• 2022-06-01 04:48:05
  • ព័ត៌មាន

ចូល​ចិត្ត​ទេសចរណ៍ តាម​ដាន! នេះ​គឺ​សេនារីយ៉ូ ៣ ចង្អុល​បង្ហាញ​ពី​វិស័យ​ទេសចរណ៍​ពិភព​លោក​នា​ពេល​ខាង​មុខ!

  • 2022-06-01 04:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យ​ទេសចរណ៍​ជា​ឧស្សាហកម្ម​គ្មាន​ផ្សេង និង​ជា​វិស័យ​អាទិភាព​មួយ​របស់​កម្ពុជា​ក្នុង​ការ​ស្រូប​យក​ប្រាក់​ចំណូល​ចូល​ក្នុង​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​រដ្ឋ នេះ​និយាយ​ដោយ​ឡែក។ និយាយ​ជា​រួម ទេសចរណ៍​ក៏​ជា​ចំណុច​អាទិភាព​របស់​ប្រទេស​ជា​ច្រើន ក៏​ដូច​ជា​ពិភព​លោក ហើយ​វា​មាន​កំណើន​រាល់​ៗ​ឆ្នាំ។ ប៉ុន្តែ​វិស័យ​នេះ ត្រូវ​វាយ​ឲ្យ​បាក់​ស្បាត​ដោយ​សារ កូវីដ១៩ ក្នុង​ឆ្នាំ ២០២០ និង ២០២១។

សម្រាប់​កម្ពុជា បើ​មើល​និន្នការ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចាប់​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៩ បង្ហាញ​ថា វិស័យ​ទេសចរណ៍​កម្ពុជា មាន​អាត្រា​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កើន​ជា​មធ្យម ១២% និង​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​កើន ៤,៦%។ ប៉ុន្តែ​ឆ្នាំ ២០២០ ដែល​ជា​ឆ្នាំ មេរោគ​កូវីដ១៩ រីករាល​ដាល​ជា​សកល ទេសចរណ៍​កម្ពុជា​ធ្លាក់​យ៉ាង​គំហុក។ នេះ​បើ​តាម​កម្រង​ឯកសារ "រាជរដ្ឋាភិបាលកម្ពុជា ផែនទីចង្អុល​ផ្លូវ" ស្ដី​ពី​ផែនការស្ដារវិស័យទេសចរណ៍កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិកូវីដ១៩។

តាម​តារាង​និន្នាការ​នៃ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្ពុជា(២០១០-២០២០) ដោយ​ស្រង់​យក​តែ​របាយការណ៍​ក្នុង​ឆ្នាំ ២០២០ បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ដល់​ទៅ ១ ៣០៦ ១៤៣នាក់​ស្មើ -៨០.២%។ ដោយ​ឡែក​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ធ្លាក់​ចុះ ៩ ០៤១ ៥៩៥នាក់​ស្មើ​នឹង -២០,១%។

គិត​ជា​សរុប វិស័យ​ទេសចរណ៍​កម្ពុជា ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​ចំនួន ១០ ៣៤៧ ៧៣៨​នាក់​ស្មើ​នឹង-៤២,៣%។ សម្រាប់​វិស័យ​ទេសចរណ៍​ពិភព​លោក តាម​អង្គការ​ទេសចរណ៍​ពិភព​លោក ការ​ធ្វើ​ដំណើរ​ទេសចរណ៍​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ក្នុង​អត្រា -៧៤% នៅ​ឆ្នាំ ២០២០។ ដូច្នេះ​ក្រោយ​ស្ថានភាព​ឆ្នាំ ២០២០ នោះ ស្ថានភាព​ទេសចរណ៍​អន្តរជាតិ​បែប​ណា​ខ្លះ?

អង្គការ​ទេសចរណ៍​ពិភព​លោក បាន​ធ្វើ​ការ​វិភាគ និង​ព្យាករណ៍​ដើម្បី​ឆ្លុះ​បញ្ចាំង​អនាគត​វិស័យ​ទេសចរណ៍​ពិភព​លោក​តាម​ សេណារីយ៉ូ​ចំនួន ៣៖

-សេណារីយ៉ូ​ទី១៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​ងើប​ឡើង​វិញ​នៅ​ឆ្នាំ ២០២១ ហើយ​បន្ត​កើន​ឡើង​ដោយ​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ​ដូច​កាល​ឆ្នាំ ២០១៩ ក្នុង​រយៈ​ពេល ២ឆ្នាំ​កន្លះ(ពាក់​កណ្ដាល​ឆ្នាំ ២០២៣)។ នេះ​ដោយ​សារ​ឥទ្ធិពល​នៃ​វ៉ាក់សាំង​កូវីដ១៩ បាន​រុញ​ដោល​ឲ្យ​មាន​កំណើន​តម្រូវ​ការ​នៃ​ការ​ធ្វើ​ដំណើរ​មាន​ការ​កើន​ឡើង​ខ្លាំង​យ៉ាង​គំហុក ព្រម​ជាមួយ​ការ​ដក​គោល​នយោបាយ​រឹតត្បិត​ពី​ប្រទេស​នានា និង​ការ​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​ដំណើរ​ឡើង​វិញ​ជា​ដើម​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២១។

-សេណារីយ៉ូ​ទី២៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​ងើប​ឡើង​វិញ​នៅ​ឆ្នាំ ២០២១ តែ​មាន​ការ​អូសបន្លាយ​រហូត​ដល់ ៣​ឆ្នាំ ទើប​ត្រឡប់​ទៅ​កម្រិត​ឆ្នាំ ២០១៩(នៅ​ចុង​ឆ្នាំ ២០២៣)

-សេណារីយ៉ូ​ទី៣៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​ងើប​ឡើង​វិញ​នៅ​ឆ្នាំ ២០២១ តែ​មាន​ការ​ភាពយឺតយ៉ាវ​ជាង​សេណារីយ៉ូ​ទី១ និង​ទី២ ដោយ​សារ​ការ​ដក​គោល​នយោបាយ​រឹតត្បិត​នានា​នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ធ្វើ​ឲ្យ​សេណារីយ៉ូ​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ត្រឡប់​ទៅ​រក​កម្រិត​ឆ្នាំ ២០១៩ វិញ​នៅ​ក្នុង​រយៈ​ពេល​៤ឆ្នាំ(នៅ​ចុង​ឆ្នាំ ២០២៤)៕

អត្ថបទ៖ ទារិកា

មតិយោបល់