• 2022-03-28 03:35:00
  • ព័ត៌មាន

ខ្មែរធ្វើបាន! ចម្លាក់ព្រះថោងនាងនាគខ្មែរ បែរព្រះភ័ក្ត្រឆ្ពោះទៅសមុទ្រ ជានិម្មិត្តរូបនៃការកកើតទឹកដី គួរឲ្យកោតស្ញប់ស្ញែងក្រៃលែង

  • 2022-03-28 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបសំណាក ព្រះថោងនាងនាគខ្មែរ ដ៏ធំសម្បើមរៀបរាប់ពីកំណើតនគរខ្មែរ គឺព្រះថោងតោងស្បៃនាងនាគ ពេលត្រូវបានដាក់តំឡើងសាកល្បងហើយ ស្ថិតក្នុងខេត្តព្រះសីហនុតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា គឺពិតជាអស្ចារ្យ គួរឲ្យកោតស្ញប់ស្ញែងក្រៃលែង។

រូបសំណាក ព្រះថោងតោងស្បៃនាងនាគ ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ ដោយរូបសំណាក ព្រះថោងនាងនាគនេះ នឹងត្រូវដាក់ឱ្យបែរព្រះភ័ក្ត្រឆ្ពោះទៅសមុទ្រ ក្នុងទម្រុងទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ជានិម្មិត្តរូបនៃការកកើតទឹកដី វប្បធម៌អារ្យធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ ហើយរូបសំណាកនេះដែរគឺធ្វើពីស្ពាន់ និង មានកម្ពស់ ២១ ម៉ែត្រ។

រូបសំណាក ព្រះថោងនិងនាងនាគ ជាកំណើតនៃអារ្យធម៌ខ្មែរនគរគោកធ្លកដែលគេឃើញមានតរៀងមក ក្នុងពិធីៀបអាពាហ៍ពិពាហ៍ខ្មែរមកដល់សព្វថ្ងៃ ពេលនេះបានក្លាយជារូបសំណាកនិមិត្តរូបរបស់ខេត្តព្រះសីហនុ ក្រោមការកសាង ដុសខាត់យ៉ាងហ្មត់ចត់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមជាងដ៏ជំនាញអស់រយៈពេលច្រើនខែកន្លងមកហើយ។ ជាមួយគ្នានេះដែររូបសំណាកដ៏អស្ចារ្យធំសម្បើមមួយនេះ បន្ទាប់លើកដាក់រួច នឹង បង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ។

សូមជម្រាបថា រូបសំណាក ព្រះថោងនាងនាគនេះ ជារូបសំណាកទី៣ ដែលរដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងរៀបចំលើកដាក់លើបល្ល័ងនៅរង្វង់មូល ព្រះថោងនាងនាគ ជារូបសំណាកនិមិត្តរូបខេត្តព្រះសីហនុ ជាមួយនឹងរូបសំណាក ៣ផ្សេងទៀតរួមមានដូចជា រូបសំណាកតោមាស ញីឈ្មោល ដែលមានស្រាប់, រូបសំណាក ព្រះសិវៈ និងព្រះនាងឧមា (សាងសង់ថ្មី) និងរូបសំណាក សីហរាជក្បាលបី សុទ្ធសឹងស្ថិតនៅក្នុងផែនការអភិវឌ្ឍខេត្តព្រះសីហនុ ជាមួយនឹងផ្លូវ៣៤ខ្សែសាងសង់តំណាលគ្នា ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់