• 2022-06-09 05:11:56
  • ព័ត៌មាន

ឯកឧត្តម អ្នក​ឧកញ៉ា លោក​ជំទាវ​ច្រើន​ណាស់ ចូល​រួម​បើក​សម្ពោធ​ក្រុមហ៊ុន​ជួយ​យុវជន​រក​ការងារ​ធ្វើ

  • 2022-06-09 05:11:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​យប់​មិញ​នេះ មាន​ឯកឧត្តម ឧកញ៉ា អ្នក​ឧកញ៉ា លោក​ជំទាវ ជា​ច្រើន​ណាស់​ណាស់ បាន​បង្ហាញ​វត្តមាន​បើក​សម្ពោធ​ក្រុមហ៊ុន​ជួយ​យុវជន​រក​ការងារ​ធ្វើ ដែល​មាន​ឈ្មោះ​ថា​ក្រុមហ៊ុន MR Training and Job Center។

វត្តមាន​ភ្ញៀវ​កិត្តិយស​យប់​មិញ​នេះ​មាន​ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក​ជំទាវ យឹម ឆៃលីន អ្នក​ឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន WorldBridge Group  អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន​ក្រុមហ៊ុន​ឡេង ណាវ៉ាត្រា​គ្រុប អ្នកឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប ជា​ដើម។

តាម​ព័ត៌មាន​ក្រុមហ៊ុន MR Training and Job Center គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហប្រតិបត្តិការ​រវាង​អ្នក​ឧកញ៉ា សៀ ឬទ្ធី និង​លោក​ជំទាវ យឹម ឆៃលីន មាន​បេសកកម្ម​អភិវឌ្ឍន៍​ធនធាន​មនុស្ស និង​ពង្រីកឱកាស​ការងារ​ដល់​យុវជន ក៏​ដូច​ជា​ជួយ​ក្រុមហ៊ុន​តូច​ធំ​នានា ដោះ​ស្រាយ​លើ​បញ្ហា​ធនធាន​មនុស្ស សំដៅ​លើក​កម្ពស់​កម្ពស់​សេដ្ឋកិច្ចជាតិ​តាម​រយៈ​សមត្ថភាពយុវជន។

តាម​លោក ជំទាវ ងួន សូនី នាយិកា​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន បាន​ឲ្យ​ដឹង​ថា MR Training and Job Center មាន​សេវាកម្ម​ចំនួន ៤ គឺ៖ ទី​១សេវា​ជ្រើសរើស​បុគ្គលិក ទី​២បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ៣.ការ​ស្រាវ​ជ្រាវ​ទី​ផ្សារ និង​ការ​ប្រមូល​ទិន្នន័យ និង​ទី​៤.ការ​គាំទ្រ​ព្រឹត្តិការណ៍​ធំ​ៗ ជាមួយ​នឹង​បុគ្គលិក​បណ្ដោះ​អាសន្ន។

ទី​នេះ​មិន​គ្រាន់​តែ​ជា​កន្លែង​ផ្ដល់​សេវាកម្ម​ធនធាន​មនុស្ស ប៉ុន្តែ​ក៏​ជា​វេទិកា​អភិវឌ្ឍ​សមត្ថភាព និង​អាជីព​ការងារ​តាម​វិធី​សាស្ត្រ​ថ្មី ដែល​គាំទ្រ​ដោយ​បច្ចេកវិទ្យា AI។ លោក​ជំទាវ ងួន សូនី ឲ្យ​ដឹង​ថា ​បច្ចេកវិទ្យា AI នេះ នឹង​ជួយ MR ក្នុង​ការ​គ្រប់​គ្រង​ទិន្នន័យ និង​តាមដាន​អំពី​ប្រតិបត្តិការ​នៃ​ការ​ជ្រើសរើស​បុគ្គលិកដែល​ជួយ​សម្រួល​ដល់​ការ​ចាត់​ថ្នាក់ និង​រក្សា​ទិន្នន័យ។

បន្ថែម​ពី​លើ​នេះ AI ក៏​នឹង​ជួយ​សិក្សា​ពី​តម្រូវ​ការ​របស់​និយោជក និង​គុណ​សម្បត្តិ​របស់​និយោជិត ហើយ​ផ្គូរផ្គង​ពួក​គេ ដែល​ធានា​ដល់​ការ​សិក្សា​បន្ថែម​មាន​ភាព​ងាយ​ស្រួល និង​កាន់​តែ​មាន​ប្រសិទ្ធភាព។​

