• 2022-04-22 08:35:27
  • ព័ត៌មាន

វត្តមានផ្សារបោះដុំ ឃ្លាំងរំសេវថ្មី សែនសុខ បង្ហាញពីសក្ដានុពល និងភាពល្អប្រសើរនៅក្នុងតំបន់

  • 2022-04-22 08:35:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈវត្តមាននៃផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បច្ចុប្បន្ន បាន និងកំពុងបង្ហាញពីប្រជាប្រិយភាពខ្ពស់ និងទាក់ទាញទាំងអាជីវករ ក៏ដូចជាអតិថិជន ក្នុងនាមជាផ្សាររៀបរយមានកម្រិតស្តង់ដារល្អជាងគេនៅក្នុងតំបន់ជាមួយនឹងការផ្គត់ផ្គង់ទំនិញយ៉ាងសម្បូរបែប ដូចជាផលិតផលចម្រុះ បរិក្ខារ គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិក ទូរស័ព្ទទំនើបគ្រប់ប្រភេទ ហាងលក់សម្លៀកបំពាក់ ភេសជ្ជៈ គ្រឿងក្រអូប ជាពិសេសមានផ្សារបន្លែផ្លែឈើ ត្រីសាច់ដែលមានគុណភាពល្អ។

លោក សោម កែវម៉ាលីដា ដែលជាអ្នកអភិវឌ្ឍន៍ និងជានាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានមានប្រសាសន៍ឲ្យដឹងថា វត្តមានផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានចូលរួមជាចំណែកយ៉ាងសំខាន់ក្នុងការបង្ហាញពីការអភិវឌ្ឍ និងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខណ្ឌសែនសុខ ដែលមានមនុស្សរស់នៅ និងធ្វើដំណើរឆ្លងកាត់ប្រមាណជាង៧០ម៉ឺននាក់។

ផ្អែកតាមស្ថានភាពភូមិសាស្ត្រជាក់ស្ដែងនាពេលបច្ចុប្បន្ន ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ហាក់ដូចជាបេះដូងដ៏សំខាន់មួយនៅក្នុងតំបន់ ដោយសារតែផ្សារនេះ បានតភ្ជាប់ជាមួយផ្លូវសំខាន់ៗជាច្រើនដូចជាផ្លូវហាណូយ ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី វិថីឈ្នះឈ្នះ និងមានរោងចក្រសហគ្រាស បុរីធំៗនៅព័ទ្ធជុំវិញ ដូចជាបុរីពិភពថ្មីសែនសុខ បុរីជីបម៉ុង បុរីអង្គរភ្នំពេញ បុរី Premium Land បុរីវិមានភ្នំពេញ ក្រុងរណប ហ្គ្រេនភ្នំពេញ រួមទាំងស្ថាប័នរដ្ឋសំខាន់ៗជាច្រើនទៀតដូចជា ក្រសួងរៀបចំដែនដីនគរូបកនីយកម្ម និងសំណង់ ធនាគារជាតិនៃកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តូចធំខ្វាត់ខ្វែងដទៃទៀត ហាក់ដូចជាសសៃឈាមតភ្ជាប់ជាមួយនឹងបេះដូងយ៉ាងរស់រវើក និងប្រកបដោយសក្តានុពលខ្ពស់បំផុត។

លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ថា ៖ «បើនិយាយពីការរៀបចំ និងលក្ខណៈពិសេសរបស់ផ្សារវិញផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខជាទីតាំងអំណោយផលបំផុតសម្រាប់អាជីវករ និងឆ្លើយតបជាមួយជាតម្រូវការរបស់ប្រជាជននៅក្នុងតំបន់។ ផ្សារប្រកបដោយសក្តានុពលនេះមានភាពអំណោយផលទាំងទីតាំងភូមិសាស្ត្រ ការរៀបចំស្តង់លក់ និងការបែងចែកទីតាំងលក់ទំនិញ។ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ក៏មានផងដែរនូវផ្ទះអាជីវកម្ម (Shop House) ហ៊ុមព័ទ្ធជុំវិញ មានហេដ្ឋារចនាសម្ព័ន្ធល្អ ធំទូលាយ មានចំណតពហុវិស័យ បន្ទប់ទឹកអនាម័យ ផ្សារបន្លែ ត្រីសាច់ និងស្តង់ផ្តល់សេវាកម្មជាច្រើនទៀត ដែលសុទ្ធតែត្រូវបានរៀបចំ និងសាងសងឡើងផ្តោតលើគុណភាព កម្រិតស្ដង់ដារ និងផ្តល់នូវផាសុកភាពជូនដល់អាជីវករ និងអតិថិជនទូទៅទាំងអស់»។

នៅក្នុងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដែលកំពុងបើកដំណើរការនាពេលបច្ចុប្បន្ននេះមានស្តង់លក់សរុបចំនួន៩៨០តូប បែងចែកជា៤ប្រភេទ រួមមានប្រភេទA ស្ថិតនៅជួរខាងមុខជាប់ផ្លូវធំជុំវិញផ្សារ ប្រភេទ B ស្ថិតនៅជាប់ផ្លូវទំហំ៦ម៉ែត្រ ប្រភេទ C ស្ថិតនៅជាប់ផ្លូវ៣ម៉ែត្រ (នៅផ្លូវកែង) ហើយប្រភេទ D ស្ថិតនៅជាប់ផ្លូវ៣ម៉ែត្រ(តំបន់កណ្តាល)។

ជាមួយគ្នានេះ លោកក៏បានប្រាប់ឲ្យដឹងផងដែរថា អ្នកអភិវឌ្ឍន៍បានយកចិត្តទុកដាក់ទៅលើការកំណត់ស្ដង់ដារ និងការផ្តល់នូវផាសុកភាពខ្ពស់ ដោយប្រមាណ៦០ភាគរយនៃគម្រោងបានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសទូទៅនៅក្នុងផ្សារទាំងមូល មានផ្លូវធំៗខ្វាត់ខ្វែងដែលអាចអនុញ្ញាតឲ្យកង់ ម៉ូតូ និងរឺម៉កកង់បីអាចជិះចូលបាន មានពន្លឺថ្ងៃគ្រប់គ្រាន់ និងលំហូរខ្យល់ចេញចូលគ្រប់គ្រាន់ ជាមួយនឹងសណ្ដាប់ធ្នាប់ល្អ អនាម័យ និងសុវត្ថិភាពខ្ពស់។

អ្នកអភិវឌ្ឍន៍រូបនេះក៏បានបញ្ជាក់ឲ្យដឹងផងដែរថា វត្តមានផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានចូលរួមផ្តល់នូវភាពងាយស្រួលដល់អ្នកដែលរស់នៅក្នុងតំបន់ ក៏ដូចជាអ្នករស់នៅជិតខាងមួយចំណែកធំ ជាពិសេសពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់ប្រភេទទំនិញចាំបាច់ប្រចាំថ្ងៃប្រកបទៅដោយគុណភាពខ្ពស់ ដែលខុសកាលពីមុនអ្នកទាំងនោះហាក់មានផលលំបាកក្នុងការស្វែងរកទីតាំងផ្គត់ផ្គង់ទំនិញ កន្លែងលក់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងបន្លាស់អេឡិចត្រូនិកជាដើម។ ដោយនៅទីនេះមានផ្សារបោះដុំ និងលក់រាយបន្លែ ផ្លែឈើ ត្រីសាច់ សម្រាប់ជាម្ហូបអាហារប្រចាំថ្ងៃ គ្រឿងអេឡិចត្រូនិក ម្ហូបអាការ និងផលិតផលជាច្រើនប្រភេទនៅក្នុងទីតាំងតែមួយ៕

មតិយោបល់