• 2022-03-29 01:15:00
  • ព័ត៌មាន

ឯកឧត្តម គួច ចំរើន ជំរុញឱ្យក្រុមហ៊ុនដំឡើងរូបសំណាក «ព្រះថោងព្រះនាងនាគ» រួចរាល់មុនថ្ងៃចូលឆ្នាំខាងមុខនេះ

  • 2022-03-29 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យក្រុមហ៊ុនដែលទទួលការសាងសង់ និងដំឡើងរូបសំណាក «ព្រះថោងព្រះនាងនាគ» ត្រូវដំឡើងឱ្យរួចរាល់មុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុក Sihanouk Province, my hometown នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។

តាមប្រភពដដែលបានបញ្ជាក់ថារូបសំណាក ព្រះថោងនាងនាគខ្មែរ ដ៏ធំសម្បើមរៀបរាប់ពីកំណើតនគរខ្មែរ គឺព្រះថោងតោងស្បៃនាងនាគ ជាកំណើតនៃអារ្យធម៌ខ្មែរនគរគោកធ្លកដែលគេឃើញមានតរៀងមក ក្នុងពិធីៀបអាពាហ៍ពិពាហ៍ខ្មែរមកដល់សព្វថ្ងៃ ពេលនេះបានក្លាយជារូបសំណាកនិមិត្តរូបរបស់ខេត្តព្រះសីហនុហើយ ។ ដោយឡែកដើម្បីជាការអបអរសមិទ្ធផលដ៏ត្រចះត្រចង់មួយនេះ ឯកឧត្តម គួច ចំរើន ជំរុញឲ្យ ក្រុមហ៊ុននរៈសឹង្ហសិល្បៈខ្មែរ ដែលទទួលការសាងសង់ និងដំឡើងរូបសំណាក «ព្រះថោងព្រះនាងនាគ» ឲ្យខិតខំធ្វើយ៉ាងណាដំឡើងឲ្យបានឆាប់រហ័សនិងរួចរាល់មុនពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២២ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ។

អាជ្ញាធរខេត្តព្រះសីហនុ បានបង្ហាញថារូបសំណាកដ៏អស្ចារ្យធំសម្បើមមួយនេះ បន្ទាប់លើកដាក់រួច នឹង បង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ។

សូមជម្រាបថា រូបសំណាក ព្រះថោងតោងស្បៃនាងនាគ ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ ដោយរូបសំណាក ព្រះថោងនាងនាគនេះ នឹងត្រូវដាក់ឱ្យបែរព្រះភ័ក្ត្រឆ្ពោះទៅសមុទ្រ ក្នុងទម្រុងទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ជានិម្មិត្តរូបនៃការកកើតទឹកដី វប្បធម៌អារ្យធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ ហើយរូបសំណាកនេះដែរគឺធ្វើពីស្ពាន់ និង មានកម្ពស់រហូតដល់ ២១ ម៉ែត្រ ជារូបសំណាកទី៣ ដែលរដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងរៀបចំលើកដាក់លើបល្ល័ងនៅរង្វង់មូល ព្រះថោងនាងនាគ ជារូបសំណាកនិមិត្តរូបខេត្តព្រះសីហនុផងដែរ៕

ប្រភព៖​ Sihanouk Province, my hometown

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់