• 2022-04-04 02:10:23
  • ព័ត៌មាន

ស្ថានភាពកាន់តែប្រសើរ សម្ដេច ហ៊ុន សែន កំពុងពិចារណាប្រកាសឱ្យប្រជាជនតាមខេត្តខ្លះ មិនចាំបាច់ពាក់ម៉ាសទេ

  • 2022-04-04 02:10:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចកំពុងតាមដានស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ហើយកំពុងពិចារណាឱ្យបណ្ដាស្រុក ខេត្តខ្លះ មិនចាំបាច់ពាក់ម៉ាសនៅសាធារណៈនោះទេ ។ នេះបើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី ៤ មេសា ឆ្នាំ ២០២២ នេះ។

សម្ដេចបានថ្លែងថា នៅបណ្ដាប្រទេសមួយចំនួន បានប្រកាសរួចស្រេចទៅហើយ មិនឱ្យប្រជាជនរបស់ប្រទេសគេពាក់ម៉ាសនោះទេ ខណៈប្រទេសទាំងនោះកំពុងមានការរីករាលដាលយ៉ាងខ្លាំងនៃជងឺកូវីដ-១៩ ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញ តួលេខនៃអ្នកឆ្លងថ្មីមានតែជាង ៣០នាក់ប៉ុណ្ណោះ។ យ៉ាងណាមិញសម្ដេចមានប្រសាសន៍ថា កំពុងបន្តតាមដាននៅឡើយអំពីស្ថានភាពជំងឺកូវីដ១៩ និងកំពុងពិចារណាប្រកាសឱ្យប្រជាជននៅបណ្ដាឃុំ ស្រុក ឬក៏ខេត្តតែម្ដង មិនបាច់ពាក់ម៉ាសនោះទេ ប៉ុន្តែនៅពេលដែលធ្វើដំណើរឆ្លងទៅកាន់ខេត្តផ្សេងៗត្រូវពាក់ម៉ាស។ សម្ដេចលើកថា អាចឱ្យខេត្តខ្លះដូចជា មណ្ឌលគីរី រតនគិរី ស្ទឹងត្រែង មិនចាំបាច់ពាក់ម៉ាសនោះទេ តែបើទៅខេត្តផ្សេងត្រូវពាក់ ។

សម្ដេចថ្លែង៖ «ព្រោះត្រូវចំណាយដែរ ដែលត្រូវទិញម៉ាស ហើយម៉ាសមួយពាក់បានតែម្ដង» ។ យ៉ាងណាក្ដីសម្ដេចនាយករដ្ឋមន្ត្រីបន្តអំពាវនាវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ត្រូវបន្តពាក់ម៉ាសដរាបណាមិនទាន់មានសេចក្ដីប្រកាសណាមួយ ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់