• 2022-06-12 02:48:42
  • ព័ត៌មាន

ខួប​ឯករាជ្យហ្វីលីពីន​លើក​ទី ១២៤ ​ដាក់​បង្ហាញ​មកុដ​ធ្វើ​ដោយ​កម្ពុជា​តម្លៃ ១៨ម៉ឺនដុល្លារ

  • 2022-06-12 02:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សភាពាណិជ្ជកម្ម​ហ្វីលីពីន​ប្រចាំ​នៅ​កម្ពុជា បាន​សហការ​ជាមួយ​ភាគី​កម្ពុជា រៀប​ចំ​កម្មវិធី​ធំ​មួយ​ដើម្បី​អបអរ​ថ្ងៃ​ពិសេស​របស់​ខ្លួន ប៉ុន្តែ​បាន​ដាក់​បង្ហាញ​មកុដ​បវកញ្ញា​ច្នៃ​ដោយ​កម្ពុជា​មាន​តម្លៃ​ដល់​ទៅ ១៨ម៉ឺន​ដុល្លារ​អាមេរិក។

លោក​ស្រី BENILDA FERNANDO ប្រធាន​សភា​ពាណិជ្ជកម្ម​ហ្វីលីពីន​ប្រចាំ​នៅ​កម្ពុជា

កម្មវិធី​នេះ​ត្រូវ​បាន​ប្រសិទ្ធនាម​ថា កម្មវិធី​រាត្រី MAHALIKA ឬ MAHALIKA Night។លោក​ស្រី BENILDA FERNANDO ប្រធាន​សភា​ពាណិជ្ជកម្ម​ហ្វីលីពីន​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​មាន​មោទកភាព​ដែល​បាន​រៀប​​ចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ជាមួយ​កម្ពុជា បង្ហាញ​ពី​ចំណង​ទាក់​ទង​រវាង​ប្រទេស​ទាំង​ពីរ។ ជាក់​ស្ដែង នេះ​ក៏​ជា​ពិធី​ដើម្បី​អបអរ​ខួប​លើក​ទី ៦៥ នៃ​មិត្តភាព​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋហ្វីលីពីន​ផង​ដែរ និង​សង្ឃឹម​ថា​វា​នឹង​មាន​ជា​រៀងរាល់ឆ្នាំ។

កម្មវិធី​រាត្រី MAHALIKA មាន​កម្មវិធី​២​ធំ​ៗទៀត​ នោះ​គឺ​ជា​ការ​អបអរ​ខួប​បុណ្យ​ឯករាជ្យភាព​លើក​ទី ១២៤​របស់​ហ្វីលីពីន។ មួយ​កម្មវិធី​ទៀត គឺ​ជា​ការ​ដាក់​បង្ហាញមកុដ​បវរកញ្ញា Miss Universe ដែល​ផលិតឡើង​ក្រោម​ការ​ឧបត្ថម្ភ​របស់​ហាង​ពេជ្រ CSNJ Samnag Jewelry។

មកុដ​មាន​តម្លៃ​ដល់​ទៅ ១៨ម៉ឺន​ដុល្លារ​អាមេរិក ធ្វើឡើង​ពី​ពេជ្រ និង​ត្បូង​រតនគីរី​របស់​ខ្មែរ ទុក​សម្រាប់​បំពាក់​ជូន​ជយលាភី Miss Universe Cambodia 2022 ។ លោក ជិន សំណាង ​នាយកគ្រប់គ្រង​ហាង​ពេជ្រ​ខាង​លើ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​ចំណាយ​ពេល​ជាង ៣ខែ​សម្រាប់​​តម្លើង​មកុដ​មួយ​នេះ​ឡើង ក្នុង​ហេតុផល​ចង់​លើក​មោទកភាព​របស់​បេក្ខភាព​របស់​កម្ពុជា។

លោក​លើក​ឡើង​ថា រៀង​រាល់​ឆ្នាំ​លោក​តែង​តាម​ដាន​កម្មវិធី​ប្រកួត​បវរកញ្ញា​នានា ហើយ​ក្នុង​ចិត្ត​រំពឹង​ចង់​ឃើញ​មោទកភាព​របស់​កម្ពុជា ប៉ុន្តែ​ឆ្នាំ​ណា​លឺ​តែ​បេក្ខនារី​ប្រទេស​ផ្សេង។ ដោយ​ឡែក​ឆ្នាំ​នេះ លោក​បាន​ឃើញ​ពី​ការ​រីកចម្រើន​នៃ​សមត្ថភាព​របស់​បេក្ខនារី​កម្ពុជា។ ដូច្នេះ​ហើយ លោក​សង្ឃឹម​ថា ពួក​គេ​នឹង​ធ្វើ​បាន​ល្អ។

ជា​អ្នក​លើក​ទឹក​ចិត្ត​ម្នាក់ លោក​សម្រេច​ចូល​រួម​ឧបត្ថម្ភ​បង្កើត​មកុដ​ដ៏​មាន​តម្លៃ​នេះ​ឡើង សម្រាប់​បំពាក់​ជូន​បេក្ខភាព​ជយលាភី​តំណាង​កម្ពុជា ទៅ​ចូល​រួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​បន្ត​ទៀត។ “ប្អូន​ៗ​ត្រូវ​ប្រឹង​ឲ្យ​អស់​លទ្ធភាព ទី​១ដើម្បី​ខ្លួន​ឯង ដើម្បី​គ្រួសារ និង​ទី៣​ដើម្បី​មុខ​មាត់​ប្រទេស​ជាតិ​ផង"។ លោក ជិន សំណាង ថ្លែង។

លោក​ជំទាវ ហ៊ុន ស៊ីណាន ដែល​ធ្វើ​អធិបតី បាន​កោតសរសើរ​ពី​សមត្ថភាព​របស់​បេក្ខភាព​កម្ពុជា​ដូច​គ្នា ហើយ​ថា លោក​ជំទាវ​សូម​លើក​ទឹក​ចិត្ត ឲ្យ​ក្មួយ​ៗបេក្ខភាព​ប្រឹង​ប្រែង​ឲ្យ​អស់លទ្ធភាព​ដើម្បី​មោទកភាព​របស់​ជាតិ​យើង។

ជាមួយ​គ្នា​នឹង​ការ​អបអរ​ពិធី​ពិសេស​របស់​ហ្វីលីពីន និង​ការ​ដាក់​បង្ហាញ​មកុដ កម្មវិធី​ក៏​​មាន​ការ​បង្ហាញ​បេក្ខភាព Miss Universe Cambodia ទាំង ២០រូប និង​ការ​សម្ដែង​ពិសេស​របស់​ក្រុម​សិល្បករ​ហ្វីលីពីន​ផង៕

អត្ថបទ៖ ទារិកា

មតិយោបល់