តាម​ការ​ស្រាវ​ជ្រាវ​ដោយ​ការ​ស្ទង់​មតិ បច្ចុប្បន្ន​កម្ពុជា​មាន​យុវជន​ប្រមាណ​ជាង ២០០០នាក់ ដែល​បាន​កំពុង​សិក្សា និង​បញ្ចប់​ការ​សិក្សា ខណៈ​ដែល​ពួក​គេ​មាន​ជំនាញ​ផ្សេង​ៗ​គ្នាដូច​ជា ជំនាញ​គណនេយ្យ រដ្ឋបាល អភិវឌ្ឍធនធាន​មនុស្ស ទីផ្សារ ផ្នែក​លក់ ច្បាប់ និង​ផ្នែក​ផ្សេង​ៗ​ទៀត ​ហើយ​ពួក​គេ​ទាំង​នោះ កំពុង​ស្វែង​រក​ការងារ​ធ្វើ។

​នេះ​ជា​បញ្ហា​នៅ​ចន្លោះ​និយោជិត និង​និយោជក។អ្នក​ឧកញ៉ា សៀ ឬទ្ធី សហស្ថាបនិក​ក្រុមហ៊ុន MR Training and Job Center បាន​មាន​ប្រសាសន៍​ថា​ឲ្យ​ដឹង​ថា នាម​ជា​ធុរជន​ម្នាក់ អ្នក​ឧកញ៉ា​ផ្ទាល់ ក៏​ដូច​ជា​ធុរជន​ផ្សេង​ទៀត គឺ​មាន​បញ្ហា​តែ​មួយ​ដូច​គ្នា គឺ​បញ្ហា​ធនធាន​មនុស្ស។ ត្រង់​ចំណុច​នេះ មិន​មែន​ដោយ​សារយុវជន​កម្ពុជា​មិន​មាន​ធនធាន​ល្អនោះ​ទេ ប៉ុន្តែកម្ពុជា មាន​ធនធាន​យុវជន​ដ៏​ស្វាហាប់​ជា​ច្រើន អ្វី​ដែល​ពួក​គេ​ខ្វះ គឺ​ការ​បណ្ដុះបណ្ដាល​ឲ្យ​ក្លាយ​ជា​ធនធាន​មួយ​ប្រកប​ដោយ​គុណភាព។ ដូច្នេះ​ហើយ MR នឹង​ចូល​មក​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​កាត់​បន្ថយ​គម្លាត​បញ្ហា​ភាគី​ទាំង​សងខាង។

​​បន្ថែម​ពី​លើ​ប្រសាសន៍​​អ្នក​ឧកញ៉ា សៀ ឬទ្ធី លោក​ជំទាវ យឹម ឆៃលីន អគ្គនាយិកា បាន​មាន​ប្រសាសន៍​ថា MR Training and Job Center នឹង​ជួយ​និយោជក​ឲ្យ​បាន​ជួប​ជាមួយ​និយោជិត​ប្រកប​ដោយ​​គុណភាព ហើយ​បេសកម្ម​នេះ មិន​ត្រឹម​តែ​លើក​កម្ពស់សមត្ថភាព ក៏​ដូច​ជា​ទី​ផ្សារ​ការងារ​ក្នុង​ស្រុក​របស់​និយោជិត​​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គោលដៅ​របស់ MR ក៏​ដើម្បី​រុញ​ពួក​គេ​ដល់​កម្រិត​សម្រាប់​ទីផ្សារ​ការងារ​ក្រៅ​ស្រុក​ថែម​ទៀត។

MR Training and Job Center មាន​ទី​តាំង​នៅ​ក្នុង​អគារ Campus ក្បែរ​ច្រមុះ​ជ្រូក​ក្បាល​ថ្នាល់។ នៅ​ក្នុង​ការ​ចាប់​ផ្ដើម​នៃ​បេសកកម្ម​របស់​ខ្លួន ក្រុមហ៊ុន​អភិវឌ្ឍ​ធនធាន​មនុស្ស​ថ្មី​នេះ បាន​ច្បិច​យក​បញ្ហា​តូច​មួយ​នៅ​បរិបថ​ការងារ​មក​ធ្វើ​ជា​ដំណោះស្រាយ នោះ​គឺ​ការ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​តំណែង និង​ការងារ​កម្រិត​បឋម​ ដែល​លោក​ជំទាវ ងួន សូនី អះអាង​ថា ​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​បុគ្គល​គ្រប់​គ្នា។ "នាង​ខ្ញុំ​ជឿជាក់​ថា ម្នាក់​ៗសុទ្ធ​តែ​ចាប់​ផ្ដើម​ការងារ​ពី​កម្រិត​ដំបូង ហើយ​តំណែង​នេះ​ជា​អ្នក​អនុវត្ត ក៏​ដូច​ជា​ប្រតិបត្តិ ជា​អ្នក​ឈរ​នៅ​ជួរ​មុខជាមួយ​អតិថិជន​របស់​លោក​អ្នក។ ដូច្នេះ​ពួក​គាត់​ពិត​ជា​សំខាន់​ណាស់...!"៕

អត្ថបទ៖ ទារិកា

មតិយោបល់