បូរបែបជាច្រើន ហើយជាកម្មវិធីដំបូងបង្អស់នៅក្នុងតំបន់ ដែលផ្ដល់ទិដ្ឋភាពទាំងមូលនៃការគ្រប់គ្រងសុខភាពជូនដល់អ្នកប្រើប្រាស់។ កម្មវិធីដែលដំណើរការដោយយន្តបញ្ញានិមិត្ត (AI-Powered) និងផ្ដល់ព័ត៌មានពាក់ព័ន្ធទាន់ពេលវេលាមួយនេះ នឹងជាដៃគូដែលតែងតែនៅជាមួយអ្នកប្រើប្រាស់គ្រប់ពេលវេលាដើម្បីសុខភាពនិងសុខុមាលភាព ហើយថែមផ្ដល់លទ្ធភាពជូនពួកគាត់ឱ្យអាចបង្ការ ពន្យារ និងទទួលបានការការពារលើការចាប់ផ្ដើមនៃជំងឺនានាទៀតផង។ Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូទាំងតំបន់នៃក្រុមហ៊ុនព្រូដិនសល ដែលមានគោលបំណងធ្វើឱ្យប្រជាជនគ្រប់រូបក្នុងទ្វីបអាស៊ីអាចមានលទ្ធភាពទទួលបានសេវាថែរក្សាសុខភាពដែលល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកិច្ចសហការជាមួយដៃគូដ៏ល្អៗជាច្រើន។

បន្ទាប់ពីដាក់ឱ្យប្រើប្រាស់នៅប្រទេសម៉ាឡេស៊ីកាលពីខែសីហា ២០១៩ កម្មវិធី Pulse បច្ចុប្បន្ននេះ ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងបណ្ដាប្រទេសចំនួន ១១ ថែមទៀត ហើយមានដាក់បញ្ចូលមុខងារល្អៗជាច្រើនដូចជា មុខងារពិនិត្យរោគសញ្ញា (Symptom Checker) ការវាយតម្លៃលើសុខភាព (Health Assessment) សេវាសុខុមាលភាពបុគ្គល និងការពិគ្រោះយោបល់តាមវីដេអូជាមួយវេជ្ជបណ្ឌិត និងគ្រូពេទ្យឯកទេស។

ចាប់តាំងពីបានដាក់ឱ្យប្រើប្រាស់មក Pulse មានអ្នកទាញយកមកប្រើប្រាស់ច្រើនជា ៣០ លានដង* ហើយនៅក្នុងទ្វីបអាស៊ី។ Pulse អាចទាញយកពី Apple App Store ឬ Google Play Store ក្នុងបណ្ដាប្រទេសដូចជា កម្ពុជា ហុងកុង ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ និងវៀតណាម។

សម្រាប់ព័ត៌មានបន្ថែម និងដើម្បីទាញយក Pulse សូមចូល www.wedopulse.com

*គិតត្រឹមខែសីហា ឆ្នាំ២០២១

មតិយោបល់