• 2022-05-06 07:44:30
  • ព័ត៌មាន

លើក​នេះ កម្ពុជា​ ដាក់​ផែន​ការ​ទាក់ទាញយក​ភ្ញៀវទេសចរ ពីទីផ្សារហ្វីលីពីន!

  • 2022-05-06 07:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​បាន និង​កំពុង​រៀប​ចំ​កម្មវិធី​ផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា Cambodia Tourism Roadshow នៅប្រទេសហ្វីលីពីន ដែល​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​គោលបំណង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ទៅ​ក្រៅ​ស្រុក និង​ផ្ដល់ឱកាសដល់ផ្នែកឯកជនបង្កើនការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍លើទីផ្សារហ្វីលីពីន ពិសេសគឺដើម្បីទាក់ទាញភ្ញៀវទេសចរពីទីផ្សារហ្វីលីពីន​តែ​ម្ដង។

នេះ គឺ​ជា​វេទិកា​ដែលមានក្រុមហ៊ុនចំនួន១៥០ក្រុមហ៊ុន បាន​ជួប និង​ពិភាក្សាគ្នាសិក្សាអំពីកញ្ចប់ទស្សនកិច្ច សក្ដានុពលទេសចរណ៍ និងផលិតផលទេសចរណ៍រវាងប្រទេសទាំង២ ដើម្បីស្វែងរកដៃគូសហកាក្នុងការនាំភ្ញៀវទេសចរទៅដើរកម្សាន្តនាពេលខាងមុខ។

លោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ជា​អ្នក​ដឹកនាំ​រៀប​ចំ​កម្មវិធី​ "Cambodia Tourism Roadshow" បានឱ្យដឹងថា កម្មវិធីនេះ សំដៅផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហការល្អរវាងផ្នែកឯកជនកម្ពុជា-ហ្វីលីពីន ឱ្យបង្កើនការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជាលើទីផ្សារហ្វីលីពីន។

ជាមួយ​គ្នា ក៏​ជាការផ្សព្វផ្សាយអំពីការបើកដំណើរការទិដ្ឋាការពេលមកដល់ (Visa On Arrival) សម្រាប់អ្នកដំណើរពីបរទេសចូលមកកម្ពុជាតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ការលើកលែងលិខិត PCR Test អវិជ្ជមាន៧២ម៉ោងមុនធ្វើដំណើរ ការលើកលែងធ្វើតេស្តរហ័សពេលមកដល់ និងការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈទូទាំងប្រទេស ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) របស់កម្ពុជា។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA-CC) ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី​ខាង​លើនេះ បានឱ្យដឹងថា តាមរយៈកម្មវិធី Tourism Roadshow នេះ កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសហ្វីលីពីន និងតំបន់ជុំវិញ ខណៈការចេញក្រៅប្រទេសរបស់ប្រជាជនហ្វីលីពីនក៏មានច្រើនណាស់ដែរ។

លោក បានបន្តថា ការរៀបចំកម្មវិធីនេះឡើងគឺពិតជាស្របទៅនឹងការរកដំណោះស្រាយជួយគ្នាទៅវិញទៅមករវាងប្រទេសក្នុងតំបន់អាស៊ានក្នុងបរិបទជំងឺសកល និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី-អ៊ុយក្រែន។ លោក​ថា ប្រទេសជាសមាជិកអាស៊ានមិនអាចរំពឹងភ្ញៀវអន្តរជាតិក្រៅតំបន់បានច្រើនដូចមុនទៀតទេ ដូច្នេះ​អាស៊ានខ្លួនឯងត្រូវតែកសាងសុភមង្គលរួម កសាងពាណិជ្ជកម្មរួម ក្នុងបរិបទថ្មីក្នុងសកលលោកនេះ។

កម្មវិធី Cambodia Tourism Roadshow បាន​ធ្វើឡើងចាប់ពីថ្ងៃទី៣-៧ ខែឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង Cambodia’s Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination»។

តាមរយៈកម្មវិធី Cambodia's Tourism Roadshow នេះ កម្ពុជា​រំពឹង​ថា នឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនហ្វីលីពីនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើងវិញក្នុងនិងក្រោយវិបត្តិកូវីដ-១៩។ សកម្មភាពនេះ គឺធ្វើឡើងស្របតាមស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលបានជំរុញឱ្យប្រទេសសមាជិកអាស៊ានពិចារណាក្នុងការបើកវិស័យទេសចរណ៍ឡើងវិញ ដោយផ្តើមពីចលនាទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN Travelers) និងស្របតាមផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាផែនការយុទ្ធសាស្រ្តបើកទទួលទេសចរវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ប្រភព៖ cambodiayouthtourism

អត្ថបទ៖ ទារិកា

មតិយោបល់