- 2022-02-16 04:42:25
- ព័ត៌មាន
ធ្លាក់ក្នុងសភាពគួរឲ្យអាសូរបែបនេះ ដោយសារលោកគ្រូភាសាបារាំង បាត់បង់ការចងចាំ?
- 2022-02-16 04:42:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាក់ក្នុងសភាពគួរឲ្យអាសូរបែបនេះ ដោយសារលោកគ្រូភាសាបារាំង បាត់បង់ការចងចាំ?
ចន្លោះមិនឃើញ
ប្រិយមិត្ត ពិសេសលោកគ្រូអ្នកគ្រូ សិស្សនៃវិទ្យាល័យទួលទំពូងទាំងអតីត និងបច្ចុប្បន្ន បាន និងកំពុងស្លុតចិត្តក្រោយឃើញសភាពដុនដាបរបស់លោកតា អាង ហួត អតីតគ្រូភាសាបារាំងនៃវិទ្យាល័យទទួលទំពូង និងស្ទើរតែមិនចង់ជឿថា លោកគ្រូធ្លាក់ខ្លួនដល់ថ្នាក់នេះ។ តើលោកគ្រូ មានបញ្ហាបាត់ការចងចាំ?
បុរសចំណាស់ម្នាក់ ត្រូវបានគេអះអាងថា មានឈ្មោះ អាង ហួត ជាអតីតគ្រូបង្រៀនភាសាបារាំងប្រចាំវិទ្យាល័យទួលទំពូង។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ ណន ម៉ារឌី ដែលជាគ្រូបង្រៀននៅវិទ្យាល័យជាមួយគ្នា។ ការបើកបង្ហាញពីអត្តសញ្ញាណរបស់បុរសចំណាស់ បានធ្វើឲ្យប្រិយមិត្តទូទៅ ពិសេសបុគ្គលដែលធ្លាប់ស្គាល់ និងមានអនុស្សាវរីយ៍ជាមួយគ្នា រំជួលចិត្តយ៉ាងខ្លាំង។
ប្រិយមិត្តជាច្រើន បានចូលមកសរសេរសារថ្លែងពីការអាណិតអាសូរ ខ្លះចូលរួមបរិច្ចាគតាមទឹកចិត្ត និងខ្លះបានលើកជាចម្ងល់ថាតើមានរឿង បានជាបុគ្គលម្នាក់ដែលមានចំណេះដឹងពេញខ្លួន បែរធ្លាក់ខ្លួនដល់ថ្នាក់នេះ។ ជាមួយគ្នា ការសង្ស័យលើឧប្បត្តិហេតុណាមួយ បណ្ដាលឲ្យលោកបាត់ការចងចាំ ក៏អាចជាមូលហេតុមួយដែរ។
ជុំវិញបញ្ហានេះ លោកគ្រូ ណន ម៉ារឌី ដែលជាអ្នកបើកកកាយដំបូងជុំវិញស្ថានភាពបច្ចុប្បន្នរបស់លោកគ្រូ អាង ហួត ធ្វើឲ្យប្រិយមិត្តរំជួលចិត្ត បានឆ្លើយប្រាប់ sabay តាមសារអេឡិចត្រូនិកថា លោកមានការកត់សម្គាល់ខ្លះៗលើចំណុចនេះដែរ។ លោកថា មើលទៅលោកតា ដូចជាមានបញ្ហាស្មារតី តែក៏មិនប្រាកដ ១០០%។
“ខ្ញុំមិនទាន់បានដឹងរឿងច្បាស់ដែរ តែមើលទៅគាត់ដូចបាត់ការចងចាំ...តែវាដូចមិនទាន់ពិតប្រាកដទេ ទាល់តែខ្ញុំទៅជួប ទៅសម្ភាសន៍គាត់ឲ្យច្បាស់លាស់សិន ឲ្យដឹងថាគាត់វង្វេងខ្លាំង ឬយ៉ាងណា…!”។ លោកគ្រូ ណន ម៉ារឌី ថ្លែង។
តាមប្រភពពីអតីតអ្នករួមអាជីពនេះដដែល លោកតា អាង ហួត គឺជាកំលោះចាស់ មិនមានសាច់ញាតិ ឬប្រពន្ធកូនឡើយ។ ដូច្នេះហើយ ទើបគេឃើញលោករស់នៅតែលតោលតែម្នាក់ឯងបែបនេះ។ ប៉ុន្តែសភាពរស់នៅអនាថាតាមចិញ្ចើមផ្លូវកណ្ដោចកណ្ដែងនេះ គឺជារឿងមួយផ្សេងទៀត ព្រោះថា លោកតាក៏មានផ្ទះសម្បែងខ្លួនឯងត្រឹមត្រូវដែរ។
តាមលោកគ្រូ ណន ម៉ារឌី បានឲ្យដឹងថា លោកតា អាង ហួត មានផ្ទះមួយកន្លែងកណ្ដាលរាជធានី ស្ថិតនៅជាន់លើ ហើយបើតាមព័ត៌មានបឋម និងមិនទាន់យកជាការដែលលោកគ្រូទទួលបានពីអ្នកជិតខាងនោះ គឺថា ផ្ទះលោកតាជាប្រភេទផ្ទះសល់ពីឆ្នាំ ១៩៧៩ ដែលមានទ្វារតែមួយ។ ដូច្នេះពេលដែលផ្ទះជាន់ក្រោមបិទទ្វារ លោកតាដែលនៅជាន់លើ មិនអាចចូលរួច។
យ៉ាងណាលោកគ្រូថា មិនទាន់ហ៊ានសន្និដ្ឋានថាបែបម៉េចនោះទេ រហូតទាល់តែលោកគ្រូបានជួបសួរនាំបន្ថែមទៀតជាមួយលោកតា អាង ហួត សិន។
ត្បិតថា សាច់យ៉ាងណាខ្លះកើតលើឆាកជីវិតតែលតោលរបស់អតីតគ្រូភាសាបារាំង ប៉ុន្តែប៉ុន្មានថ្ងៃនេះ គេឃើញមានកម្លាំងមនុស្សធម៌ពីមហាជន ពិសេសសិស្ស និងលោកគ្រូ អ្នកគ្រូវិទ្យាល័យទួលទំពូងទាំងអតីត និងបច្ចុប្បន្ន កំពុងស្រុះគ្នាជួយលោកគ្រូកម្សត់។ តាមលោកគ្រូ ណន ម៉ារឌី គិតត្រឹមថ្ងៃម្សិលមិញ លោកគ្រូទទួលទឹកប្រាក់ជំនួនបានជាង ១ ០០០ដុល្លារអាមេរិកហើយ។
លោកគ្រូ ម៉ារឌី ប្រាប់ទៀតថា លោកគ្រូនឹងចាត់ចែងប្រាក់ឧត្ថម្ភនេះ ដោយការផ្ដល់ជូនម្ដងបន្តិចៗប្រចាំខែទៅឲ្យលោកតា អាង ហួត រហូតលោកតា មានភាពល្អប្រសើរ៕