• 2021-12-03 10:27:00
  • ព័ត៌មាន

ទិវានំប្រពៃណីចាម្ប៍នឹងប្រារព្ធលើកដំបូងបង្អស់ក្នុងរាជធានីភ្នំពេញ

  • 2021-12-03 10:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជនចាម្ប៍មួយក្រុមដែលស្គាល់ថាជាយុវជនចាម្ប៍បានសហការគ្នា រៀបចំតាំងបង្ហាញអំពីនំប្រពៃណីរបស់ជនជាតិខ្លួនក្រោមកម្មវិធីឈ្មោះ «ទិវានំប្រពៃណីចាម្ប៍» សម្រាប់សាធារណជនចូលទស្សនាដោយសេរីនៅថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ៣រសៀល ដល់ម៉ោង ៦ល្ងាច។

លោក ឡឹប កើ តំណាងឱ្យក្រុមយុវជន និងជាអ្នកផ្ដួចផ្តើមរៀបចំកម្មវិធីនេះបានប្រាប់ថា៖ “គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីបង្ហាញសាធារណជនឱ្យបានស្វែងយល់ និងផ្សព្វផ្សាយវប្បធម៌ចាម្ប៍ជូនដល់សាធារណជនទូទៅ ជាពិសេសនំប្រពៃណីចាម្ប៍នេះដែលភាគច្រើន បងប្អូនខ្មែរ និងជនជាតិផ្សេងៗពុំដែលបានស្គាល់។ ក្នុងនោះ ទិវានំប្រពៃណីចាម្ប៍នេះ ប្រារព្ធឡើងដោយក្រុមយុវជនចាម្ប៍ (ភាគច្រើនជានិស្សិតកំពុងសិក្សានៅរាជធានីភ្នំពេញ) ដែលពួកយើង មានចិត្តរួមគ្នាតែមួយក្នុងការរក្សាអត្តសញ្ញាណរបស់ជនជាតិយើង។”

លោកឡឹប កើ បានបន្ថែមទៀតថា៖ “នំទាំងអស់ក្នុងកម្មវិធី គឺធ្វើដោយដៃ ពុំមានប្រើពុម្ព ឬមធ្យោបាយជំនួយឡើយ ហើយធ្វើជាពិសេស និងចំណានបំផុត ពីសហគមន៍ ជនជាតិចាម្ប៍នៅក្នុងតំបន់ ដែលភាគច្រើនមកខេត្តកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច។

នៅក្នុងព្រឹត្តិការណ៍នេះដែរក៏មានភ្លេងស្គរចាម (ស្គរបាណាឬស្គរយីកេ) ភ្លេងប្រពៃណីមួយដែលជនជាតិភាគតិចចាម្ប៍តែង តែប្រារព្ធលេងនៅពេលមានពិធីបុណ្យផ្កា (ម៉ៅលុត) ពិធីរៀបអាពាហ៌ពិពាហ៌ ពិធីចូលសាសន៍ និងពិធីផ្សេងៗជាច្រើនទៀត”។

កម្មវិធីនេះអនុញ្ញាត និងគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយអនុញ្ញាតឲ្យរៀបចំទិវានេះនៅសារមន្ទីរខ្លែងខ្មែរ (ទល់មុខរដ្ឋសភាថ្មី) ចាប់ពីម៉ោង ៣រសៀល រហូតដល់ម៉ោង ៦ ល្ងាច។

សាធារណជនអាចចូលរួមបានដោយសេរី ជាពិសេសក៏អាចពិសានំប្រពៃណីចាម្ប៍ដោយ ឆ្ងាញ់ពិសាផងដែរ។ ទន្ទឹមនឹងនេះ ក្រុមអ្នករៀបចំកម្មវិធីក៏រំពឹងទុកថា ទិវានេះនឹងក្លាយជាកន្លែងសម្រាប់យុវជនសិក្សាស្វែងយល់បន្ថែមអំពីប្រពៃណីចាម្ប៍នៅក្នុងប្រទេសកម្ពុជា ហើយនឹងអាចជាព្រឹត្តិការណ៍ ប្រចាំឆ្នាំផងដែរ ប្រសិនជាមានការគាំទ្រច្រើន៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់